អ្នកប្រដាល់តាំង តាក់ ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានវាយឈ្នះអ្នកប្រដាល់ភើយ ថា ក្លិបស្វាយរលំឫទ្ធិជ័យក្នុងទឹកទី១ ក្នុងការប្រកួតជម្រុះសប្តាហ៍ទី៣ នៃការប្រកួតដណ្តើមជើងឯកTV5 Knock Out Series By K.Cement ទម្ងន់៦០គីឡូក្រាម កាលពីយប់ថ្ងៃសៅរ៍ទី២៣ ខែមិថុនា ឆ្នាំ២០១៨ លើសង្វៀន TV5 ព្រែកកំពឹស។
ភើយ ថា គេចាញ់តាំង តាក់ ដាច់តែម្តង ដោយត្រូវតាំង តាក់វាយអោយសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ ។ ដូច្នេះភើយ ថា គេត្រូវជ្រុះធ្លាក់ចេញពីការប្រកួតដណ្តើមជើងឯកTV5 Knock Out By K.Cement ត្រឹមដំណាក់កាលទី១នេះ ។ ឯ តាំង តាក់គេត្រូវនៅបន្តការប្រកួតក្នុងដំណាក់កាលទី២ទៀត ។
ចំណែក វុត្ថា លាន់លិញ អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ គេបានយកឈ្នះគុជសារ ចាន់រាជ អ្នកប្រដាល់ក្លិបកុសលកីឡាក្នុងទឹកទី២ ក្នុងការប្រកួតជម្រុះដំណាក់កាលទី១នេះដែរ ។ ដូច្នេះវុត្ថា លាន់លិញ គេនៅបន្តការប្រកួតនៅក្នុងដំណាក់កាលទី២បន្តទៀត ឯ គុជសារចាន់រាជ ត្រូវជ្រុះធ្លាក់ត្រឹមនេះ ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះចម្រាញ់រកកីឡាករដែលខ្លាំងនោះ នឹងធ្វើជា៣ដំណាក់កាល ដោយក្នុងចំណោម៣២នាក់ ក្នុងដំណាក់ទី១ចម្រាញ់ទុក១៦នាក់ ដំណាក់កាលទី២ ទុក៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងដំណាក់កាលទី៣ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមឋានៈជាជើងឯក TV5 Knock Out Series By K.Cement ទម្ងន់៦០គីឡូក្រាម ។
មកដល់ត្រឹមសប្តាហ៍ទី៣នេះ ក្នុងការប្រកួតចម្រាញ់៣លើកកន្លងមកនេះ គេរកឃើញអ្នកប្រដាល់ខ្លាំងបានចំនួន៦រូបហើយ គឺម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក, លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ , សេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាប, កំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម , តាំង តាក់ ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង វុត្ថា លាន់លិញ ក្លិបអង្គរធំគុនខ្មែរ ។
ដោយឡែក ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិមួយគូរវាង ឃីម បូរ៉ា អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង អ្នកប្រដាល់ថៃPhach Ngen Thang នោះគឹពុំមានប្រកាសលទ្ធផលឈ្នះចាញ់នោះទេ ដោយសារអ្នកប្រដាល់ថៃPhach Ngen Thangប្រកួតខុសលក្ខណៈបច្ចេកទេស ដោយទាត់ត្រូវប្រដាប់ការពាររបស់បូរ៉ា ធ្វើអោយបូរ៉ា មិនអាចបន្តការប្រកួតទៀតបាន ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់ ៥៧ គីឡូក្រាម ។
ចំណែក សំខាន់ ប៉ាវចិន អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ប្រកួតចាញ់នឿន សាវឌី អ្នកប្រដាល់ក្លិបអេភូថងកីឡាដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ ។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម ។ រីឯ ឡុង ផាន់ណាអ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានប្រកួតចាញ់ សាំង សាលី អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុដែរ៕
Source: Kampuchea Thmey Daily
0 Comments