សមត្ថកិច្ច អាជ្ញាធរខណ្ឌឫស្សីកែវ និងប្រជាពលរដ្ឋជាង១០០នាក់ កំពុងប្រឈមមុខដាក់គ្នា
ភ្នំពេញ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង រវាងអាជ្ញាធរ សមត្ថកិច្ចខណ្ឌឫស្សីកែវជាង១០០នាក់ ជាមួយប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។
ការឈមមុខដាក់គ្នានេះកើតឡើងនៅពេល ដែលអាជ្ញាធរ សមត្ថកិច្ច ខណ្ឌឫស្សីកែវ ចុះអនុវត្តសាលក្រមលើដីទំនាស់មួយកន្លែង មានទំហំជាង១ហិកតា ដែលសាលាដំបូងរាជធានីភ្នំពេញ កាត់ក្ដីឲ្យលោកស្រីលឹម វណ្ណ ឈ្នះក្ដីលើលោក មាស សាវឿន មន្ត្រីក្រសួងយុត្តិធម៌។
សេចក្ដីរាយការណ៍បន្តថា ខណៈពេល សមត្ថកិច្ច អាជ្ញាធរខណ្ឌឫស្សីកែវចុះអនុវត្តសាលក្រម វាស់វែងដីនេះឲ្យភាគីឈ្នះក្ដីនោះ ក៏មានប្រជាពលរដ្ឋជាង១០០នាក់ បានមករារាំង។ ឆ្លើយតបនឹងស្ថានការណ៍ដ៏តានតឹងនេះ អាជ្ញាធរខណ្ឌ សមត្ថកិច្ច ខណ្ឌឫស្សីកែវ កំពុងកេណ្ឌកម្លាំងថែមទៀតដើម្បីឲ្យការអនុវត្តទទួលបានជោគជ័យ៕
Source: Kampuchea Thmey Daily
0 Comments