នាយករដ្ឋមន្ត្រី បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា រថយន្តយោធារបស់អូស្ត្រាលីមួយគ្រឿង បានដោតទង់បក្ស swastika របស់ណាហ្ស៊ីក្នុងអំឡុងប្រតិបត្តិការមួយនៅប្រទេសអាហ្វហ្គានីស្ថាន ដែលនេះជាសកម្មភាពមួយដែលលោកហៅថា “មិនអាចទទួលយកបានទាំងស្រុង”។
បណ្តាញផ្សព្វផ្សាយជាតិ ABC បានចេញផ្សាយរូបភាពដែលបែកធ្លាយមួយនៃឧប្បត្តិហេតុឆ្នាំ ២០០៧និងបានលើកឡើងពីប្រភពរបស់ក្រសួងការពារជាតិដែលនិយាយថា វាជារឿងកំប្លែងជាងភស្តុតាងនៃពួកណាហ្ស៊ីថ្មីទៅទៀត។
លោកនាយករដ្ឋមន្ត្រី Malcolm Turnbull បាននិយាយថា ការបង្ហាញទង់ណាហ្ស៊ីគឺ “ខុសទាំងស្រុង”។
លោកបានប្រាប់អ្នកយកព័ត៌មានថា “មិនអាចទទួលយកបានទាំងស្រុង។ វាត្រូវបានគេរាយការណ៍ដល់មន្ត្រីនៅក្នុងឆ្នាំ២០០៧អំពីឧបទ្ទវហេតុនោះហើយទង់ត្រូវបានដកចេញចំណែកបុគ្គលិកដែលពាក់ព័ន្ធត្រូវបានដាក់វិន័យ”។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ AFP ថា “ទាំងទង់និងការប្រើប្រាស់របស់វាគឺមិនស្របតាមតម្លៃការពារនោះទេ។ ទង់នោះត្រូវបានគេដោតនៅលើរថយន្ដកងទ័ពអូស្ត្រាលីក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០០៧។ មេបញ្ជាការបានចាត់វិធានការជាបន្ទាន់ដើម្បីដកទង់ចេញ។ លើសពីនេះទៅទៀត វិធានការត្រូវបានធ្វើឡើងដើម្បីពង្រឹងការអប់រំនិងការបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់ដែលបានឃើញទង់នោះ”។
កងកម្លាំងអូស្ត្រាលីបានចូលរួមយ៉ាងសកម្មនៅប្រទេសអាហ្វហ្គានីស្ថានក្នុងតួនាទីជាច្រើនចាប់តាំងពីឆ្នាំ២០០១មកនៅពេលដែលជម្លោះនៅទីនោះបានចាប់ផ្តើម។
រូបថតនេះបានបែកធ្លាយចំពេលដែលសកម្មភាពរបស់កងកម្លាំងពិសេសអូស្ត្រាលីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
កាលពីដើមខែនេះ កងទ័ពត្រូវបានគេចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងរបាយការណ៍សម្ងាត់មួយដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលពិពណ៌នាអំពី “ការខ្វះខាតគណនេយ្យភាពពេញលេញ” ពីយោធាកំពូល៕ AFP
Source: Kampuchea Thmey Daily
0 Comments