ខ្សែការពារ ហុង ផេង សមាជិកក្រុមជម្រើសជាតិកម្ពុជា បានសម្រេចបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រុមជើងឯកឆ្នាំចាស់បឹងកេតអែហ្វស៊ី ដល់ដំណាច់ឆ្នាំ២០២០ ខាងមុខ ក្រោយធ្លាប់បានចូលរួមជាមួយក្លិបតាំងពីឆ្នាំ២០១៤ មក។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់ក្លិបកាលពីពេលថ្មីៗ។
ក្នុងនាមជាខ្សែការពារតែកីឡាករ ហុង ផេង អាចជួយរកគ្រាប់បាល់ឲ្យបឹងកេត ចំនួន៣គ្រាប់ក្នុងចំណោមប្រកួត៩លើកដើមរដូវកាល២០១៨នេះ។ គ្រាប់បាល់ទាំង៣គ្រាប់នេះបានទាត់បញ្ចូលទីក្រុមភ្នំពេញក្រោន ១គ្រាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ១គ្រាប់ និងសូលទីឡូអង្គរ ១គ្រាប់។ កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងបន្តពាក់អាវលេខ២៥ជាបន្តជាមួយបឹងកេតរយៈពេល២ឆ្នាំទៀត។
យោងតាមវិបសាយផ្លូវការរបស់ក្លិបបានបញ្ជាក់ថា កីឡាករវ័យ២៨ឆ្នាំរូបនេះតាំងចិត្តថានឹងធ្វើឲ្យបានល្អនៅជាមួយនឹងកិច្ចសន្យាថ្មី នេះខណៈរូបគេនឹងជាផ្នែកមួយជួយការពារគ្រាប់បាល់នៅមុខទីស្របតាមយុទ្ធសាស្ត្រលើទីលានដែលមានលោក ហៅ សុជាតិ ជាគ្រូបង្វឹក។ រូបគេសប្បាយរីករាយនិងពេញចិត្តជាទីបំផុតដែលថ្នាក់ដឹកនាំផ្ដល់ទំនុកចិត្តដល់រូបគេ។ រូបគេរំពឹងថា ខ្លួននឹងខិតខំ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពបន្ថែមទៀត ជាពិសេសការជួយជ្រោមជ្រែងក្លិបឲ្យទទួលបានជោគជ័យនឹងដណ្ដើមពានរង្វាន់នានាឲ្យបាន។
កីឡាករដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង រូបនេះធ្លាប់បានចូលរួមជាមួយក្រុមបក្សីចាំក្រុង មុនឆ្នាំ២០១១ ខណៈចាប់ពីឆ្នាំ២០១១ ដល់២០១៤ រូបគេបានចូលរួមជាមួយក្រុមភ្នំពេញក្រោន និងចាប់ពីឆ្នាំ២០១៤ ទល់បច្ចុប្បន្នចូលរួមជាមួយក្រុមបឹងកេត។ គិតពីឆ្នាំ២០១៤ ដល់បច្ចុប្បន្នរូបគេក៏ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅឲ្យចូលរួមក្នុងក្រុមជាប្រចាំផងដែរ។
កាលនៅជាមួយក្រុមភ្នំពេញក្រោន រូបគេធ្លាប់ជួយក្រុមឈ្នះពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១១ និងឆ្នាំ២០១៤ ខណៈពេលចូលរួមជាមួយក្រុមបឹងកេត ធ្លាប់បានឈ្នះពានរង្វាន់នេះចំនួន២លើកទៀតគឺនៅឆ្នាំ២០១៦ និង២០១៧ ខណៈកាលពីឆ្នាំ២០១៥ រូបគេក៏ជាផ្នែកជួយឲ្យក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ 2015 Mekong Club Championship តែបានត្រឹមជើងឯករង៕
Source: Kampuchea Thmey Daily
0 Comments