Ad Code

ជន​សង្ស័យ​ម្នាក់​ទៀត​ហើយ ​ត្រូវ​នគរបាល​ឃាត់​ ​ក្នុង​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​នៅ​ក្រុង​សិរីសោភ័ណ



បន្ទាយមានជ័យ​ ៖ ​ជន​សង្ស័យ​ម្នាក់​ទៀត ​ក្នុង​ចំណោម​បក្ខពួក​ជាច្រើន​នាក់ ដែល​បាន​រត់គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច​ ពាក់ព័ន្ធ​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​នៅ​ក្រុង​សិរីសោភ័ណ​លើ​ភេទ​ទី​បី​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ឃាត់​ខ្លួន​ និង​បង្ហាញ​មុខ​ជា​សាធារណៈ​ កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​នឹង​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការ​រង​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ក្រោយ​កំណត់​មុខសញ្ញា​ជា​បន្តបន្ទាប់ លើ​ជនសង្ស័យ ក្នុង​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​លើ​ជនរងគ្រោះ ឈ្មោះ ភឿន សុ​មឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ខ្លា កូន ជើងភ្នំ​ខ្លា​កូន ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ និង​ក្រោយ​ទទួល​បាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់​ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ កម្លាំង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ បាន ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ឈ្មោះ ផាត សុគន្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅផ្ទះ​ជនសង្ស័យ ឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លោក​បញ្ជាក់​ថា ដើមឡើយ ក្នុង​សំណុំរឿង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ហើយ​បាន​សួរចម្លើយ​ឃើញ​ថា មាន​ជនសង្ស័យ​តែ​៤​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ផាត សុគន្ធ ​រូបគេ​បាន​ឆ្លើយ​សារភាពថា ការពិត​បក្ខ​ពួកគេ​មាន​៦​នាក់​ឯណោះ ពោល​គឺ​នៅសល់​៣​នាក់​ទៀត​មិនទាន់​ចាប់ខ្លួន ហើយក៏​កំពុង​ត្រូវបាន សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ដើម្បី​ឈានដល់​ការចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu