Ad Code

កម្ពុ​ជាថ្មី បន្ត​សហការ​ជាមួយ BTV និង CNCC ផ្សាយ​ផ្ទាល់​ពី​លី​គ​កំពូល​កម្ពុជា សប្ដាហ៍​ទី​១២​ចុង​សប្ដាហ៍​នេះ



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ចុង​សប្ដាហ៍​ ​នឹងធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី​១២ ហើយ​ខណៈ​ការប្រកួត​ទាំង​៦​គូ​សុទ្ធ​តែ​មាន​ផ្សាយ​ផ្ទាល់​ជូន​ទស្សនិកជន​ទស្សនា​កម្សាន្ត​ទាំងអស់​ដោយមាន​ការចាប់​ដៃ​គ្នា​រវាង​សារព័ត៌មាន​កម្ពុជា​ថ្មី​, CNCC និង​ទូរទស្សន៍ BTV News​។​



​ចំពោះ​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ មានការ​ប្រកួត​៣​គូ​ដោយ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប មាន​ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News និង​ក្រុម​បឹងកេត ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក CNCC​។​

សម្រាប់​ប្រកួត​ផ្សេងទៀត​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​១ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​វិសាខា វេលា​ម៉ោង​៣​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៣​រសៀល​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន មាន​ផ្សាយ​តាម​ប៉ុស្តិ៍ BTV News និង​ក្រុម​ក្រសួងការពារជាតិ វិញ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ដូចគ្នា​។



ងាក​មក​មើល​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​១១ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នេះ​វិញ ឃើញថា​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ឡើងឈរ​កំពូល​តារាង មាន​២៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ណាហ្គា​វើ​ល មាន​២៥​ពិន្ទុ​។ ក្រុម​លេខ​៣​គឺ​វិសាខា មាន​២៣​ពិន្ទុ ហើយ​ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​២១​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ អាស៊ី​អឺរ៉ុប មាន​១៨​ពិន្ទុ ដូចគ្នា​នឹង​ក្រុម​លេខ​៦ ភ្នំពេញ​ក្រោ​ន តែ​ខុស​ត្រង់ Head to Head និង​ក្រុម​លេខ​៧ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មាន​១៧​ពិន្ទុ​។ ក្រុម​លេខ​៨ ព្រះខ័ន​រាជ​ស្វាយរៀង មាន​១៤​ពិន្ទុ លើ​ក្រុម​លេខ​៩ អង្គ​រថា​យ​ហ្គឺ​រ មាន​១១​ពិន្ទុ ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​៨​ពិន្ទុ ស្រប​ពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​។​

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu