Ad Code

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ក្រោមឱវាទ​ដើរ​រើស​សំរាម​នៅតាម​ទីសាធារណៈ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក



ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ ទី​៨ ខែមិថុនា រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​រៀប​ចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ០៥ មិថុនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ « រួមគ្នា​ដើម្បី​លុបបំបាត់​ការ​បំពុល​ប្លា​ស្ទិ​ក​»​។



ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​វេទិកា​បុណ្យជាតិ​៧​មករា និង​មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​លោក យន្ត មីន អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ​ព្រមទាំង មន្ត្រីរាជការ​ជុំវិញ​ខេត្ត អាជីវករ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ។



លោក សាមុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាaន​ខេត្ត​ព្រះសីហនុ មាន ប្រសាសន៍​ថា ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៨ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រួម ដើម្បី​កិច្ច​គាំពារ​បរិស្ថាន និង​ភពផែនដី ពិសេស ការ​ប្រារព្ធ​ទិវា​បរិស្ថាន ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការ យល់ដឹង​អំពី​ភាព​ចាំបាច់ និង​សារៈ​ប្រយោជន៍ នៃ​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវៈ​ចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យបាន​សមស្រប សំដៅ​កែប្រែ​ផ្នត់គំនិត​មហាជន​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ទៅ​ជា​កម្លាំង​ចលករ ដើម្បី​ចូលរួម​ចំណែក​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន នៅលើ​ភពផែនដី ស្របតាម​ទស្សនទាន «​ការអភិវឌ្ឍ​ដោយ​ចីរភាព​»។



លោក យន្ត មីន បាន​មានប្រសាសន៍ថា ការងារ​បរិស្ថាន​តម្រូវ​ឲ្យ​អ្នក​ពាក់​ពន្ធ​ទាំងអស់​ក្នុង​សហគមន៍ តំបន់ និង​ពិភពលោក​ត្រូវ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ និង​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​សមស្រប ដើម្បី​រក្សា​បាន​សុវត្ថិភាព​ភព​ផែនដី វឌ្ឍនភាព​សង្គម និង​ការ​រស់នៅ​ប្រកបដោយ​ចីរភាព។ រាជរដ្ឋាភិបាល​បានអនុម័ត​ផែនការ​យុទ្ធសាស្ត្រ ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាស ធាតុ​កម្ពុជា​ឆ្នាំ​២០១៤- ២០២៣ ដោយ​ចក្ខុវិស័យ​កម្រង​កម្មវិធី​អភិវឌ្ឍ​ឆ្ពោះទៅ​សង្គម​មួយ​បៃតង និង​បញ្ចេញ​កាបូ​និ​ច ធន់​នឹង​ការ​ប្រែ ប្រួល​អាកាសធាតុ សមធម៌ ចីរភាព និង​ការ​ផ្តល់​ចំណេះដឹង​ជា​គោល​ដើម្បី​ជា​ត្រីវិស័យ​តម្រង់​ទិស ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាស ធាតុ​នៅ​កម្ពុជា។



ការ​កើនឡើង​កម្ដៅ​ភព​ផែនដី គ្រោះ​រាំងស្ងួត​ទឹកជំនន់ ការបាត់បង់​ព្រៃឈើ ជីវចម្រុះ កង្វះ​ទឹកស្អាត ថាមពល​បញ្ហា​ជំងឺឆ្លង និង​សន្តិសុខ​ស្បៀង។​ល​។ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ជីវភាព​រស់នៅ​សុខុមាលភាព​មនុស្ស និង​ការអភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព និង​ធ្វើ​ឲ្យ​អន់ថយ​ខាង​សេដ្ឋកិច្ច ធ្វើ​យ៉ាង​ណា​លើក កម្ពស់​នូវ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈ​ចម្រុះ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។



លោក​យន្ត មីន បន្តថា ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៨ គឺជា​ការផ្លាស់ប្ដូរ​ឥរិយាបថ និង​អាកប្បកិរិយា​របស់​មនុស្ស​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ផ្លា​ស្ទិ​ច គឺជា​រឿង​ចាំបាច់​បំផុត ព្រោះ​ការបំពុល​ដោយ​ថង់​ប្លា​ស្ទិ​ច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ​ពិសេស សំណល់​ផ្លា​ស្ទិ​ច កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ភព​ផែនដី​របស់​យើង និង​សំណូមពរ​ប្រជាពលរដ្ឋ កុំ​បោះ​សំណល់ ឬ​ថង់​ប្លា​ស្ទិ​ក​ចោល​ក្នុង​បរិស្ថាន ព្រោះ​បង្ក​ប៉ះពាល់​គុណភាព​ដី ទឹក ប្រព័ន្ធ​អេកូ​ឡូស៊ី ពិសេស​ជីវៈ​ចម្រុះ​ក្នុង​ទឹក រួមគ្នា​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក ដើម្បី​សុខភាព​យើង​ទាំងអស់​គ្នា៕

      



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu