ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថារាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់នូវការគាំទ្រដល់ពលករ និងក្រុមគ្រួសារ មិនដូចបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលប្រឆាំងមួយចំនួន តែងតែនិយាយភូតកុហក តាំងខ្លួនជាអ្នកជួយពលករ តែតាមពិតបោកប្រាស់ប្រជាពលរដ្ឋខ្មែរទាំងនោះ ឱ្យប្រឆាំងស្អប់ខ្ពើមរាជរដ្ឋាភិបាលដែលខំជួយប្រជាពលរដ្ឋពិតប្រាកដ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងឱកាសបានអញ្ជើញសួរសុខទុក្ខ និងសំ ណេះសំណាលជាមួយពលករខ្មែរកំពុងបម្រើការងារនៅរោងចក្រ KING PAC INDUSTRIAL CO.,LT D ស្ថិតនៅខេត្តឈុនបុរី ប្រទេសថៃ ដែលជារោងចក្រផលិតថង់ប្លាស្ទិកកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ដែលមានពលករកម្ពុជាធ្វើការនៅទីនោះមានជាង ១ពាន់នាក់។
លោករដ្ឋមន្ត្រីបានបន្តថា « តាមពិតពួកនេះមានគំនិតអាក្រក់ មិនទទួលស្គាល់តមៃ្លការងារ និងសិទ្ធិរបស់ពលករឡើយ ប្រើពាក្យប្រមាថពលករថា ជាខ្ញុំកញ្ជះគេ ជាវណ្ណៈថោកទាប ទម្លាក់កំហុសលើរដ្ឋាភិបាលដែលខំរកការងារជូនប្រជាពលរដ្ឋពិតប្រាកដ ដែលទាំងអស់នេះរាជរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបានឡើយ»។
លោករដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច ៧% អត្រាមានការងារធ្វើ ៩៩.៣% ជីវភាពប្រជាពលរដ្ឋធូរធារ ប្រាក់ខែមន្ត្រីរាជការមានការកើនឡើងជាបន្តបន្ទាប់ មានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ ថែទាំសុខភាព ព្យាបាលជំងឺមិនបាច់បង់ប្រាក់ ថ្លៃទឹកភ្លើងចុះថោក តម្លៃជួលផ្ទះមិនឡើងថ្លៃ កម្មការិនីឆ្លងទន្លេមានប្រាក់ឧបត្ថម្ភពី៤០ម៉ឺនរៀល ៨០ម៉ឺនរៀល និង១២០ម៉ឺនរៀល ហើយឆ្នាំ២០១៩ នឹងមានរបបចូលនិវត្តសម្រាប់កម្មករ-កម្មការិនី រីឯពលករនៅថៃក៏អាចមានរបបចូលនិវត្តនេះដែរ។
លោករដ្ឋមន្ត្រីបានកោតសរសើរពលករខ្មែរ ដែលរកប្រាក់ចំណូលជួយគ្រួសារ តាមរយៈកសាងជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិមួយឆ្នាំៗបានប្រមាណ ២ពាន់លានដុល្លារហើយពលករដែលចេះជំនាញពេលត្រឡប់ទៅវិញ នឹងមានការងារធ្វើ និងមានឱកាសកសាងប្រទេសថែមទាំងបានជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនធ្វើឲ្យ ប្រទេសទាំងពីរឈ្នះ-ឈ្នះទាំងអស់គ្នា។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានអំពាវនាវដល់ពលកររស់នៅ ធ្វើការងារ គោរពច្បាប់អនុវត្តតាមច្បាប់មានសុវត្ថិភាព ថែរក្សាសុខភាព ខំរៀនជំនាញដើម្បីអនាគត សាមគ្គីជួយគ្នាខ្មែរ និងខ្មែរ ខ្មែរ និងថៃសុំស្ថានទូតបន្តយកចិត្តទុកដាក់តាមដានដោះស្រាយរាល់បញ្ហានានា ស្របតាមច្បាប់នៃប្រទេសថៃ និងអនុស្សរណៈនៃការយោគយល់គ្នានៃប្រទេសទាំងពីរ។
សម្រាប់ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យទៅបោះឆ្នោតឱ្យគណបក្សប្រជាជនបានគ្រប់ៗគ្នា ដើម្បីគណបក្សបន្តដឹកនាំប្រទេស ឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕
Source: Kampuchea Thmey Daily
0 Comments