ភ្នំពេញ ៖ នៅរសៀលម៉ោង ១៥និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានកាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ថា ឥស្សរជនកម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីរួមមាន លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍មេគង្គដែលមានសមាហរណកម្ម និងការតភ្ជាប់” នឹងត្រូវដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលជាប្រធានកិច្ចប្រជុំ។ ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨ នឹងពិភាក្សាពីយុទ្ធសាស្ត្រពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។
ឯកសារសំខាន់ចំនួនបី ដែលនឹងត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន (១) បញ្ជីគម្រោងអាទិភាព (២)ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមផងដែរនៅក្នុងវេទិកានាយកប្រតិបត្តិ ACMECS (ACMECS CEO Forum) ដែលក្នុងឱកាសនោះ សម្តេចតេជោ នឹងថ្លែងសុន្ទរកថាគន្លឹះ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS និងការធ្វើសមាហរណកម្ម។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលនឹងមានការចូលរួមពីសំណាក់ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម អ៊ូ វីន ម្ញីនត៍ (U Win Myint) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ដាតុ លីម ចូក ហួយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។
ក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមកិច្ចក្នុងប្រជុំកំពូល CLMV លើកទី៩ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយនិងពិភាក្សារិះរកវិធីយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល CLMV លើកទី៩ នេះ នឹងមានការអនុម័តសេចក្តីថ្លែងការណ៍រួម ហើយបន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើសន្និសីទសារព័ត៌មានក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ។
គួរកត់សម្គាល់ថា ប្រទេស CLMV មានការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយសារថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងសម្របសម្រួលដើម្បីឲ្យមានសេរីភាវូបនីយកម្ម ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច គួបផ្សំជាមួយនិងកត្តាលើកទឹកចិត្តផ្សេងៗទៀត ដូចជាតម្លៃពលកម្មទាប អំណោយផលនៃប្រជាសាស្ត្រ ក៏ដូចជាទីតាំងភូមិសាស្ត្រមានលក្ខណៈយុទ្ធសាស្ត្រ។
ក្រៅពីការអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមពិសាអាហារការងារពេលព្រឹកជាមួយលោក ថងលូន ស៊ីស៊ូលីត និងលោក ង្វៀន សួនហ្វ៊ុក ផងដែរ ហើយក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ដើម្បីពង្រឹងនិងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏កក់ក្ដៅ និងប្រកបដោយផ្លែផ្ការវាងកម្ពុជានិងថៃ៕
Source: Kampuchea Thmey Daily
0 Comments