ដោយមើលឃើញពីភាពជោគជ័យនៃសេវាកម្មហិរញ្ញវត្ថុចល័ត រួមមានការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និង ទូទាត់វិក្កយបត្រ ធនាគារឯកទេសវីង មានសេចក្តីរំភើបរីករាយក្នុងការដាក់ឲ្យដំណើរការភ្នាក់ងារវីងមីនី។
អតីតភ្នាក់ងារវីងភ័ញទាំង ២000 នាក់ដែលផ្តល់សេវាកម្មបញ្ចូលទឹកប្រាក់ទូរស័ព្ទ និងទូទាត់វិក្កយបត្រ នឹងត្រូវបានគេហៅថា វីងមីនី ចាប់ពីថ្ងៃនេះតទៅ។ ការផ្លាស់ប្តូរនេះ នឹងជួយចូលរួមចំណែកបង្កើនចំណូលបន្ថែម សម្រាប់ភ្នាក់ងារវីងទាំងអស់ ពីការផ្តល់ជូនសេវាកម្មពីរថ្មីទៀត មានដូចជាការបង្កើតគណនី និងដាក់ប្រាក់ចូលគណនីវីង។
វីងមីនី ត្រូវបានចាត់ជាភ្នាក់ងារវីងតូច ដែលផ្តោតលើសេវាកម្មបញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយបត្រទឹកភ្លើងឬប្រាក់កម្ចី បើកគណនី និងដាក់ប្រាក់ចូលគណនីវីង។ ភ្នាក់ងារវីង មីនី អាចជាតូបលក់ទំនិញជិតខាងផ្ទះរបស់អ្នក ដែលលក់របស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។ អតិថិជនក៏អាចហៅ វីងមីនី ជាភ្នាក់ងារវីង ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុចល័តទូទៅ លើកលែងសេវាកម្មផ្ទេរប្រាក់។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានថ្លែងអំណរគុណដល់ភ្នាក់ងារ វីងមីនី ទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តរបស់វីង ទោះបីជាពួកគាត់រកបានចំណូលតិចតួចពី របរលក់ទំនិញតូចតាចនៅពីមុខផ្ទះ ឬនៅតាមផ្លូវសាធារណៈជាដើម។
លោក ម៉ាឡូឡូស បានមានប្រសាសន៍ថា “យើងពិតជាកោតសរសើរចំពោះស្មារតី និងការតាំងចិត្តខ្ពស់របស់ភ្នាក់ងារវីងមីនី ក្នុងការផ្តល់ជំនឿចិត្ត និងចូលរួមជាមួយពួកយើង ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាមរយៈប្រព័ន្ធអេកូស៊ីស្ទែម នៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។ វាជាទំនួលខុសត្រូវរបស់វីង ក្នុងការធានាថា ដៃគូអាជីវកម្មរបស់យើងរីកចម្រើនជាមួយយើង ហើយវីងមីនី គឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើន។”
លោកស្រី ករ ចេតនា ភ្នាក់ងារវីងមីនីម្នាក់ ដែលមានទីតាំងលក់នៅជិតផ្សារអូរឬស្សីបានប្រាប់ថា ចំនូលដែលនាងរកបានពីការផ្តល់សេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័តរបស់វីង ពិតជាបានចូលរួមចំនែកជាច្រើន ក្នុងការរីកចម្រើនមុខរបរលក់ទូរស័ព្ទរបស់គាត់។
លោកស្រី ចេតនា មានប្រសាសន៍បន្ថែមថា “តាមរយៈចំណូលដែលរកបានពីការផ្តល់ជូនសេវាកម្មរបស់វីង ក្នុងរយៈពេល ពីរឆ្នាំនេះ ខ្ញុំអាចមានលទ្ធភាពក្នុងការពង្រីករបរលក់ទូរស័ព្ទដៃរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចមានលទ្ធភាពផ្តល់ សេវាកម្មវីង រឹតតែច្រើនទៅៗនាថ្ងៃអនាគត។”
វីងមីនី ត្រូវបានបង្កើតឡើងក្នុងគោលបំណងខិតកាន់តែជិតអតិថិជន និងផ្តល់សេវាកម្មប្រហាក់ប្រហែលនឹង សេវាកម្មដែលផ្តល់ជូនដោយភ្នាក់ងារវីងខាសអ៊ិចប្រេស។ ភ្នាក់ងារវីងខាសអ៊ិចប្រេស នឹងនៅតែជាទីតាំងដែលផ្តល់សេវាកម្មផ្ទេរប្រាក់ និងទទួលប្រាក់នៅគ្រប់ទីកន្លែងទូទាំងប្រទេស ខណៈដែលវីងមីនី នឹងនៅជិតលោកអ្នក សម្រាប់សម្រួលដល់ការបង់ថ្លៃវិក្កយបត្រ រួមមានវិក្កយបត្រទឹកភ្លើង អ៊ីនធឺណេត ទូរទស្សន៍ខ្សែកាប និងថ្លៃចំណាយជាច្រើនទៀត។ ភ្នាក់ងារវីងមីនី ក៏មានផ្តល់សេវាបង់ប្រាក់កម្ចីជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងអាជីវកម្មនានានៅក្នុងប្រទេសផងដែរ។ អតិថិជនក៏អាចបើកគណនីវីង តាមរយៈវីងមីនីផងដែរ ពេលគេចង់ប្រើប្រាស់គណនីវីង សម្រាប់ធ្វើប្រតិបត្តិការផ្សេងៗ។ សម្រាប់អតិថិជនដែលមានគណនីវីង និងគណនីគ្មានកាត ពួកគាត់ក៏ស្វែងរកសេវាដាក់ប្រាក់ពីវីងមីនីផងដែរ។
អតិថិជនអាចស្វែងរកសេវាកម្មដែលផ្តល់ជូនដោយវីងមីនី ដោយគ្រាន់តែស្វែងរកស្លាកសញ្ញាវីងមីនី នៅលើជញ្ជាំង ឬផ្ទាំងផ្សព្វផ្សាយ ដែលមាននៅតាមតូបលក់ទំនិញដែលនៅជិតផ្ទះ ហាងលក់ទូរស័ព្ទ រទេះរុញលក់ចំណីអាហារ ឬកន្លែងនានា៕
Source: Kampuchea Thmey Daily
0 Comments