ភ្នំពេញ ៖ ដំណឹងនៃមរណភាពរបស់តារាស្រីវីជេ អា លីយ៉ា បានធ្វើឲ្យរំជើបរំជួលដល់ពិភពអ្នកសិល្បៈ បង្ហាញអារម្មណ៍អាណិតអាសូរ និងសោកស្ដាយយ៉ាងខ្លាំង។
ជាពិសេសរឿង ដែលកាន់តែរំជួលចិត្តខ្លាំងទៀតនោះ គឺការស្លាប់របស់តារាស្រី អា លីយ៉ា បានបន្សល់ទុកនូវប្រវត្តិដ៏គួរឲ្យអាណិតបំផុត ខណៈនាងជាក្មេងកំព្រាដែលគ្មានសាច់ញាតិ បងប្អូនម៉ែឪដោយហេតុ ថា អា លីណា ត្រូវឪពុក ម្តាយបោះបង់ចោលនៅមន្ទីរពេទ្យកាល់ម៉ែតតាំងពីចាប់កំណើតមកម្ល៉េះ។
ស្របពេល ដែលការស្លាប់របស់ អា លីយ៉ា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ហើយត្រូវបូជានៅរសៀលថ្ងៃដដែលនេះដែរ ក៏មានការទម្លាយប្រវត្តិរបស់វីជេ អា លីណា ពីសំណាក់មិត្តភក្តិស្និទ្ធរបស់នាងថា តារាស្រី អា លីយ៉ាគឺជាក្មេងកំព្រាដែលគ្មានសាច់ញាតិឬបងប្អូននឹងគេឡើយពីតូចរហូតដល់ធំនាងរស់នៅក្រោមដំបូលនៃការចិញ្ចឹមរបស់មណ្ឌលកុមារកំព្រាមួយកន្លែង។ រហូតពេញវ័យ អា លីយ៉ា ក៏ចាប់ផ្តើម ចេញធ្វើការងារដោយខ្លួនឯង និងបានឈោងចាប់អាជីពសិល្បៈសាងកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយភាពលើទីផ្សារមួយនេះ។
ដោយឡែកប្រភពខ្លះទៀតក៏បានរៀបរាប់ថា ប្រវត្តិសង្ខេបដ៏គួរអោយអាសូររបស់ អា លីយ៉ា ដែលលោកអ្នកពុំបានដឹងហើយឆ្ងល់ថា ហេតុអ្វីបានជាគ្មានសាច់ញាតិមកថែរក្សាមើលថែ និងមកបុណ្យសព ព្រោះនាងជាក្មេងកំព្រាតាំងពីកំណើត ត្រូវឪពុកម្តាយបោះបង់ចោលនៅមន្ទីរពេទ្យកាល់ម៉ែត(កន្លែងដែលនាងស្លាប់)។
ប្រភពបានបន្តថា ក្រោយមកទៀតនាងក៏ត្រូវម្តាយធម៌យកទៅចិញ្ចឹមឈ្មោះ (គង់ ឡាំងសាធ ) ហើយអ្វីដែលអនិច្ចាបំផុតជាងនេះ គឺនាងត្រូវមកស្លាប់នៅកន្លែងដែលនាងធ្លាប់កើតដោយត្រូវឪពុកម្តាយបោះបង់ ហើយជាទីកន្លែងដែលស្លាប់គ្មានសាច់ញាតិដូចគ្នា។
សូមបញ្ជាក់ថា តារាស្រីធ្លាប់មានឈ្មោះល្បីលើវិថីសិល្បៈវីជេ អា លីយ៉ា បានទទួលមរណភាពកាលពីវេលាម៉ោង៥និង២២នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពេលធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបញ្ជូនចូលសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកសពវីជេ អា លីយ៉ា ក៏ត្រូវធ្វើពិធីបូជានៅវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃដដែលនេះ ស្ថិតនៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments