ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារទីក្រុងអូសាការបស់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សចំនួន៣នាក់ រួមទាំងក្មេងស្រីអាយុ៩ឆ្នាំម្នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀតផងដែរ។ នេះបើយោងតាមតួលេខជាផ្លូវការ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនិងការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះទេបន្ទាប់ពីការរញ្ជួយដីនេះថ្វីបើអ្នកដំណើរត្រូវបានជាប់គាំងហើយមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ក៏ដោយ។
ក្នុងចំណោមអ្នកស្លាប់និងរបួសមានក្មេងស្រីអាយុ៩ឆ្នាំម្នាក់ដែលបានស្លាប់ក្នុងទីក្រុង Takatsuki ភាគខាងជើងទីក្រុងអូសាកាដែលត្រូវបានគេរាយការណ៍ថាជាប់ក្នុងជញ្ជាំងបាក់បែកបន្ទាប់ពីការរញ្ជួយដីកម្រិត៥.៣រ៉ិចទ័រ។
ទូរទស្សន៍ NHK បាននិយាយថា លោកតាអាយុ៨០ឆ្នាំម្នាក់ក៏ត្រូវបានសម្លាប់ដោយជញ្ជាំងបាក់រលំផងដែរនិងបុរសម្នាក់ទៀតជាប់នៅក្រោមទូរដាក់សៀវភៅនៅក្នុងផ្ទះរបស់គាត់។
ក្រៅពីការស្លាប់របស់អ្នកទាំងបីនេះ, ភ្នាក់ងារគ្រប់គ្រងអគ្គិភ័យនិងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយថា មនុស្សយ៉ាងតិច៩១នាក់បានរងរបួស។
លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេបានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលកំពុងធ្វើការរួមគ្នាខណៈដែលអាទិភាពដំបូងរបស់ខ្លួនគឺការសង្គ្រោះជីវិតមនុស្ស។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshihide Suga បានព្រមានថា “មានលទ្ធភាពដែលថា ការរញ្ជួយដីដ៏ខ្លាំងនឹងកើតឡើង”។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ការរញ្ជួយដីទ្រង់ទ្រាយធំទំនងជានឹងកើតឡើងក្នុងពេលពីរទៅបីថ្ងៃខាងមុខ”។
គួរបញ្ជាក់ថា ប្រទេសជប៉ុនគឺស្ថិតនៅលើតំបន់ដែលមានឈ្មោះថា “ខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក” ដែលជាកន្លែងមានការរញ្ជួយដីនិងការផ្ទុះភ្នំភ្លើងធំៗនៅលើពិភពលោក។
នៅថ្ងៃទី១១ខែមីនាឆ្នាំ២០១១ ការរញ្ជួយដីកម្រិត៩.០រ៉ិចទ័របានកើតឡើងនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិកហើយជាលទ្ធផលបានបណ្តាលឲ្យមានរលកយក្សស៊ូណាមិដោយបង្កឲ្យមានការខូចខាតធំធេងនិងបានសម្លាប់មនុស្សរាប់ពាន់នាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments