ក្រុមតាលីបង់បានបដិសេធបន្តបទឈប់បាញ់របស់ពួកគេហួសពីថ្ងៃអាទិត្យដែលជាហេតុបន្ថយក្តីសង្ឃឹមសម្រាប់សន្តិភាព បន្ទាប់ពីបរិយាកាសរីករាយអំឡុងពិធីបុណ្យ Eid នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការប្រកាសនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារអត្តឃាតមួយនៅភាគខាងកើតប្រទេសកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់នៅក្នុងហ្វូងមនុស្សដែលកំពុងប្រារព្ធពិធីបុណ្យមូស្លីមដែលវាជាការវាយប្រហារលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃដែលធ្វើឲ្យអន្តរាយដល់បទឈប់បាញ់គ្នាមិនធ្លាប់មានពីមុនមក។
អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Ashraf Ghani បានបង្ហោះ Twitter ថា រដ្ឋាភិបាលក្រុងកាប៊ុលបានពង្រីកបទឈប់បាញ់របស់ខ្លួនជាមួយពួកតាលីបង់ក្នុងរយៈពេល១០ថ្ងៃទៀតប៉ុន្តែបាននិយាយថា កងកម្លាំងសន្តិសុខនឹងការពារខ្លួនប្រសិនបើរងការវាយប្រហារ។
មេដឹកនាំអាហ្វហ្គានីស្ថានរូបនេះក៏បានស្នើសុំឲ្យក្រុមសកម្មប្រយុទ្ធបញ្ឈប់ការឈ្លានពានផងដែរប៉ុន្តែពួកតាលីបង់បាននិយាយថា ការប្រយុទ្ធគ្នានឹងចាប់ផ្តើមឡើងវិញ។
លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមនេះបានប្រាប់ AFP ក្នុងសារ WhatsApp ថា “បទឈប់បាញ់បានបញ្ចប់នៅយប់នេះហើយប្រតិបត្តិការរបស់យើងនឹងចាប់ផ្តើម។ យើងគ្មានបំណងពង្រីកបទឈប់បាញ់ទេ”។
ការប្រកាសនេះបានលើកឡើងពីក្តីព្រួយបារម្ភក្នុងចំណោមប្រជាជនអាហ្វហ្គានីស្ថានមួយចំនួនអំពីចំនួនពួកតាលីបង់ដែលបានទាញយកប្រយោជន៍ពីបទឈប់បាញ់នេះដើម្បីចូលទៅក្នុងទីក្រុងនានានៅទូទាំងប្រទេសរួមទាំងរដ្ឋធានីកាប៊ុលផងដែរហើយអាចនៅទីនោះជាបន្តទៀតនៅពេលបទឈប់បាញ់បញ្ចប់។
ក្រុមរដ្ឋឥស្លាមដែលមិនមែនជាផ្នែកនៃបទឈប់បាញ់នោះបានអះអាងថា ខ្លួនបានធ្វើការវាយប្រហារអត្តឃាតលើកទីពីររបស់ខ្លួនក្នុងរយៈពេលពីរថ្ងៃនៅក្នុងខេត្ត Nangarhar។
ប្រធានសុខភាពខេត្តលោក Najibullah Kamawal បានដាក់ចំនួនអ្នកស្លាប់ពីការផ្ទុះកាលពីថ្ងៃអាទិត្យក្នុងទីក្រុង Jalalabad នៅខាងក្រៅការិយាល័យរបស់អភិបាលខេត្ត Nangarhar ថាមានចំនួន១៨នាក់និង៤៩នាក់ទៀតរងរបួស។
លោក Kamawal បានបន្ថែមថា “អ្នករងរបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ហើយចំនួនអ្នកស្លាប់អាចកើនឡើង។
លោក Kamawal បានប្រាប់ AFP ថា កាលពីថ្ងៃសៅរ៍ ការវាយប្រហារអត្តឃាតទៅលើក្រុមតាលីបង់ កងកម្លាំងសន្តិសុខនិងជនស៊ីវិលនៅក្នុងខេត្តបានសម្លាប់មនុស្សយ៉ាងតិច៣៦នាក់និងរងរបួស៦៥នាក់។
បក្សពួកនៅអាហ្វហ្គានីស្ថានរបស់ក្រុមរដ្ឋឥស្លាមជាពិសេសនៅភាគខាងកើតបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments