Ad Code

អណ្ដូង​ទឹក​ស្អាត​មូលនិធិ​លោកតា ហ៊ុន នាង និង​លោកយាយ ឌី ប៉ុក បន្ត​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​ទៀតហើយ



ក្រចេះ​ ៖ អណ្តូងទឹក​ស្អាត​ចំនួន​១០ ដែលជា​អំណោយ​មូលនិធិ​របស់​លោកតា ហ៊ុន នាង និង​លោកយាយ ឌី ប៉ុក បាន​បន្ត​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជិត​៣០០​គ្រួសារ​ទៀតហើយ ស្ថិតនៅក្នុង​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែល​សកម្មភាព​មនុស្ស​ធម៌​នេះ​ដឹកនាំ​ដោយ​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បុត្រ​​​ប្រសា​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត រួមទាំង​ក្រុមការងារ​មួយចំនួនទៀត កាលពី​ថ្ងៃទី​១៧ ខែមិថុនា ២០១៨​នេះ​។​

ថ្លែង​ក្នុង​ពិធី​នោះ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការ​ខួង​អណ្តូងទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​អស់ទាំង​នេះ គឺជា​ការធ្វើ​បុណ្យ និង​ជាការ​គិតគូរ​យកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ទីជនបទ​ដាច់ស្រយាល ឆ្ងាយ​ពី​ប្រភពទឹក​ស្អាត តាមរយៈ​ក្រុមការងារ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួប​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ក៏ដូចជា​ស្វែងយល់​ពី​តម្រូវការ​ជាក់ស្តែង ដើម្បី​ដោះស្រាយ​ជួន​ពួកគាត់ ទៅតាម​លទ្ធភាព​។ ជាក់ស្តែង​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ជាពិសេស​នៅ​រដូវប្រាំង ទើប​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​អោយ​ក្រុមការងារ ធ្វើ​ជូន​ប្រជាពលរដ្ឋ នៅ​ទីនោះ​អាស្រ័យ​ផល ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

លោកស្រី​ប្រធាន​មូលនិធិ​អោយ​ដឹង​ថា អណ្តូង​ទាំងនេះ ជា​អំណោយ​មូលនិធិ​របស់​លោកតា ហ៊ុន នាង និង​លោកយាយ ឌី ប៉ុក ឪពុកម្តាយ​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ត្រូវធ្វើ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​២៥​ខេត្ត​ក្រុង​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១​ពាន់​អណ្តូង​​ ហើយ​រយៈពេល​៥​ឆ្នាំ​មកនេះ​ក្រុមការងារ​ធ្វើ​ជូន​ពលរដ្ឋ​បាន​៥០០ អណ្តូង​ហើយ​។​

ប្រជាពលរដ្ឋ ដែល​បានទទួល​អាស្រ័យ​ផល​នៃ​អណ្តូ​ង​ទឹក​ទាំងអស់ ម្នាក់ៗ​បាន​សំដែង​នូវ​ក្តីរំភើប​សប្បាយរីករាយ និង​ដឹងគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ម្ចាស់​អណ្តូង ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ជួយ​ដោះស្រាយ​បញ្ហា​ទឹកស្អាត និង​បំពេញ​នូវ​សេចក្តីត្រូវការ​ផ្សេងៗ​ទៀត នៅពេលដែល​ពលរដ្ឋ ជួប​ការលំបាក ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។

ក្នុងឱកាស​នៃ​ពិធី​ប្រគល់​អណ្តូង​នេះដែរ ដោយមាន​ការស្នើសុំ​បន្ថែម ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ ស្រុក ខាងលើ​លោកស្រី​ប្រធាន​មូលនិធិ ក៏​បានអោយ​ក្រុមការងារ ធ្វើ​ថែម​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១២​អណ្តូង​បន្ថែមទៀត​នាពេល​ឆាប់ៗ​នេះ​។​

ឆ្លៀត​ក្នុងឱកាស​នេះដែរ លោកស្រី​ក៏បាន​ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ មក​ពិនិត្យ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ផងដែរ សម្រាប់​ពលរដ្ឋ​ណា​ដែលមាន​បញ្ហា​សុខភាព និង​ទទួលបាន​ការពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជំងឺ​ស្រាលៗ​ដោយ​មិន​គិតថ្លៃ​។ លើសពីនោះ បើ​មាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ​ជូន ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu