Ad Code

កីឡាករ ឃួន ឡា​បូ​រ៉ាវី នៅតែ​មិនទាន់​ជួយ​ក្រុម​ថ្មី​នៅ​លី​គ​លំដាប់​ទី​៣​ប្រទេស​ថៃ រកបាន​ជ័យជម្នះ​នៅឡើយ​ទេ



កីឡាករ ឃួន ឡា​បូ​រ៉ាវី សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុង​ប្រកប​អាជីព​ក្នុង​ជើង​ទី​២ នៃ​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ របស់​ប្រទេស​ថៃ (T3-League) ឆ្នាំ​២០១៨ នេះ​នៅ​មិនទាន់​អាច​ជួយ​ក្រុម​ថ្មី Surat Thani FC រកបាន​ជ័យជម្នះ​នៅឡើយ​នោះទេ ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​លើក​មក​។

​ប្រកួត​ចុងក្រោយ​ប្រចាំ​សប្ដាហ៍​ទី​១៦ នៃ​ពានរង្វាន់ T3-League​ក្រុម Sarat Thani បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Phuket City ២​ទល់​១ លើ​ទីលានកីឡា Surakul Stadium ខេត្ត​Phuket នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ថ្មីៗ​នេះ​។ សរុប​៣​ប្រកួត​មកនេះ​អំឡុងពេល​កីឡាករ ឃួន ឡា​បូ​រ៉ាវី ធ្វើដំណើរ​ទៅដល់​ក្រុម Sarat Thani FC បាន​ប្រកួត​ចាញ់​ក្រុម Customs United ៤​ទល់​១ ហើយ​ចាញ់​ក្រុម Nara United និង​បន្ត​ចាញ់​ក្រុម Phuket City ២​ទល់​១​។

ក្លិប​ថ្មី​របស់​កីឡាករ​មានកំណើត​នៅ​ខេត្តកំពង់ចាម នេះ​មាន​មូលដ្ឋាន​នៅ​ខេត្ត​Surat Thani ភាគខាងត្បូង​ប្រទេស​ថៃ​។ លោក Monthien Morrakot គ្រូបង្វឹក​ប្រចាំ​ក្រុម​នៅតែមាន​ជំនឿ​ចិត្ត​ចំពោះ​ការដាក់​ឲ្យ​កីឡាករ​កម្ពុជា រូបនេះ ក្នុង​ការជួយ​រក​គ្រាប់​បាល់​នៅ​ប្រកួត​បន្តបន្ទាប់​។ ឃួន ឡា​បូ​រ៉ាវី បាន​លើក​ឡើង​ថា​​រូបគេ​រំពឹងថា​ អាច​រក​គ្រាប់​បាល់ ព្រមទាំង​អាចជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​រកបាន​ពិន្ទុ​ប្រជែង​កំពូល​តារាង​ផងដែរ​។



​នៅ​លី​គ​របស់​ប្រទេស​ថៃ បាន​តម្រូវ​ឲ្យ​ក្លិប​ជា​សមាជិក​របស់ខ្លួន​ចុះបញ្ជី​កីឡាករ​បរទេស​បាន​ចំនួន​៥​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ​បរទេស​មិន​គិត​ជាតិ​សាសន៍​ចំនួន​៣​នាក់ កីឡាករ​ជា​ជនជាតិ​ក្នុង​ទ្វីបអាស៊ី​១​នាក់ និង​កីឡាករ​ក្នុង​តំបន់​អាស៊ាន​១​នាក់​។ ក្លិប Turat Thani វិញ​បាន​ចុះបញ្ជី​កីឡាករ​ពេញ​ហើយ​មាន​កីឡាករ​ប្រេ​ស៊ី​ល Vinicius Silva Freitas កីឡាករ​កូ​ឌី​វ័រ Soumahoro Mafa​កីឡាករ​កូ​ឌី​វ័រ Kourouma Mohamed កីឡាករ​អ៊ីរ៉ង់ Faramarz Vahdat Derakhshan និង ឃួន ឡា​បូ​រ៉ាវី របស់​កម្ពុជា​។

​គិត​ត្រឹម​សប្ដាហ៍​ទី​១៦​កន្លង​មក​នេះ​ ក្រុម Surat Thani កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១០​បណ្តោះអាសន្ន​ក្នុងចំណោម​សមាជិក​ទាំង​១៤ ប្រចាំ​មណ្ឌល​ជាមួយគ្នា ក្រោយ​ប្រកួត​ឈ្នះ​៤​លើក ស្មើគ្នា​៥​លើក និង​ចាញ់​៧​លើក មាន​១៧​ពិន្ទុ​។ តាម​ការកំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ ក្រុម​កំពូល​តារាង​ប្រចាំ​លី​គ​ទី​៣​ថ្ងៃ​នេះ ​មានឈ្មោះ​ឡើង​ទៅ​កាន់​លី​គ​លំដាប់​ទី​២ ខណៈ​ក្រុម​លេខ​២​មានឈ្មោះ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​នៅ​មណ្ឌល​ផ្សេងទៀត ខណៈ​ក្រុម​នៅ​បាន​តារាង​ត្រូវ​ធ្លាក់​ទៅលេង​នៅ​លី​គ​លំដាប់​ទី​៤​។

សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​១៧ នៃ​ពានរង្វាន់ T3-League 2018 នឹង​បន្ត​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ក្រុម Surat Thani ត្រៀម​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​Simork នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន Ang Thong Province Stadium ក្នុង​ខេត្ត​Ang Thong៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu