Ad Code

មហាអំណាច​ពិភពលោក​ ព្រមព្រៀង​ផ្តល់​អំណាច​ថ្មី​ដល់​ក្រុម​ឃ្លាំមើល​អាវុធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី



សហគមន៍​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​ បាន​បោះឆ្នោត​ដើម្បី​បង្កើន​អំណាច​របស់​ក្រុម​ឃ្លាំមើល​អាវុធ​គីមី​សកល​ដើម្បី​អនុញ្ញាត​ឲ្យ​វា​អាច​ចុច​ឈ្មោះ​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ក្នុងប្រទេស​ស៊ី​រី​។​

បន្ទាប់ពី​កិច្ចពិភាក្សា​ដ៏​តានតឹង​រយៈពេល​ពីរ​ថ្ងៃ​, គណៈប្រតិភូ​អង់គ្លេស​ប្រចាំ​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) បាន​បង្ហោះ Twitter ថា សំណើ​របស់ខ្លួន​បានអនុម័ត​ដោយ​សំឡេងគាំទ្រ​៨២​ទល់នឹង​២៤​។​

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Boris Johnson បាន​និយាយ​នៅក្នុង​សារ​ជា​វីដេអូ​មួយ​ថា “​ឥឡូវនេះ OPCW មានអំណាច​បន្ថែម​ដ៏​សំខាន់​ដោយ​មិន​គ្រាន់តែ​ដើម្បី​កំណត់​អត្តសញ្ញាណ​ការប្រើប្រាស់​អាវុធ​គីមី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ចង្អុល​ដាក់​អង្គការ​ឬ​រដ្ឋ​ណាមួយ​ដែល​ពួកគេ​គិតថា​ជា​អ្នកទទួលខុសត្រូវ​ផងដែរ​”​។​

គណៈប្រតិភូ​ផ្សេងទៀត​បាន​និយាយថា ការអបអរសាទរ​បា​ន​ផ្ទុះឡើង​នៅឯ​សម័យប្រជុំ​ពិសេស​ដ៏​កម្រ​មួយ​របស់​ស្ថាប័ន​ធ្វើ​គោលនយោបាយ​កំពូល​របស់ OPCW ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឡាអេ​។​

ប្រទេស​ន័​រ​វែ​សបាន​បង្ហោះ Twitter ថា សំណើ​ដែល​ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស​ត្រូវបាន​អនុម័ត​យ៉ាង​លើសលប់​ខណៈ​ឯកអគ្គរដ្ឋទូត​លោក Martin Soerby បាន​សរសើរ​សមាជិក OPCW ចំពោះ​ការសម្រេចចិត្ត​ដ៏​ចាំបាច់​ដើម្បី​បង្ហាញមុខ​ជនល្មើស​នៃ​ការវាយប្រហារ​គីមី​។​

យោងតាម​អត្ថបទ​ដែល​ត្រូវបាន​មើលឃើញ​ដោយ AFP បាន​បង្ហាញថា លេខាធិការដ្ឋាន​របស់ OPCW នឹង​រៀបចំ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស​នៃ​ការប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​សាធារណរដ្ឋ​អារ៉ាប់​ស៊ី​រី​។​

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ឡាអេ​លោក Peter Wilson បាន​សាទរ​វា​ថា​ជា “​ថ្ងៃ​ដ៏​សំខាន់​មួយ​” ដោយ​និយាយថា ទង្វើ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ធានាថា ការរំលោភបំពាន​ដោយ​អាវុធ​គីមី​ត្រូវ​បញ្ឈប់​។​

ទាំង​ក្រុង​មូ​ស្គូ​ដែលជា​សម្ព័ន្ធមិត្ត​សំខាន់​របស់លោក​ប្រធានាធិបតី Bashar al-Assad និង​ក្រុង​ដា​ម៉ា​សបាន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​នេះ​។ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ដោយ​សហគមន៍​អន្ដរជាតិ​ពី​ការប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដែល​ការចោទប្រកាន់​នេះ​ត្រូវបាន​ពួកគេ​បដិសេធ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu