ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាន “រៀបចំយ៉ាងល្អ” សម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ និងមានសក្តានុពលដ៏រឹងមាំមួយជាមួយលោក គីម ជុងអ៊ុន ក្នុងរយៈពេលប្រាំថ្ងៃខាងមុខនេះ ខណៈដែលលោកបង្ហើបពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយនិងសូម្បីតែដំណើរទស្សនកិច្ចទៅសេតវិមាននាពេលអនាគតដោយមេដឹកនាំកូរ៉េខាងជើង។
ខណៈពេលកំពុងទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅរដ្ឋធានីវ៉ាស៊ីនតោន, លោក ត្រាំ បានព្យាយាមលុបបំបាត់ការព្រួយបារម្ភអំពីកង្វះបទពិសោធការទូតឬការបរទេសរបស់គាត់ដែលកំពុងឈានទៅរកការចរចាថ្នាក់ខ្ពស់។
លោក ត្រាំ បានថ្លែងថា “ខ្ញុំត្រៀមខ្លួនបានយ៉ាងល្អ។ ខ្ញុំមិនគិតថា ខ្ញុំត្រូវត្រៀមខ្លួនច្រើននោះទេ។ វាជាឥរិយាបថ វាជាឆន្ទៈក្នុងការទទួលបានអ្វីដែលបានធ្វើ”។
លោក ត្រាំ នឹងជួបប្រជុំជាមួយលោក គីម ក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ខែមិថុនាសម្រាប់កិច្ចប្រជុំលើកដំបូងដែលមិនធ្លាប់មានរវាងមេដឹកនាំកំពុងកាន់តំណែងរបស់កូរ៉េខាងជើងនិងសហរដ្ឋអាមេរិកដែលផ្តោតលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។
លោក អាបេ បានទៅដល់ទីក្រុងវ៉ាស៊ីនតោនដោយក្តីសង្ឃឹមថា ការធានាបាននូវការរួបរួមដ៏រឹងមាំជាមួយកូរ៉េខាងជើងនឹងមិនត្រូវបានបំផ្លិចបំផ្លាញដោយពេលវេលាជាប្រវត្តិសាស្ត្រនោះទេ។
ចាប់តាំងពីព័ត៌មានដំបូងដែលថាកិច្ចប្រជុំកំពូល ត្រាំ-គីម អាចមានភាពមិនច្បាស់លាស់នោះ, ប្រទេសជប៉ុនបានទទូចដដែលៗម្តងហើយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែចងចាំថា កុំអនុញ្ញាតឲ្យកម្លាំងរបស់ខ្លួនធ្លាក់ចុះជាមួយរបបប្រដាប់អាវុធនុយក្លេអ៊ែរនេះឲ្យសោះ។
លោក ត្រាំ បានគិតថា គាត់មានឆន្ទៈក្នុងការពិចារណាធ្វើឲ្យមានចំណងសាមគ្គីភាពជាមួយកូរ៉េខាងជើងនិងថា សន្ធិសញ្ញាសន្តិភាពមួយដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េអាចត្រូវបានចុះហត្ថលេខាក្នុងប្រទេសសិង្ហបុរីហើយថា មេដឹកនាំម្នាក់ដែលរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សគឺអាចធ្វើទស្សនកិច្ចនៅសេតវិមាន។
បើទោះបីជាបទឈប់បាញ់គ្នាមួយត្រូវបានចុះហត្ថលេខាដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ប៉ុន្តែគ្មានសន្ធិសញ្ញាសន្តិភាពពេញលេញនោះទេដែលជាហេតុនាំឲ្យរបបកូរ៉េខាងជើងមានការភ័យខ្លាចអំពីសន្តិសុខរបស់ខ្លួន។
លោក ត្រាំ បាននិយាយថា គាត់នឹងពិចារណាអញ្ជើញលោកគីមឲ្យមកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកប្រសិនបើកិច្ចប្រជុំកំពូលថ្ងៃទី១២ខែមិថុនានៅប្រទេសសិង្ហបុរីមានដំណើរការល្អ។
ទន្ទឹមនោះ មេដឹកនាំជប៉ុនបាននិយាយថា លោកក៏មានឆន្ទៈក្នុងការមានទំនាក់ទំនងពេញលេញជាមួយកូរ៉េខាងជើងផងដែរប៉ុន្តែមិនមែនមុនពេលការទាមទារសំខាន់ៗត្រូវបានបំពេញនោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments