Ad Code

អំពើ​ហិង្សា​ទាក់ទង​ នឹង​ការបោះឆ្នោត​ បាន​ផ្ទុះឡើង​នៅក្នុង​ខេត្ត Papua របស់​ប្រទេស ​ឥណ្ឌូនេស៊ី



ប៉ូលិស​បាន​និយាយថា មនុស្ស​ចំនួន​៣​នាក់​រួមទាំង​មន្ត្រីប៉ូលិស​២​នាក់​ផងដែរ ​ត្រូវបាន​សម្លាប់​នៅក្នុង​ខេត្ត Papua ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​ បន្ទាប់ពី​អ្នក​បំបែក​ខ្លួន​បាន​បាញ់ប្រហារ​លើ​ទូក​ដែល​ដឹក​ពលរដ្ឋ ​និង​មន្ត្រី​ដែល​ទើបតែ​បោះឆ្នោត​រួច​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​។​

ប្រទេស​ឥណ្ឌូនេស៊ី​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អំពើ​ហិង្សានៅពេល​ការបោះឆ្នោត​សម្រាប់​តំណែង​ចៅហ្វាយក្រុង ក្រុមប្រឹក្សា​និង​អភិបាលខេត្ត​ចំនួន​១៧១​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទូទាំងប្រទេស​កាន់សាសនា​ឥស្លាម​ភាគច្រើន​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​កាលពី​ថ្ងៃ​ពុធ​។​

ប្រទេស​ឥណ្ឌូនេស៊ី​បាន​កាន់កាប់​ខេត្ត Papua បន្ទាប់ពី​ការធ្វើប្រជាមតិ​មួយ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៦៩, ប្រាំ​មួយឆ្នាំ​បន្ទាប់ពី​ការបញ្ចប់​ការគ្រប់គ្រង​របស់​អាណា​និគម​ហូ​ឡង់​។​

ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​បំបែក​ខ្លួន​បាន​បាញ់​លើ​ទូក​ចំនួន​ពីរ​ដែល​ដឹក​អ្នកបោះឆ្នោត​និង​មន្ត្រី​លើ​ទន្លេ​មួយ​ក្នុងស្រុក Torere នៃ​ខេត្ត Papua ដោយបាន​សម្លាប់​មនុស្ស​ចំនួន ៣​នាក់​។ មន្ត្រីប៉ូលិស​បីនាក់​ទៀត​នៅតែ​កំពុង​បាត់​ខ្លួន​។​

ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អ្នក​បំបែក​ខ្លួន​ម្នាក់​បើក​ការបាញ់ប្រហារ​នៅឯ​ព្រលានយន្តហោះ​តូច​មួយ​ក្នុងស្រុក Nduga នៃ​ខេត្ត Papua ដែល​នៅ​ទីនោះ​មាន​មនុស្ស​ចំនួន​បីនាក់​ត្រូវបាន​សម្លាប់​និង​កុមារ​ម្នាក់​រងរបួស​។ ការបោះឆ្នោត​សម្រាប់​តំណែង​ចៅហ្វាយស្រុក​នោះ​ត្រូវ​ផ្អាក​ដោយសារតែ​អំពើហិង្សា​។​

ការរាប់​សន្លឹកឆ្នោត​ក្រៅផ្លូវការ​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បានបង្ហាញ​ថា បេក្ខជន​គាំទ្រ​លោក​ប្រធានាធិបតី Joko Widodo បាន​នាំមុខ​នៅក្នុង​ខេត្ត​ចំនួន​បី​នៅលើ​កោះ​ជ្វា​ដែលជា​កោះមាន​ប្រជាជន​ជាង​ពាក់កណ្តាល​ក្នុងចំណោម​ប្រជាជន​របស់​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​លំដាប់​ទី​បី​របស់​ពិភពលោក​មួយ​នេះ​។​

ប៉ុន្តែ​បេក្ខជន​ដែល​គាំទ្រ​ដោយ​គណបក្សប្រឆាំង​បានបង្ហាញ​ពី​ភាពល្អប្រសើរ​ជាង​ការរំពឹងទុក​នៅក្នុង​កា​របោះ​ឆ្នោត​នេះ​ដែល​នេះ​គឺជា​សញ្ញា​ដ៏​សំខាន់​មួយ​សម្រាប់​ការប្រកួតប្រជែង​តំណែង​សភាជាតិ​និង​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ​២០១៩៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu