ភ្នំពេញ ៖ តារាសម្តែងស្រីកញ្ញា វណ្ណ វល័ក្ខ ខណៈដែលថ្មីៗនេះទើបផ្ទុះរឿងរ៉ាវដ៏រសើបក្រោយពេលដែលផលិតកម្មភាពយន្តLDចេញលិខិតព្រមានលើករណីមិនគោរពតាមកិច្ចសន្យា ឬ ពេលវេលាកំណត់នោះ មុននេះក៏ស្រាប់តែបែកធ្លាយរូបភាពដ៏រសើបនិងភ្ញាក់ផ្អើលដោយដៃទាំងសងខាងរបស់នាងមានជាប់ខ្នោះ។
រូបភាពមួយសន្លឹក ដែលត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងចំពោះមហាជន ពិសេសអ្នកដែលនិយមគាំទ្រលើការសម្តែងរបស់តារាស្រីរូបនេះ។ តាមរយៈនេះគេក៏សង្កេតឃើញមានការលើកឡើងថា ហ្នឹងហើយរំលោភលើសេចក្តីទុកចិត្តអ្នកដទៃ ,ជាប់ខ្នោះអ្វីមុខអត់ភ័យសោះចឹង? ចំណែកឯតារាសម្តែងភេទទី៣កញ្ញា ប៉ុបពី បានបញ្ជាក់ឆ្លើយសំណួរមហាជនថា មែនទែនបង…។
ថ្វីត្បិតតែយ៉ាងនេះក៏ពិតមែនគឺមានមហាជនមួយចំនួនទៀតនៅតែលើកឡើងថា ករណីនេះគ្រាន់តែជាការថតសម្តែងខ្សែភាពយន្តតែប៉ុណ្ណោះ។ កញ្ញា វណ្ណ វល័ក្ខ នៅរសៀលថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០១៨ ពុំអាចទំនាក់ទំនងដើម្បីសុំការបំភ្លឺបាននៅឡើយទេចំពោះករណីភ្ញាក់ផ្អើលមួយនេះ។
សូមបញ្ជាក់ថា តារាសម្តែងស្រស់ស្អាតកញ្ញា វណ្ណ វល័ក្ខ ស្របពេលដែលអាជីពសិល្បៈកំពុងមានដំណើរការលើទីផ្សារសម្តែងខ្ពស់ ក៏ស្រាប់តែបែកធ្លាយដំណឹងដ៏រសើបមកថា តារាស្រីរូបនេះត្រូវបានភាគីផលិតកម្មLDចេញលិខិតព្រមានលើករណីមិនគោរពពេលវេលាថត។ ប៉ុន្តែភ្លាមៗនោះសាមីខ្លួន តារាសម្តែងកញ្ញា វណ្ណ វល័ក្ខ ក៏បានចេញមុខប្រាប់ឲ្យដឹងថា ចំពោះរឿងរ៉ាវនេះគឺនាងនិងខាងភាគីផលិតកម្ម បានដោះស្រាយគ្នារួចរាល់ហើយ។
ចំណែកឯការថតសម្តែង ក៏កំពុងដំណើរការជាមួយគ្នាធម្មតាទេ។ នាងចាត់ទុកថា ករណីនេះ គ្រាន់តែជាការយល់ឡំបន្តិចបន្តួច ហើយមានការទម្លាយពីសំណាក់អ្នកសិល្បៈរួមអាជីពដូចគ្នាដើម្បីបង្ខូចកិត្តិយសរបស់ខ្លួន។ ដូច្នេះបើតាមការបញ្ជាក់របស់កញ្ញា វណ្ណ វល័ក្ខ កន្លងមកគឺករណីចាប់ខ្លួនតាមរយៈដៃជាប់ខ្នោះនោះ អាចជាការសម្តែងរឿងច្រើនជាង៕
Source: Kampuchea Thmey Daily
0 Comments