Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​៖ ​គណៈសង្ឃ​នាយក​ទាំងពីរ​គណៈ​នៃ​ខេត្ត​ស្វាយរៀង​បន្ត​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​លើ​វិស័យ​សាសនា



ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​នូវ​ការ​សំណូមពរ​ដល់​ព្រះ​ស​ង្ឃ​ទាំងពីរ​គណៈ​ បន្ត​ដោះស្រាយ​នូវ​បញ្ហា​ដែល​កើតឡើង​ចំពោះមុខ​លើ​វិស័យ​សាសនា​។​



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ ​ខណៈ​បាន​អញ្ជើញ​ជា អធិបតី ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស លើក​ទី ២៦ ប្រគេន​-​ជូន​ដល់​មន្ត្រី​សង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ដ ក្នុង​ខេត្តស្វាយរៀង រសៀល​ថ្ងៃ​ពុធ ១៥​កើត ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។



​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​មានប្រសាសន៍​ថា រយៈពេល​កន្លងមក​គណៈសង្ឃ នាយក​ទាំងពីរ​គណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ក​លទ្ធភាព​គ្រប់បែបយ៉ាង ធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​កាន់​តែ​មាន​ជំនឿ​ជឿជាក់​ពី​ប្រជាពលរដ្ឋ​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ និង​បាន​រួម​ចំណែក អភិវឌ្ឍន៍​សង្គម​ទាំង​ខាង​ផ្នត់គំនិត គឺ​ការអប់រំ​សីលធម៌ ចរិយា​ធម៌ គុណធម៌ សុជីវធម៌ ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម ចំណែក​កសាង​នូវ​សមិទ្ធផល​នានា​ជាច្រើន​ដូចជា ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ​ជាដើម​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​សំណូមពរ គណៈសង្ឃ​នាយក​ទាំងពីរ​គណៈ នៃ​ខេត្តស្វាយរៀង ត្រូវ​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ដែល​កើតមាន ក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង​នាំគ្នា​ដោះស្រាយ​ចំពោះមុខ​។ លោកជំទាវ​ក៏បាន បន្ថែម​ថា ការ​ពង្រឹង​គុណភាព​លើ​អភិបាលកិច្ច គ្រប់​លំដាប់​ថ្នាក់​ក្នុង​ជួរ​មន្ត្រី​សង្ឃ ត្រូវ​ផ្សារភ្ជាប់ និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឲ្យ​កិច្ចការ​ពុទ្ធសាសនា មាន​សណ្តាប់ធ្នាប់​ល្អ ធានា​បាន​នូវ​សាមគ្គីភាព​ក្នុង​ជួរ​ពុទ្ធសាសនិកជន ជា​ប្រការ​សំខាន់បំផុត​។



“​ពុទ្ធសាសនិកជន ទាំងអស់ មេត្តា​ចូលរួម​បំពេញ​កុសល​ទាំងឡាយ ដើម្បី​ជា​គុណប្រយោជន៍ ដល់​ការថែរក្សា ការពារ​សេចក្តី​សុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាង​ជាតិ ឆ្ពោះទៅរក​សេចក្តី​ថ្កុំថ្កើង​រុងរឿង សម្បូរ​សប្បាយ​តរៀង​ទៅ​” សម្រាប់​ប្រទេស​កម្ពុជា​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu