Ad Code

ករណី​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ក្រសួងការបរទេស​ថា សហរដ្ឋអាមេរិក មិនដែល​ថ្កោលទោស​ក្រុមប្រឆាំង ដែល​ធ្វើ​សកម្មភាព​បង្កចលាចល​ក្នុងសង្គម​



​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ជំទាស់​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការប្រកាស​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ក្រសួង​រតនាគារ​របស់​អាមេរិក ចោទប្រកាន់​នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង ពី​ការរំលោភ​សិទ្ធិមនុស្ស​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​លើកឡើងថា ខ្លឹមសារ​នៃ​ការប្រកាស​នេះ ធ្វើអោយមាន​ការស្រងាកចិត្ត​យ៉ាងខ្លាំង នៅពេលដែល​បុគ្គល​សាធារណៈ​របស់​ប្រទេសមួយ ត្រូវបាន​ក្លាយទៅជា​កម្ម​វត្ថុ​នៃ​វិធានការ​ទណ្ឌកម្ម​របស់​ប្រទេស​ដទៃ​ផ្សេងទៀត ដោយ​ផ្អែកលើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការគោរព​ទាល់តែសោះ​ចំពោះ​ភាព​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​ប្រទេសមួយ​។ នេះ​គឺជា​ការបំពាន​ដោយ​គឃ្លើន​លើ​គោលការណ៍​អន្តរជាតិ​ស្តីពី​គោលការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។

ក្រសួងការបរទេស​ច្រានចោល​យ៉ាង​ដាច់អហង្ការ ចំពោះ​ការចោទប្រកាន់​កងកម្លាំង​ប្រដាប់អាវុធ​របស់​ក​ម្ពុ​ជា ពីបទ​ចូលរួម​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ឧក្រិដ្ឋកម្ម​លើ​ប្រជាជន​ខ្លួនឯង​។ ផ្ទុយទៅវិញ នរណា​ក៏​ដឹង​ដែរ​ថា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង និង​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម ជាពិសេស​ការការពារ​ឯករាជ្យ និង​បូរណភាព​ដែនដី ប្រឆាំងនឹង​ការឈ្លានពាន​របស់​បរ​ទេស​។

ជាមួយគ្នា​នោះ ក្រសួងការបរទេស​ចា​ត់​ទុក​ចំណាត់ការ​ជា​ឯកតោភាគី​របស់​អាមេរិក ជា​ទង្វើ​ដែលមាន​បង្កប់​របៀបវារៈ​នយោបាយ និង​មានការ​វិនិច្ឆ័យ​លំអៀង ផ្ទុយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ទាំងពីរ​ក្នុងការ​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​យូរអង្វែង ឈរលើ​ការគោរព​គ្នា​ទៅវិញទៅមក ផលប្រយោជន៍​រួម និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។ សហរដ្ឋអាមេរិក​ហាក់បីដូចជា​មើលមិនឃើញ​នូវ​គោលនយោបាយ​អតីតកាល​របស់ខ្លួន ក្នុងការ​ផ្លាស់ប្តូរ​រប​ប​តាមបែប​មិន​ប្រជាធិបតេយ្យ ដែល​បាន​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​ប្រជាជន​និង​ប្រទេសជាតិ​ដ៏​តូច​មួយ​នេះ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​កាកសំណល់​សង្គ្រាម​នេះ​ស្ថិតនៅ​រាយប៉ាយ​ទូទាំងប្រទេស និង​នៅ​បន្ត​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំធេង​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា។
អ្នកនាំពាក្យ​ក្រសួងការបរទេស​លើកឡើង​ទៀតថា រឿងរ៉ាវ​ដ៏​អយុត្តិធម៌​ជាក់ស្ដែង​បំផុត​នោះ គឺ នៅពេលដែល​អតីត​រដ្ឋ​បាល​អាមេរិក បាន​ដឹកនាំ​បង្កើត​សម្ព័ន្ធមិត្ត​គាំទ្រ​របប​ខ្មែរក្រហម ដែល​គ្រប់គ្រង​ប្រទេស​ដោយ​ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ យ៉ាង​ពេញទំហឹង ឱ្យ​កាន់កាប់​អាសនៈ​កម្ពុជា នៅ​អង្គការសហប្រជាជាតិ និង​ដាក់ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​អស់​រយៈពេល​១២​ឆ្នាំ ប្រឆាំងនឹង​ប្រជាជាតិ​មួយ ដែល​ទទួលរង​ការបំផ្លិចបំផ្លាញ​ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ច្រើនជាង​ពីរលាន​តោន​។ ការកំណត់​ពេលចេញ​សេចក្ដីថ្លែងការណ៍​ក្នុង​ពេលនេះ អាច​ចាត់ទុកថា ជា​យុទ្ធនា​ការដែល​មានការ​សម្របសម្រួល​គ្នា​សំដៅ​វាយប្រហារ​ជា​បន្តបន្ទាប់​មកលើ​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ខាងមុខ​។ យើង​សូម​ធ្វើការ​កត់សម្គាល់​ដោយ​ងឿងឆ្ងល់​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិនដែល​ថ្កោលទោស​ក្រុមប្រឆាំង​មួយចំនួន​ក្នុងប្រទេស​ម្ពុ​ជា ដែល​ធ្វើ​សកម្មភាព នយោបាយ​ដោយ​ការជេរប្រមាថ ការប្រកាន់​ពូជសាសន៍ បង្ក​ការ​ស្អប់ខ្ពើម​នៅក្នុង​សង្គម និង​ការបរិហារកេរ្តិ៍​។ ទង្វើ​ទាំងអស់នេះ​សុទ្ធតែ​ត្រូវបាន​ថ្កោលទោស​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​នានា​។​
​ទោះជា​យ៉ាងណាក៏ដោយ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា អះអាង​ជាថ្មី​ម្តងទៀត​នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​កម្ពុជា ក្នុង​ការបន្ត​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អនុវត្ត​នីតិ​រដ្ឋ និង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​សេរី តម្លាភាព និង​មាន​របៀបរៀបរយ​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​នាយកដ្ឋាន​រតនាគារ​អា​មេ​រិ​ក បានប្រកាស​បញ្ចូល​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នៅក្នុង​បញ្ជីខ្មៅ នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្លោ​ប៊​ល ម៉ែ​កនី​ត​ស្គី (GLOBAL MAGNITSKY) ដោយ​សំអាងថា បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu