ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការស្តីទីនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ នគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនយុវជនចិត្តកំណាចម្នាក់ ដែលហ៊ានលើកដៃវាយទៅលើម្តាយបង្កើត ដោយដំបងរហូតដល់ដង្ហើមចង្រិត។
លោកអធិការស្តីទីបាននិយាយថា យុវជន ដែលនគរបាលចាប់ខ្លួនមានឈ្មោះ សម សិរីវឌ្ឍនា អាយុ២២ឆ្នាំ ពុំមានមុខរបរពិតប្រាកដស្នាក់នៅជាមួយម្តាយក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
តាមប្រភពពីស្ត្រីជាម្តាយឈ្មោះ ទា ចាន់ថន អាយុ៥៥ឆ្នាំ បានឲ្យនគរបាលដឹងថា នៅវេលាម៉ោង២១និង១០នាទីយប់ ថ្ងៃទី៥ ខែមិថុនានេះ កូនប្រុសរបស់គាត់ ដែលនគរបាលចាប់ខ្លួននោះ បានមកធាក់ទ្វារផ្ទះ តែគាត់ឃើញស្រវឹងគាត់មិនហ៊ានបើកទ្វារផ្ទះទេ ព្រោះខ្លាចកូនកំណាចនេះវាយធ្វើបាបគាត់។ ប៉ុន្តែពេលដែលកូននោះធាក់ទ្វារផ្ទះឲ្យរបើករួចមកកូនកំណាចនោះ បានទាញដំបងមកវាយក្បាលគាត់ជាច្រើនដំបងបណ្តាលឲ្យគាត់វិលមុខសន្លប់បាត់ស្មារតីទៅ។
ស្ត្រីជាម្តាយដែលរងគ្រោះបានបន្តថា បន្ទាប់ពីវាយគាត់ហើយកូនរូបនោះ បានចេញទៅផឹកបាត់ហើយក្រុមគ្រួសារ និងអ្នកជិតខាងរបស់គាត់ បានបញ្ជូនគាត់មកព្យាបាលនៅមន្ទីរពេទ្យ។ ស្ត្រីរងគ្រោះបានបញ្ជាក់ថា គាត់លែងស៊ូទ្រាំ នឹងការវាយដំពីកូនចង្រៃនេះទៀតហើយៗគាត់សុំឲ្យនគរបាលចាត់ការកូនចង្រៃនោះ ទៅតាមផ្លូវច្បាប់ចុះ គាត់សូមកាត់កាលចោលត្រឹមថ្ងៃនេះចុះ។
លោកអធិការស្តីទីបានបញ្ជាក់ថា កូនចង្រៃរូបនេះ នឹងត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់បង្កហិង្សាទៅលើម្តាយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទៀតផង៕
Source: Kampuchea Thmey Daily
0 Comments