Ad Code

ពាក់កណ្តាល​ឆ្នាំ​២០១៩ ​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ ​និង​ឆ្លងទន្លេ​ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ទៅលើ​អាហារូបត្ថម្ភ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង ទារក ដោយ​សម្តេច​បាន​បញ្ជាក់​ថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​និង​ឆ្លងទន្លេ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ពី​រាជរដ្ឋាភិបាល​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​បែន​នេះ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុង​ឳ​កាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១​ឆ្នាំ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​“​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បានកំណត់​រួចហើយ​ក្នុង​គោលនយោបាយ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ក​សា​ង​និង​ការពារ​មាតុភូមិ​កម្ពុជា​ឆ្នាំ​២០១៨-២០២៣ ដោយ​រួមទាំង​អភិវឌ្ឍ​និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ចីរភាព​ដែល​ជួយ​គាំពារ​ប្រជាជន​គ្រប់រូប​ពី​ហានិភ័យ​នានា​ដោយ​មិន​ទុក​ឲ្យ​ប្រជា​ជន​ណា​ម្នាក់​ស្ថិតនៅ​ក្រៅ​ប្រព័ន្ធ​គាំពារ​សង្គម​ឡើយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​រក្សា​ជំហរ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​”​។

សម្តេច​តេ​ជោ​បន្តថា ចំពោះមុខ​នេះ​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជា​ជំហានៗ​សម្រាប់​គ្រួសារ​ក្រីក្រ​នៅពេល​សម្រាលកូន​ដោយ​ពួកគេ​នឹង​ទទួលបាន​ការឧបត្ថម្ភ​ជា ៣ ដំណាក់កាល​។ ដំណាក់កាល​ទី ១​នឹង​ឧបត្ថម្ភ ៤ ម៉ឺន​រៀល​ក្នុង​ម្តង​សរុប ៤ ដង​។ ដំណាក់កាល​ទី​២​ក្នុងអំឡុងពេល​សម្រាល​កូន ឧបត្ថម្ភ​ជា​ប្រាក់​ចំនួន ២០ ម៉ឺន​រៀល​តែ​ម្តងគត់​។ ដំណាក់កាល​ទី ៣ នឹង​ឧបត្ថម្ភ​៤ ម៉ឺន​រៀល​ក្នុង​ម្តង​សរុប​១០ ដង ក្រោយពេល​សម្រាល​រហូត​ដល់​កុមារ​មាន​ឤ​យុ ២ ឆ្នាំ សរុប​ស្ត្រី​ឆ្លងទន្លេ​ម្នាក់​បានទទួល​ទឹកប្រាក់​សរុប ៧៦ ម៉ឺន​រៀល​។ ការឧបត្ថម្ភ​នេះ​នឹង​អនុវត្ត​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០១៩​ខាងមុខនេះ​តទៅ ។​(​កម្មវិធី​នេះ​នៅ​ឆ្នាំ​ដំបូង​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៤,៩៥ លាន​ដុល្លារ​ហើយ​និង​កើន​ដល់ ៧,៧៥ លាន​ដុល្លារ​នៅ​ឆ្នាំ​ទី ២ និង​បន្ត​កើនឡើង​រហូតដល់ ១០,៤៥ ដុល្លារ​ឤ​មេ​រិ​ក នៅ​ឆ្នាំ​ទី ៣) ។

បើ​យោង​តាម​សម្តេច​តេ​ជោ ចំណាយ​នេះ​វា​អាច​នឹង​ថយ​ចុះ​មកវិញ នៅ​ពេល​ដែល​អត្រា​នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​រួចមកហើយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​និង​ឆ្លងទន្លេ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការ​ស៊ីវិល​ចំនួន ៨០ ម៉ឺន រៀល​។ ចំណែក​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​និង​ឆ្លងទន្លេ ទទួល​បាន​កូន​មួយ ៤០ ម៉ឺន​រៀល កូន​២ ចំនួន ៨០ ម៉ឺន​រៀល និង កូន​បី ចំនួន ១២០ ម៉ឺន​រៀល។ ក៏ប៉ុន្តែ​សម្រាប់​ការអនុវត្ត​ចំពោះ​ប្រជាជន​ទូទៅ ​គឺ​ទាមទារ​ឲ្យ​មានការ​យោគយល់​នៅក្នុង​សង្គម​ឲ្យ​បាន​ច្បាស់ ។ បើ​យោងតាម​សម្តេច​មាន​ជំរើស​ចំនួន ៣ ដែល​ត្រូវ​ជ្រើសរើស ហើយ​សម្តេច​បាន​ជ្រើសរើស​យក​ជំរើស​ទី​៣ ។ ដើមឡើយ​សម្តេច​ចង់​គ្របដណ្តប់​លើ​មនុស្ស​ទាំងអស់​ប៉ុន្តែ បើ​ធ្វើ​ដូច្នេះ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ក៏​ទទួលបាន ដូច​អ្ន​ក្រីក្រ​ដែរ ដូចនេះ​យើង​គួរ​រក​វិធីសាស្ត្រ​មួយ​ដែល​បែរមុខ​ព្រួញ​ទៅរក​ស្ត្រី​ក្រីក្រ​។

សម្តេច​តេ​ជោ​បានលើកឡើង​មក​ពន្យល់​អំពី​វិធីសាស្ត្រ​នីមួយៗ ដែល​ក្នុងនោះ​វិធីសាស្ត្រ​ទី​១. តម្រូវ​ឲ្យ​បើក​ផ្តល់ជូន​ស្ត្រី​ទូទៅ​តែម្តង​គឺ​ម្នាក់ ២០ ម៉ឺន​រៀល​ក្នុង​ម្នាក់​ដែល​ការប៉ាន់ស្មាន​មាន​ប្រមាណ ៣០ ម៉ឺន​នាក់​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១៥ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ នឹង​កើនឡើង​ទៀត​ពេល​ប្រជាជន​មាន​ការ​កើន​ឡើង។ ជំរើស​ទី​២.​គឺ​ទៅតាម​ការគ្រោងទុក​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​(២០១៦- ២០២៥ ) បានកំណត់​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជា​ជំហានៗ ដើម្បី​ផ្គត់ផ្គង់​អាហារូបត្ថម្ភ​ក្នុងពេល ១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត​កុមារ កម្មវិធី​នេះ​ផ្តោត​ការយកចិត្តទុកដាក់​ជាប​ឋ​ម លើ​ស្ត្រី​មាន​ផ្ទៃពោះ​នៃ​គ្រួសារ​ក្រីក្រ ដែល​ប៉ាន់​ស្មានថា​មាន​ចំនួន ៥៥.០០០ នាក់​ក្នុង​១​ឆ្នាំ ។ ដោយ​ផ្តល់​ការឧបត្ថម្ភ​ជា​ជំហានៗ​មាន​ពី​ដំណាក់កាល ,​ដំណាក់កាល​ទី​១​ការ​ឧ​បត្ដ​ម្ភ ៤ ម៉ឺន​រៀល​ក្នុង​មួយដង មាន​៤ ដង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង ដំណាក់កាល​ទី​២. ផ្តល់​ការឧបត្ថម្ភ ៤ ម៉ឺន​រៀល​ក្នុង​មួយដង មាន ១០ ដង​ក្រោយពេល​សម្រាលកូន រហូត​កុមារ​មាន​អាយុ ២​ឆ្នាំ ។ (​កម្មវិធី​នេះ​នៅ​ឆ្នាំ​ដំបូង​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២,២ លាន​ដុល្លារ​នៅ​ឆ្នាំ​ដំបូង និង កើនឡើង ៤,៩ លាន​ដុល្លារ​នៅ​ឆ្នាំ​ទី​២ នឹង​កើន​ដល់ ៧,៧ លាន​ដុល្លារ​នៅ​ឆ្នាំ​ទី ៣) នេះ​ជា​ជំរើស​ទី​២ ដែល​ជួប​ការលំបាក​ដែល​យើង​ពុំបាន​ជ្រើសរើស​ទេ ។ ជំរើស​ទី​៣ គឺ​គួបផ្សំ​រវាង​ជំរើស​ទី​១ និង ទី​២​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា នេះ​ជា​កម្មវិធី​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទៅលើ​ស្ត្រី និង កុមារ​។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ​កម្មវិធី​នេះ​គឺ​គ្រប​ដណ្តប់​លើ​ស្ត្រី​ក្រីក្រ​តែប៉ុណ្ណោះ មិន​គ្រប​ដណ្តប់​លើ​មនុស្ស ១៦ លាន​នាក់​នោះ​ទេ​។ សម្តេច​បាន​បន្ត​ថា ​កម្ម​វិធី​មួយ​នេះ​ត្រូវ​ដាក់​ឲ្យ​មានការ​សិក្សា​តាំង ការ​សម្ពោធ​ដាក់​ឲ្យ​អនុវត្ត​ជាមួយ​គោលនយោបាយ​គាំពារ​សង្គម​មកម្ល៉េះ​។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ​ដោយសារ​បញ្ហា​នេះ​ជា​បញ្ហា​ថ្មីថ្មោង​របស់​យើង ដូច្នេះ​ទើប​មានការ​ព្យាករណ៍​ទុក​រហូតដល់​ពាក់​កណ្តាល ឆ្នាំ ២០១៩ ទើប​អាច​ដំណើរការ​បាន​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា យើង​បាន​យកចិត្ត​ទុល​ដាក់​ទៅលើ​អាហារូបត្ថម្ភ កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង ទារក ដែល​នេះ​គឺជា​គោលដៅ​នៃ​នយោបាយ​ថ្មី​លើ​វិស័យ​សង្គម​របស់​យើង ហើយ​សង្ឃឹមថា​ការប្រកាស​ថ្ងៃនេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu