ភ្នំពេញ ៖ សំណង់វិឡារតឿដ៏ធំមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វារ ប្រើវិធានការរដ្ឋបាលចុះឃាត់ចាប់យកសម្ភារៈ ដោយអះអាងថា ជាសំណង់អត់ច្បាប់ និងសង់រំលោភដីគម្រោងផ្លូវ១០០ម៉ែត្រពីអ័ក្សផ្លូវជាតិលេខ៦របស់ទីក្រុងរណបជ្រោយចង្វារ បន្ទាប់ជូនដំណឹងនិងចុះហាមឃាត់ជាច្រើនដងមិនស្តាប់។
ការចាត់វិធានការរដ្ឋបាលឃាត់សំណង់នោះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៨ ដោយអាជ្ញាធរបានប្រើកម្លាំងសណ្តាប់ធ្នាប់ និង សមត្ថកិច្ចប្រមាណជាង២០នាក់រើអីវ៉ាន់ និង របស់របរមួយចំនួនដាក់រថយន្តដឹកយកទៅទុកបណ្តោះអាសន្ននៅសាលាខណ្ឌជ្រោយចង្វារ។
សំណង់ដែលអាជ្ញាធរប្រើកម្លាំងរុះរើនោះមានទំហំ១៧.៦ម៉ែត្រ គុណ១៨ម៉ែត្រប្រក់ស័ង្កសី ដែលគេស្គាល់ថាម្ចាស់ឈ្មោះអ៊ឹង ជុងកេង ជាមន្ត្រីដ៏មានអំណាចម្នាក់។
តាមអាជ្ញាធរខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ការរឹបអូសយកសម្ភារៈសំណង់នេះធ្វើឡើងតាមលិខិតជូនដំណឹង របស់សាលាខណ្ឌជ្រោយចង្វារ លេខ៤២៥/១៨ ស ជ ណចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ និងតាមការចុះធ្វើកំណត់ហេតុផ្អាកការសាងសង់កាលពីពេលថ្មីៗនេះរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ។
អាជ្ញាធរឲ្យដឹងទៀតថា កន្លងមកអាជ្ញាធរបានអាជ្ញាធរធ្វើការសម្របសម្រួលឲ្យផ្អាកការសាងសង់នៅលើដីនេះ ព្រោះដីនេះជាដីគម្រោងផ្លូវមួយខ្សែទៀតស្របផ្លូវជាតិលេខ៦ ដែលមានបច្ចុប្បន្ន ព្រមទាំងចេញសេចក្តីជូនដំណឹងឲ្យម្ចាស់រុះរើដោយខ្លួនឯងដោយទុករយៈពេលមួយសប្តាហ៍តែម្ចាស់មិនស្តាប់តាមការណែនាំ រុះរើដោយខ្លួនឯងនោះទេ ដោយបន្តសាងសង់ដដែលទើបអាជ្ញាធរប្រើកម្លាំងចុះមកឃាត់ហើយចាប់យកសម្ភារៈតែម្តង។
អាជ្ញាធរបញ្ជាក់ទៀតថា លោកអ៊ឹង ជុងកេង ដែលជាម្ចាស់សំណង់នេះកាលពីឆ្នាំ២០១៧ក៏បានសាងសង់ឃ្លាំងមួយក្បែរគ្នានោះ ហើយក៏ប៉ះពាល់ដីគម្រោងផ្លូវ១០០ម៉ែត្រនោះដែរ ហើយអាជ្ញាធរហាមឃាត់មិនស្តាប់ដូចគ្នា ស្រាប់តែកាលពីពេលថ្មីៗនេះឃ្លាំងនោះស្ងាត់ៗបានលួចសាងសង់បន្ថែមទៀត ដោយមិនខ្លាចក្រែងអាជ្ញាធរឡើយ៕
Source: Kampuchea Thmey Daily
0 Comments