ភ្នំពេញ ៖ យ៉ាងហោចណាស់ផ្ទះ៣ខ្នងជាប់គ្នា ត្រូវឆេះរាលដាល ខណៈដែលមានហេតុការណ៍គ្រោះអគ្គិភ័យមួយ បានលេបត្របាក់បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣និង១០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុនោះ បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញភ្លើង និងផ្សែងបានហុយឆេះចេញពីផ្ទះលក់អង្ករពីផ្នែកខាងក្រោយត្រង់ជាន់ទី១ ខណៈដែលមានហេតុការណ៍ដូច្នេះហើយអ្នករស់នៅជិតខាងក៏ដូចជាម្ចាស់ផ្ទះ បាននាំគ្នារត់ចេញប្រសាចដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យ និងយកទឹកទៅជះដើម្បីជួយអន្តរាគមន៍ តែភ្លើងកាន់តែឆេះរឹតតែខ្លាំងៗឡើងមិនអាចធ្វើអ្វីកើត។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះដែរ គេឃើញវត្តមានលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗក្នុងការដឹកនាំកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងការជួយអន្តរាគមន៍គ្នា និងជាពិសេសទៀតនោះ មុននឹងក្រុមពន្លត់អគ្គិភ័យមកដល់នោះគឺកម្លាំងប្រជាការពារខណ្ឌ បានប្រើរ៉ឺម៉កម៉ូតូបាញ់ទឹកលាងផ្លូវជួយឡើងបាញ់ទឹកបណ្តាលឲ្យប្រជាការពារខ្លះត្រូវឈ្លក់ផ្សែង និងរបួសម្នាក់ផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងខណៈដែលក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់នោះគឺមានការពិបាកក្នុងការបាញ់ទឹកពន្លត់ភ្លើងគឺត្រូវវាយបំបែកកញ្ចកទ្វារផ្ទះ និងនាំគ្នាឡើងគាស់ដំបូលដើម្បីបាញ់ទឹកពន្លត់ភ្លើងដោយប្រើពេលជាច្រើនម៉ោង ព្រោះការឆាបឆេះនោះ បានរាលដាលដល់ផ្ទះជាប់គ្នាសងខាងទម្រាំ តែពន្លត់ជាស្ថាពរនោះ បណ្តាលឲ្យឆេះផ្ទះសរុបអស់ចំនួន៣ខ្នងដែលខាងក្រោមថ្មលើឈើប្រក់ស័ង្កសី។
អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ផ្ទះទី១ដែលឆេះមុនគេនោះគឺនៅផ្ទះលេខ៥០Eoផ្លូវលេខ១៣៦ក្រុម១៧ភូមិ១២សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ដែលមានម្ចាស់ផ្ទះឈ្មោះដួង ម៉េង ភេទប្រុសកើតឆ្នាំ១៩៤១ មុខរបរលក់ដូរ ទី២ផ្ទះលេខ៤៨Eoម្ចាស់ឈ្មោះព្រំ សៀត ភេទកើតឆ្នាំ១៩៥០ផ្ទះ ទី៣លេខ៤៦Eo បើកបារបារាំងយីហោ(វើលអរខីតបារ)។ ការឆេះផ្ទះ៣ខ្នងជាប់គ្នានោះដែរ បានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង តែមិនបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ចំណែករថយន្តពន្លត់អគ្គិភ័យវិញបានមកជួយអន្តរាគមន៍ចំនួន១៥គ្រឿងប្រើប្រាស់ទឹកអស់២០ឡានទើបរលត់ជាស្ថាពរវិញ។ ប៉ុន្តែមូលហេតុ ដែលបណ្តាលឲ្យឆេះនោះ អាជ្ញាធរនៅមិនទាន់បញ្ជាក់នៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments