Ad Code

រថយន្ត​ហាយលែនឌ័រ ​មួយ​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ​​​​​​ប៊ិះ​ឆេះ​ទាំង​ការ៉ាស់​សាំង​ទៀត ​​កុំ​តែ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​​​បាញ់​ពន្លត់​ទាន់



បន្ទាយមានជ័យ​ ៖ ​រថយន្ត​ហាយលែនឌ័រ ​មួយគ្រឿង​ ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​មកពី​ឆ្លង​ចរន្ត​ភ្លើង​ កុំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នង​ការ​ជួយ​បាញ់​ពន្លត់​ទាន់​ កុំ​អី​ការ៉ាស់​សាំង ​ក៏​ត្រូវ​ឆេះ​ខ្ទេច​អស់​ដែរ។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែមិថុនា ​ឆ្នាំ​២០១៨ ក្នុង​បរិវេណ​កា​រ៉ា​ស់​សាំង​និង​ហ្គាស៍​ក្បែរ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

លោក សេស វិបុល អធិការ​នគរបាល​ស្រុក​អូរជ្រៅ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​កំពុង​កើតហេតុ​នោះ ​បើតាម​ម្ចាស់​រថយន្ត​មានឈ្មោះ បឿ​យ បៀ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ខ្លួន​និង​ក្រុមគ្រួសារ​ បាន​បើករថយន្ត​ហាយលែនឌ័រ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​2AK-6805​ជិះ​ជា​លក្ខណៈ​គ្រួសារ។ រថយន្ត​​នេះ ​បំពាក់​ប្រព័ន្ធ​ហ្គាស៍​ គាត់​និង​ក្រុម​គ្រួសារ​មានបំណង​ទៅលេង​ក្រុង​ប៉ោយប៉ែត​ លុះ​ជិះ​មកដល់​ពាក់​កណ្តាលផ្លូវ​ ក៏​ឃើញ​កា​រ៉ា​ស់​សាំង ​និង​ហ្គាស៍ ​ក៏​បត់​ចូលក្នុង​បំណង​បញ្ចូល​ហ្គាស៍ ពេល​បត់​ចូល​ជិត​ដល់​ហើយ ​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ចេញពី​កា​ប៉ូ​មុខ​ធ្វើ​ពួកគាត់​បើកទ្វារ​ចុះចេញ​ទាំង​គ្រួសារ​យ៉ាង​ប្រញាប់​ព្រោះ​ខ្លាច​ផ្ទុះ។ ក្រោយពី​ភ្លើង​ឆេះ​រថយន្ត​ពេញបន្ទុក​ រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​ពីរ​គ្រឿង ​បាន​មក​ដល់​ហើយ​បាន​ជួយ​បាញ់​ពន្លត់​យ៉ាង​​សស្រាក់សស្រាំ ​មួយសន្ទុះ​ក្រោយមក​ភ្លើង​ ត្រូវ​បាន​រលត់។

លោក សេស វិបុល បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​សំណាង​រថយន្ត​បាញ់​ពន្លត់​ទាន់​ពេល​វេលា​ បើ​ពុំ​មាន​រថយន្ត​បាញ់​ទឹក​បាញ់​អន្តរាគមន៍​នោះ​ទេ​ ការ៉ាស់​ក៏​ឆេះ​អស់​ដែរ​ ហើយ​សំណាង​ណាស់​ដែរ​ ដែល មិន​មាន​នរណាម្នាក់រ​ងរ​បួស​។

សមត្ថកិច្ច​បាន​អះអាងថា រថយន្ត​ឆេះ​នេះ​អាច​បណ្ដាល​មក​ពី​ការ​រត់​ប្រ​ព័ន្ធ​ហ្គាស៍​មិន​មាន​ស្តង់ដារ​ត្រឹមត្រូវ ទើប​បង្ក​ឲ្យ​មាន​ហានិភ័យ​ដ៏​ធំ​យ៉ាង​នេះ ​ដូច្នេះ​សូម​អ្នក​ប្រើប្រាស់​រថយន្ត​បំពាក់​ប្រព័ន្ធ​ហ្គាស៍​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ​និង​ឧស្សាហ៍​ឆែក​មើល​ទើប​ជៀសវាង​ការ​ឆាបឆេះ​រថយន្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu