ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកពេជ្រ វិជ្ជាធរ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បានចេញដីកាសម្រេចឃុំខ្លួនយុវជន ដែលបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកប្រមាថព្រះចេស្ដាព្រះមហាក្សត្រខ្មែរ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់បទចោទប្រកាន់ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទគំរាមកំហែងថានឹងសម្លាប់ តាមបញ្ញត្តិមាត្រា៤៣៧ នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងមាត្រា២៣៣ នៃក្រុមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ជនត្រូវចោទឈ្មោះ វណ្ណា អៀងជលសា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅឋានក្នុងសង្កាត់បឹងកេងកង២ ផ្ទះលេខ៨៨អឺ១ ផ្ទះលេខ៣០៤ ខណ្ឌចំការមន។
ក្រោយបង្ហោះសារប្រមាថព្រះមហាក្សត្រ ឈ្មោះ វណ្ណា អៀងជលសា ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃតាមចាប់ខ្លួន បាន នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វណ្ណា អៀងជលសា បានបង្ហោះសារប្រមាថលើអង្គព្រះមហាក្សត្រដោយប្រើប្រាស់គណនី Facebook ឈ្មោះ អៀង ជលសា កាលពីយប់ថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ឥឡូវនេះសមត្ថកិច្ចបានបញ្ជូនជនត្រូវចោទទៅឃុំខ្លួននៅពន្ធនាគារព្រៃស រួចហើយតាមដីកាសម្រេចរបស់តុលាការ៕
Source: Kampuchea Thmey Daily
0 Comments