ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសស្ត្រីជនជាតិវេណហ្ស៊ុយអេឡាម្នាក់ ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូនសារធាតុញៀនឆ្លងដែនដោយខុសច្បាប់តាមមាត្រា៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។
ជនជាប់ចោទឈ្មោះ NEILIN COROMOTO អាយុ២៨ឆ្នាំ ជនជាតិវេណេហ្ស៊ុយអេឡា ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 121100315។
ចៅក្រមជំនុំជម្រះ បានប្រាប់អោយជនជាប់ចោទប្ដឹងទៅតុលាការជាន់ខ្ពស់ បើសិនជាគាត់កើតទុក្ខមិនសុខចិត្តនឹងសេចក្ដីសម្រេចនៃសាលក្រមនេះ។
ជាការកត់សម្គាល់នៅក្នុងការប្រកាសសាលក្រមរឿងក្ដីគ្រឿងញៀននេះ គេឃើញមានមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សចំនួន២នាក់ និងសាច់ញាតិរបស់ជនជាប់ចោទ បានចូលមកស្ដាប់លទ្ធផលនៃការសម្រេចសេចក្ដីនេះដែរ។ ពួកគេមានសេចក្ដីព្រួយបារម្ភពីបញ្ហាសុខភាពរបស់ជនជាប់ចោទនៅក្នុងអំឡុងពេលនៃការជាប់ពន្ធនាគារ៣០ឆ្នាំនេះ។
សូមរំលឹកថា លោកស្ត្រីNEILIN COROMOTO ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនាងធ្វើដំណើរតាមយន្តហោះមកពីប្រទេសថៃ។
ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ សមត្ថកិច្ចបានរកឃើញថា នារីជាជនជាតិវេណេហ្ស៊ុយអេឡាម្នាក់នេះ បានប្រើវិធីសាស្ត្របង្កប់គ្រឿងញៀនប្រភេទកូកាអ៊ីនរហូតទៅដល់ចំនួន១៧៩,១២៣ក្រាមឯណោះ នៅក្នុងឡេវអាវរាប់រយគ្រាប់ក្នុងកាបូបដាក់ខោអាវធំមួយ ហើយធ្វើដំណើរតាមជើងយន្តហោះ PG935 ពីទីក្រុងបាងកកប្រទេសថៃចូលមកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា ក៏ត្រូវកម្លាំងមានសមត្ថកិច្ចចម្រុះប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានការសង្ស័យ ធ្វើការឆែកឆេររកឃើញសារធាតុញៀនជាច្រើន ដែលគេបង្កប់ក្នុងឡេវអាវ ឡេវខោរាប់រយគ្រាប់ រួចក៏ឃាត់ខ្លួនតែម្តង។ លុះនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកតុលាការ។
ក្រោយការសាកសួរតំណាងអយ្យការ និងចៅក្រមតុលាការកម្ពុជា បានឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិន ក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូនសារធាតុញៀនឆ្លងដែនខុសច្បាប់ ហើយទើបនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៧ ចៅក្រមបានបង្គាប់អោយអនុរក្សពន្ធនាគារបញ្ជូននាងមកតុលាការដើម្បីបើកកញ្ចប់គ្រឿងញៀនជាវត្ថុតាងនោះនៅចំពោះមុខនាងតែម្ដង ដើម្បីបិទសំណុំរឿងស៊ើបសួរបញ្ជូនមកជំនុំជម្រះ និងប្រកាសសាលក្រមនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ៕
Source: Kampuchea Thmey Daily
0 Comments