Ad Code

អាស៊ី​អឺរ៉ុប ត្រៀម​ដោះដូរ​កីឡាករ​បរទេស​នៅ​ជើង​ទី​២ ក្រោយ​កីឡាករ Okereke Timothy ផ្លាស់​ទៅលេង​នៅ​ម៉ាឡេស៊ី



ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 បានសម្រេច​ត្រៀម​ផ្លាស់ប្ដូរ​កីឡាករ​បរទេស​នៅក្នុង​ក្រុម អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នៅ​ចុង​ខែ​មិថុនា​នេះ​ ក្រោយ​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Okereke Timothy ផ្លាស់​ទៅលេង​នៅ​ក្លិប​មួយ​ក្នុង​លី​គ​លំដាប់​ទី​២​ប្រទេស​ម៉ាឡេស៊ី (Malaysia Premier League)​។​

លោក សុក វាសនា គ្រូបង្វឹក​របស់​ក្រុម​អាស៊ី​អឺរ៉ុប បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ដោយសារ​ការចាកចេញរ​បស់​កីឡាករ Timothy លោក​កំពុង​សម្លឹងមើល​កីឡាករ​បរទេស​បន្ថែម​អាច​ម្នាក់​ឬ​២​នាក់ មក​បំពេញ​ចន្លោះប្រហោង​ក្នុង​ក្លិប។ លោក​កំពុង​សម្លឹង​ឃើញ​កីឡាករ​ម្នាក់​នៅ​លី​គ​លំដាប់​ទី​២​របស់​មី​យ៉ាន់​ម៉ា ដោយ​កីឡាករ​រូបនោះ​ធ្លាប់​មក​ធ្វើតេស្ត​ជាមួយ​អាស៊ី​អឺរ៉ុប កន្លងមក​ម្តង​ហើយ តែដោយសារ​កីឡាករ​ក្នុង​ក្រុម​មាន​ពេញ​កូតា​ហើយ ទើប​លោក សម្រេចចិត្ត​មិនទាន់​យក​រូបគេ​។​



​យោងតាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់ថា ​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុងនោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ កាលពី​ជុំ​ទី​១​កន្លងទៅ​ក្រុម​អាស៊ី​អឺរ៉ុប បាន​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ដោយ​ក្នុងនោះ​មាន​ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា Momoh Degule ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Befolo Mbarga Privat ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Hedayati Mohamad ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okereke Timothy និង​ខ្សែការពារ​ជប៉ុន Tomohiro Masaki​។​

​ចំណែក​ទីផ្សា​ដោះដូរ​ជើង​ទី​២​សម្រាប់​លី​គ​កំពូល​កម្ពុជា នឹង​ចាប់ផ្តើម​បើកទ្វា​ចាប់ពី​ថ្ងៃទី​១៥ ដល់​៣០ ខែមិថុនា ខាងមុខ ខណៈ​លោក សុក វាសនា មិនទាន់​អាច​ចុះបញ្ជី​កីឡាករ​បន្ថែម​បានទេ​ដើម្បី​ប្រើប្រាស់​ក្នុង​ប្រកួត​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ដោយ​ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៨​បណ្តោះអាសន្ន​ក្នុង​តារាង​រួម​ដែលមាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​៨​លើក ឈ្នះ​បាន​២​លើក ស្មើគ្នា​៣​លើក និង​ចាញ់​៣​លើក មាន​៩​ពិន្ទុ​ក្នុង​ដៃ​។

​ក្រុម​អាស៊ី​អឺរ៉ុប បានបញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៧ របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២ ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​៥​លើក ស្មើ​៣​លើក​និង​ចាញ់​១៤​លើក​មាន​១៨​ពិន្ទុ​ក្នុង​ដៃ​។ ពានរង្វាន់​សំខាន់ៗ​ដែល​អាស៊ី​អឺរ៉ុប ត្រូវ​ចូលរួម​ប្រកួត​នៅ​រដូវ​កាល​នេះ​មាន​ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​ជើងឯក​សាកលវិទ្យាល័យ​ថ្នាក់ជាតិ ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu