ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បាននិយាយថា ការចរចាដែលដឹកនាំដោយក្រុងមូស្គូអំពីអនាគតនៃភាគខាងត្បូងរបស់ប្រទេសកំពុងបន្ត ប៉ុន្តែបានព្រមានថា អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកកំពុងរារាំងដំណោះស្រាយនៅភាគខាងត្បូងដែលកំពុងចរចា។
ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ Al-Alam របស់ប្រទេសអ៊ីរ៉ង់ដែលផ្សាយកាលពីយប់ថ្ងៃពុធ លោក Assad បាននិយាយថា បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលបានដណ្តើមយកតំបន់ Ghouta ពីពួកឧទ្ទាមនៅខែមេសា វាត្រូវបានគេស្នើថា យើងគួរតែធ្វើដំណើរទៅភាគខាងត្បូង។
លោកនិយាយថា “យើងបានប្រឈមមុខជាមួយនឹងជម្រើសពីរ៖ ការផ្សះផ្សាឬការរំដោះដោយកម្លាំង។ នៅចំណុចនេះ រុស្ស៊ីបានស្នើឡើងថា លទ្ធភាពផ្តល់ការផ្សះផ្សាគឺជាឱកាសមួយ”។
លោកបានបន្ថែមថា “រហូតមកដល់ពេលនេះ មិនមានលទ្ធផលច្បាស់លាស់ទេដោយហេតុផលសាមញ្ញថា អ៊ីស្រាអែលនិងអាមេរិកបានជ្រៀតជ្រែក។ ពួកគេបានដាក់សម្ពាធលើក្រុមភេរវករនៅក្នុងតំបន់នោះដើម្បីរារាំងការឈានដល់ការសម្រុះសម្រួលណាមួយឬដំណោះស្រាយសន្តិភាព”។
កាលពីចុងខែមុន ប្រទេសរុស្ស៊ីបានអំពាវនាវឲ្យមានកិច្ចចរចាជាបន្ទាន់ជាមួយអាមេរិកនិងហ្សកដានីស្តីពីភាគខាងត្បូងហើយលោកប្រធានាធិបតី Vladimir Putin បានពិភាក្សាបញ្ហាស៊ីរីជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។
វាជាតំបន់មានតម្លៃសម្រាប់អ្នកពាក់ព័ន្ធស្ទើរតែទាំងអស់នៅក្នុងសង្គ្រាមស៊ីរីដោយសារតែទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្ររបស់វាដែលមានព្រំប្រទល់ខាងត្បូងជាប់ព្រំដែនប្រទេសហ្សកដានីនិងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែលប៉ុន្តែក៏ស្ថិតនៅជិតក្រុងដាម៉ាសដែរ។
លោក Assad បាននិយាយថា “ទំនាក់ទំនងនៅតែបន្តរវាងរុស្ស៊ី អាមេរិកនិងអ៊ីស្រាអែល”។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានដណ្តើមភាគច្រើននៃប្រទេសស៊ីរីមកវិញដោយមានការគាំទ្រពីរុស្ស៊ីហើយជ័យជម្នះនៅភាគខាងត្បូងនឹងកត់សម្គាល់ជាជ័យជម្នះដ៏ធំមួយនៅឆ្នាំនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments