ពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨ នឹងបន្តប្រកួតសប្ដាហ៍ទី១៧ របស់ខ្លួននៅពាក់កណ្ដាលសប្ដាហ៍នេះ ស្របពេលក្រុមដែលកីឡាកររបស់កម្ពុជា ១រូបកំពុងប្រកបអាជីពនៅទីនោះ Teregganu FA របស់ ធារី ចន្ថាប៊ីន ត្រូវប៉ះក្រុម Negeri Sembilan ជាអតីតក្រុមដែលកីឡាករ ប្រាក់ មុន្នីឧត្តម ធ្លាប់ប្រកបអាជីពកាលពីជើងទី១។
កម្មវិធីប្រកួតបន្ទាប់សប្ដាហ៍ទី១៧ នេះធ្វើឡើងនៅពាក់កណ្ដាលសប្ដាហ៍នេះដូចគ្នាដោយនៅថ្ងៃអង្គារ ទី ២៦ ខែមិថុនា ក្រុម Kedah ប៉ះក្រុម PKNS ហើយក្រុម Perak ជួបក្រុម Kelantan ខណៈក្រុម Pahang FA ប៉ះក្រុម Selangor និងក្រុម Melaka United ទទួលក្រុមខ្លាំងJohor Darul Ta'zim។ ចំណែកនៅថ្ងៃពុធ ទី២៧ ខែមិថុនា វិញក្រុម Terenggan របស់ ធារី ចន្ថាប៊ីន ជួបក្រុម Negeri Sembilan និងក្រុម Kuala Lumpur ប៉ះក្រុម PKNP។ ការប្រកួតទាំងអស់ធ្វើឡើងនៅម៉ោង៨យប់នៅម៉ាឡេស៊ី ដូចគ្នា។
លីគកំពូលម៉ាឡេស៊ី ឆ្លងកាត់១៧ប្រកួតមកនេះក្រុមTerengganu របស់ ធារី ចន្ថាប៊ីន ហាត់ឃ្លាតឆ្ងាយពីតំបន់ប្រជែងកំពូលតារាងជាមួយក្រុមខ្លាំងJorhor និងក្រុម Pahang FA ជាក្រុមចាស់របស់ ចាន់ វឌ្ឍនាកា ក្រុម Perak ក្រុមKedah និងក្រុម PKNS ជាដើម។ ចំណែកក្រុម Negeri Sembilan អតីតក្រុមរបស់ ប្រាក់ មុន្នីឧត្តម ក៏ត្រូវការពិន្ទុដែរដើម្បីគេចឲ្យផុតពីតំបន់ដែលត្រូវកាត់ចេញឲ្យទៅលេងពានរង្វាន់លីគលំដាប់ទី២ របស់ម៉ាឡេស៊ី។
ពានរង្វាន់លីគកំពូលម៉ាឡេស៊ី មានក្រុមសរុបចំនួន១២ក្រុម ដោយតម្រូវឲ្យក្រុមទាំងអស់ប៉ះគ្នាចំនួន២លើក (២ជុំ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេនៅចប់រដូវកាលនឹងឈ្នះជើងឯកនឹងទទួលកៅអីឡើងទៅលេងក្នុងពានរង្វាន់ AFC Champion League 2019 ផងដែរ។ តាមគ្រោងការប្រកួតនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ មុនក្រុមជម្រើសជាតិរបស់ប្រទេសនេះត្រៀមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018។
សូមបញ្ជាក់ថា កម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឱ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments