Ad Code

ការ​ចត​រថយន្ត​បញ្ច្រាសទិស​មិន​ដាក់​សញ្ញា​សម្គាល់​ចរាចរ​អោយបាន​ត្រឹមត្រូវ ពិតជា​បង្ក​គ្រោះថ្នាក់​បំផុត



ភ្នំពេញ ​៖ ការចត​រថយន្ត​បញ្ច្រាសទិស​មិន​ដាក់​សញ្ញា​សម្គាល់​ចរាចរ​អោយបាន​ត្រឹមត្រូវ ពិតជា​បង្ក​គ្រោះថ្នាក់​បំផុត ដោយ​កន្លងមកនេះ​មាន​មនុស្ស​មិនតិច​នាក់​ទេ ​ដែល​បាន​រងរបួស​និង​ស្លាប់ ផ្តើមចេញពី​អ្នក​ចត​យានយន្ត​មិនដឹង​ឬ​មិន​គោរព​ច្បាប់​នេះ​។​

ជាក់ស្តែង​បុរស​ម្នាក់ ជិះ​ម៉ូតូ Scoopy បាន​បើក​ទៅបុក​រថយន្ត​កុងតឺន័រ ហុង ឡេង​ហួរ ដែល​ចត​បញ្ច្រាសទិស​ទុកចោល​លើផ្លូវ ដោយ​មិន​ដាក់​សញ្ញា​សម្គាល់​ត្រឹមត្រូវ បណ្ដាល​ឲ្យ​រងរបួស​ដៃ​ធ្ងន់ និង​សន្លប់​ស្ដូកស្ដឹង​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​សុក្រ ៣​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨​នេះ តាម​មហាវិថី​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4879 ជា​របស់​ក្រុមហ៊ុន ហុង ឡេង​ហួរ បានមក​ឈប់​ចត​ចោល​ដោយ​បញ្ច្រាស​ផ្លូវ​កម្ពុជា​ក្រោម ដោយ​មិនបាន​សុំ​ផ្លូវ ឬ​ដាក់​សញ្ញា​ត្រឹមត្រូវ​ឡើយ​។ លុះ​នៅវេលា​កើតហេតុ​ខាងលើ ស្រាប់​តែមាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា ស្កូពី ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-1372 ទៅបុក​រថយន្ត​កុងតឺន័រ​នោះ ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ដៃ​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​ង​តែម្ដង​។ ឃើញ​ដូច្នេះ តៃកុង​រថយន្ត​ក៏បាន​ឡើងលើ​រថយន្ត រួច​ចុច​ភ្លើង​សុំ​ផ្លូវ​វិញ​។​

ក្រោយពេល​កើតហេតុ ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ចុះទៅ​កន្លែងកើតហេតុ​នោះ ទើប​បុរសរងគ្រោះ​សុំ​ឲ្យ​ភាគី​ខាង​រថយន្ត​ជួយ​ចេញថ្លៃ​មើល​របួស និង​សង​ថ្លៃ​ខូចខាត​ម៉ូតូ​។ តែ​តៃកុង​រថយន្ត​ប្រាប់ថា រង់ចាំ​ខាង​ក្រុមហ៊ុន​ធានារ៉ាប់រង មកជួយ​សង​តាម​សភាព​ខូចខាត និង​របួស​ជាក់ស្ដែង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu