បុគ្គលិកយោធាអាមេរិកនិងអ្នកមុជទឹកចក្រភពអង់គ្លេសមួយក្រុម បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅរូងភ្នំដែលលិចទឹកមួយនៅភាគខាងជើងប្រទេសថៃ ដែលនៅទីនោះមានកុមារចំនួន១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ត្រូវបានជាប់នៅខាងក្នុងរយៈពេល ៥ថ្ងៃមកហើយ ខណៈដែលភ្លៀងធ្លាក់ខ្លាំងក្លា បានរារាំងការស្វែងរក។
យោងតាមមន្ត្រីបានឲ្យដឹងថា ទឹកជន់លិចបានចូលទៅក្នុងប្លុកទីពីរនៃរូងភ្នំ Tham Luang នៅក្នុងខេត្ត Chiang Rai ដោយបង្ខំឲ្យអ្នកមុជទឹកមួយចំនួនវិលត្រឡប់បកក្រោយវិញ។
កុមារទាំងនោះដែលមានអាយុចន្លោះពី១១ទៅ១៦ឆ្នាំគឺបានចូលទៅក្នុងរូងភ្នំនោះកាលពីថ្ងៃសៅរ៍ហើយត្រូវបានជាប់គាំងនៅពេលភ្លៀងធ្លាក់យ៉ាងខ្លាំងបានបិទច្រកចូលសំខាន់។
អ្នកមុជទឹករបស់កងទ័ពជើងទឹក SEAL, ប៉ូលិស, ទាហាន, ឆ្មាំព្រំដែននិងមន្ត្រីប្រហែល១,០០០នាក់ត្រូវបានកេណ្ឌប្រមូលសម្រាប់ការជួយសង្គ្រោះទាំងថ្ងៃទាំងយប់នៅក្នុងខេត្តតំបន់ភ្នំដាច់ស្រយាលមួយនៅជិតព្រំដែនប្រទេសឡាវនិងមីយ៉ាន់ម៉ា។
យោងតាមអ្នកនាំពាក្យរបស់ស្ថានទូតបានឲ្យដឹងថា បុគ្គលិកយោធាអាមេរិកមួយក្រុមមកពីបញ្ជាការដ្ឋានអាមេរិកប៉ាស៊ីហ្វិករួមទាំងអ្នកឯកទេសសង្គ្រោះបន្ទាន់និងអ្នកជំនាញជួយជីវិតផងដែរបានទៅដល់កន្លែងនោះនៅពេលយប់ដើម្បីជួយដល់ប្រតិបត្តិការជួយសង្គ្រោះ។
លោកស្រី Jillian Bonnardeaux បានប្រាប់ AFP ថា “ប្រតិបត្តិករត្រូវបានបណ្តុះបណ្តាលនៅក្នុងយុទ្ធសាស្ត្រនិងបច្ចេកទេសនិងនីតិវិធីសង្គ្រោះមនុស្ស”។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំនាញរូងភ្នំជនជាតិអង់គ្លេសចំនួន៣នាក់បានទៅដល់កន្លែងកើតហេតុកាលពីយប់ថ្ងៃពុធ ហើយបានចូលទៅក្នុងរូងភ្នំជាមួយឯកសណ្ឋានបិទជិតមុនពេលងើបចេញមកវិញប្រហែលមួយម៉ោងក្រោយមក។
ភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយយប់បានបណ្តាលឲ្យកម្ពស់ទឹកកើនឡើងសូម្បីតែម៉ាស៊ីនបូមទឹកកម្លាំងខ្លាំងជាច្រើនគ្រឿងត្រូវបានដំឡើងនៅក្នុងរូងភ្នំដើម្បីបង្ហូរទឹកចេញក៏ដោយ។
ឆ្មាំព្រំដែនជាមួយនឹងសត្វសុនខប៉ូលិសបានរុករកច្រកថ្មីដើម្បីចូលរូងភ្នំនោះ។
ក្រុមគ្រួសារបាននាំយកសម្លៀកបំពាក់របស់កុមារដើម្បីជួយសត្វសុនខហិតក្លិនឲ្យរកឃើញពួកគេ។ ក្រុមការងារស្វែងរកបានរកឃើញច្រកថ្មីចំនួនបីនៅសប្តាហ៍នេះប៉ុន្តែមានតែមួយប៉ុណ្ណោះដែលអាចចូលបាន។
រូងភ្នំ Tham Luang គឺជាកន្លែងទាក់ទាញដ៏ពេញនិយមសម្រាប់អ្នកទេសចរក្នុងអំឡុងរដូវប្រាំងបើទោះបីជាសញ្ញានៅច្រកចូលបានព្រមានភ្ញៀវទេសចរមិនឲ្យចូលក្នុងអំឡុងពេលរដូវវស្សាចាប់ពីខែកក្កដាដល់ខែវិច្ឆិកាក៏ដោយ៕ AFP
Source: Kampuchea Thmey Daily
0 Comments