Ad Code

យន្តហោះ​អ៊ីស្រាអែល​វាយប្រហារ​គោល​ដៅ​ក្រុម​ហា​ម៉ាស​នៅ​តំបន់ ហ្គា​ហ្សា



កងទ័ព​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​ បាន​វាយប្រហារ​ប្រឆាំងនឹង​គោលដៅ​យោធា​របស់​ក្រុម​ហា​ម៉ាស​នៅ​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ ខ្លែង​នាំ​ភ្លើង​ដែល​ត្រូវបាន​បង្ហោះ​ចូលទៅក្នុង​ទឹកដី​អ៊ីស្រាអែល។

យោធា​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា ការវាយប្រហារ​នេះ​បាន​សំដៅ​ទៅលើ​ទីតាំង​យោធា​ចំនួន​ពីរ​របស់​ក្រុម​ហា​ម៉ាស​និង​ទីតាំង​ផលិត​គ្រាប់កាំភ្លើង​។ យ៉ាងណាក្តី យោធា​មិន​បញ្ជាក់ថា​តើ​ការ​វាយឆ្មក់​នេះ​បាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ​ឬក៏​អត់​នោះទេ​។​
“​ប៉េងប៉ោង​ភ្លើង​” និង​ខ្លែង​ដែល​ផ្ទុក​សម្ភារៈ​ងាយ​ឆាបឆេះ​បានក្លាយ​ទៅជា​និមិត្តសញ្ញា​នៃ​ការតវ៉ា​តាម​ព្រំដែន​ប៉ា​ឡេ​ស្ទី​ន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

មន្ត្រី​បាន​និយាយថា កងទ័ព​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សៅរ៍​បានធ្វើ​ឲ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​២​នាក់​រងរបួស​នៅ​តំបន់​ហ្គា​ហ្សា​ខណៈ​ប៉ុនប៉ង​បង្ហោះ​ប៉េងប៉ោង​ឆ្លងដែន​ចូល​ទឹកដី​អ៊ីស្រាអែល​។​

អ៊ីស្រាអែល​បាន​និយាយថា ចាប់តាំងពី​បាតុកម្ម​ធំៗ​នៅតាម​ព្រំដែន​បាន​ផ្ទុះឡើង​នៅ​ចុងខែ​មីនា​មក អគ្គីភ័យ​ជាង​៣០០​លើក​បាន​បំផ្លិចបំផ្លាញ​ផ្ទៃដី​និង​ព្រៃឈើ​រាប់ពាន់​ហិកតា​។​

យោងតាម​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក Avigdor Lieberman បាន​ឲ្យ​ដឹងថា ខ្លែង​ចំនួន​៤០០​ក្នុងចំណោម​៦០០​ត្រូវបាន​ស្ទាក់ចាប់​តាំងពី​ការចាប់ផ្តើម​ការតវ៉ា​នាពេល​ថ្មីៗ​នេះ​។​

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១៣០​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​គ្រាប់កាំភ្លើង​អ៊ីស្រាអែល​នៅក្នុង​កំឡុងពេល​ដូចគ្នា​នោះ​។ គ្មាន​ជនជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ត្រូវបាន​សម្លាប់​នោះទេ​។​

ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​កំពុង​អំពាវនាវ​ចង់​វិលត្រឡប់​ទៅផ្ទះ​វិញ​ដែល​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ភៀសខ្លួន​ឬ​ត្រូវបាន​បង្ខំ​ឲ្យ​ចេញ​ក្នុង​ឆ្នាំ​១៩៤៨​អំឡុង​សង្គ្រាម​ជុំវិញ​ការបង្កើត​អ៊ីស្រាអែល​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu