ចិន ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃអង្គារ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីការធ្វើពាណិជ្ជកម្មកសិ-ម្ហូបអាហារ ជាមួយនឹងការចូលរួមទស្សនាពិព័រណ៍ម្ហូបអាហារអន្តរជាតិក្រោមក្របខណ្ឌវិថីមួយ និងខ្សែក្រវាត់មួយជាលើកដំបូង នៅឯទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងកសិកម្មបាន បញ្ជាក់ ថា នៅព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី វេង សាខុន និងគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីកាត់ខ្សែប៊ូបើកការតាំងពិព័រណ៍ចំណីអាហារអន្តរជាតិវិថីមួយ និងខ្សែក្រវាត់មួយនៅសាល Asiaworld Expo នាទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាង ១០០០នាក់។ សូមបញ្ជាក់ជូនថា ការរៀបចំតាំងពិព័រណ៍ចំណីអាហារអន្តរជាតិនេះ ជាការចូលរួមចំណែកក្នុងការជំរុញក្របខណ្ឌវិថីមួយ និងខ្សែក្រវាត់មួយឲ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការប្រមូលផ្តុំ និងជួបជុំគ្នារវាងតំណាងរដ្ឋាភិបាល អ្នកវិនិយោគទុន អ្នកជំនួញ និងសហគ្រាសតូចធំទាំងក្នុងប្រទេស និងអន្តរជាតិ ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង កិច្ចសហការ និងពិនិត្យមើលនូវឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយគ្នា។
ក្រសួង បញ្ជាក់ថា វេទិកាកិច្ចប្រជុំជាន់ខ្ពស់នេះ នឹងមានការអញ្ជើញចូលរួមថ្នាក់រដ្ឋមន្ត្រីដែលតំណាងមកពី ៦ប្រទេសនៅលើពិភពលោក ដើម្បីធ្វើការពិភាក្សា និងដោះស្រាយបញ្ហារួមនូវប្រធានបទចំនួន៣គឺ១. បញ្ហាប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្មកសិ-ចំណីអាហារ ក្រោមក្របខណ្ឌវិថីមួយនិងខ្សែក្រវាត់មួយ។ ២. បរិយាកាសវិនិយោគសម្រាប់ឧស្សាហកម្មចំណីអាហារនិងកសិកម្ម និងទស្សនវិស័យទីផ្សារនៃបណ្តាប្រទេសក្របខណ្ឌវិថីមួយនិងខ្សែក្រវាត់មួយ ៣. តើអ្វីខ្លះដែលអាចពាក់ព័ន្ធនឹងគោលនយោបាយជាតិស្តីពីឧស្សាហកម្មកសិ-ចំណីអាហារ និងបណ្តាប្រទេសក្របខណ្ឌវិថីមួយនិងខ្សែក្រវាត់មួយ។
ក្រសួង បន្តថា គោលបំណងសំខាន់នៃវេទិកាកិច្ចប្រជុំជាន់ខ្ពស់នេះគឺ (១) ដើម្បីជំរុញឱកាសវិនិយោគជាតិ និងគម្រោងឧស្សាហកម្មចំណីអាហារនិងកសិកម្ម (២) ដើម្បីអភិវឌ្ឍន៏បណ្ដាញ និងកិច្ចសហការអន្តរជាតិ (៣) ប្រឈមឧបសគ្គជាមួយគ្នានិងរួមគ្នាបង្កើនកម្រិតនៃកិច្ចសហការ និង (៤)ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈនៃការចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវក្របខណ្ឌវិថីមួយនិងខ្សែក្រវាត់មួយឲ្យមានភាពរុងរឿង៕
Source: Kampuchea Thmey Daily
0 Comments