Ad Code

លោក​ Xi ប្រាប់​អាមេរិក​ថា ចិន​នឹង​មិន​បោះបង់ចោល​ទឹកដី “​សូម្បី​មួយ​ចង្អាម​”



ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Jim Mattis កាលពី​ថ្ងៃ​ពុធ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់គាត់​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ថា ប្រទេស​ចិន​បាន​ប្តេជ្ញាចិត្ត​ចំពោះ​សន្តិភាព​ ប៉ុន្តែ​មិនអាច​បោះបង់ចោល​ទឹកដី “​សូម្បី​តែមួយ​ច​ង្អា​ម​” ដែល​បុព្វការី​ជន​របស់​ប្រទេស​នេះ​បាន​បន្សល់ទុក​ឲ្យ​នោះទេ​។​

ការកត់សម្គាល់​របស់​លោក Xi បាន​គូសបញ្ជាក់​ពី​ភាព​តានតឹង​យ៉ាងខ្លាំង​នៃ​ចំណងទាក់ទង​រវាង​ចិន​និង​អាមេរិក​ជាពិសេស​អំពី​អ្វីដែល​មន្ទី​រ​បញ្ច​កោណ​ចាត់ទុកថា​ជាការ​បង្កើន​យោធា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ផ្លូវ​ឆ្លងកាត់​ដ៏​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក​។​

ក៏ប៉ុន្តែ​ភាព​តានតឹង​នៅក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​បាន​ពង្រីក​ទៅដល់​វិស័យ​ផ្សេងៗ​ទៀត​ដែល​រួមមាន​ទាំង​ភាពភ័យខ្លាច​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​ផងដែរ​។​

ក្រុង​ប៉េកាំង​ក៏មាន​ការសង្ស័យ​យ៉ាងខ្លាំង​ផងដែរ​អំពី​ចេតនា​របស់​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​ដែល​ត្រូវបាន​ផ្គត់ផ្គង់​អាវុធ​ដោយ​សហរដ្ឋអាមេរិក​។ ប្រទេស​ចិន​ចាត់ទុក​កោះ​នេះ​ថា​ជា​ផ្នែក​ដ៏​ពិសិដ្ឋ​នៃ​ទឹកដី​របស់ខ្លួន​។​

ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា ក្នុង​កិច្ចប្រជុំ​នៅ​វិមាន​មហាសាល​ប្រជាជន​របស់​ទីក្រុង​ប៉េកាំង លោក Xi បាន​ប្រា​ប់លោក Mattis ថា ប្រទេស​ចិន​មានបំណង​ចង់បាន​តែ​សន្តិភាព​ប៉ុណ្ណោះ​ហើយនឹង​មិន​បង្ក “​ភាពចលាចល​” ទេ​។​

ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​សាកល្បង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ កាលពី​ខែឧសភា មន្ទីរ​បញ្ច​កោណ​បាន​ដក​ការអញ្ជើញ​ប្រទេស​ចិន​ពី​ការចូលរួម​ក្នុង​សមយុទ្ធ​កងទ័ពជើងទឹក​ពហុ​ជាតិ​សាសន៍​មួយ​ដោយ​លើកឡើង​ពី​សកម្មភាព​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុមមន្ត្រី​បាន​និយាយថា សេចក្តីសម្រេច​របស់​អា​មេ​រិ​ក​បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បា​ហើយ​ត្រូវបាន​លើក​ឡើងមក​ពិភាក្សា​ក្នុងអំឡុង​កិច្ចសន្ទនា​ជាមួយ​លោក Mattis ។​

គួរ​បញ្ជាក់ថា លោក Mattis គឺជា​ប្រមុខ​មន្ទីរ​បញ្ច​កោណ​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu