Ad Code

បញ្ជូន​កងសន្តិសុខ​ឯកជន​បន្លំ​ជា​នគរបាល​និង​កងទ័ព​៨​នាក់ ​ឡើង​តុលាការ



ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​បុរស​ចំនួន​៨​នាក់ នៅ​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០១៨​នេះ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ក្រសួងមហាផ្ទៃ បញ្ជូន​ខ្លួន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​នគរបាល​ជំនាញ​បាន​បើក​ការស្រាវជ្រាវ​រក​ឃើញ​ថា ពួកគេ​បាន​ប្រើប្រាស់​តួនាទី​ជា​កងកម្លាំង​នគរបាល​ជាតិ ជា​យោធា និង​កាន់កាប់​អាវុធ​ខុសច្បាប់​ដើម្បី​ទៅ​បម្រើការ​ជា​សន្តិសុខ​យាម​នៅ​ធនាគារឯកជន​ធំៗ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ចំនួន​១២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​នេះ ប៉ុន្តែ​មានតែ​ជនសង្ស័យ​៨នាក់​ប៉ុណ្ណោះ​ត្រូវបាន​បញ្ជូន​ឡើង​តុលាការ។

ជនសង្ស័យ​ចំនួន​០៨​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​រួមមាន​ទី​១៖ ឈ្មោះ សរ វិ​រៈ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​មេក្លោង បន្លំ​ខ្លួន​ជា​មេ​នគរបាល​ដើរ​ប្រកាស​ជ្រើសរើស​នគរបាល​ចូល​ក្របខណ្ឌ កងកម្លាំង​នគរបាលជាតិ និង​បំពាក់អាវុធ​ដោយមាន​លិខិត​បញ្ជា​បេសកកម្ម​ក្លែងក្លាយ ដល់​កម្លាំង​ដែល រូបគេ​ជ្រើស​បាន និង​បាន​បញ្ជូន​ពួក​ឲ្យ​ទៅធ្វើជា​សន្តិសុខ យាម​តាម​ធនាគារ​ខាងលើ​។

ទី​២៖ ឈ្មោះ ឃិត សុខឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មេក្លោង បន្លំ​ខ្លួន​ជា​មេ​យោធា ដើរ​ប្រកាស​ជ្រើសរើស​នគរបាល​ចូល​ក្របខណ្ឌ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​បំពាក់អាវុធ ដោយមាន​លិខិត​បញ្ជា​បេសកកម្ម​ក្លែងក្លាយ ដល់​កម្លាំង​ដែល​រូបគេ​ជ្រើស​បាន និង​បាន​បញ្ជូន​ពួក​ឲ្យ​ទៅធ្វើជា​សន្តិសុខ យាម​តាម​ធនាគារ​។ ទី​៣៖ ឈ្មោះ ឡូ​ច ម៉េង​ហួង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។ ទី​៤៖ ឈ្មោះ វ៉ន សុ​ផានិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។ ​ទី​៥៖ ឈ្មោះ លី ឃាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។ ​ទី​៦៖ ឈ្មោះ ផុស សឿន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។​ ទី​៧៖ ឈ្មោះ ក្រាក់ ទៀង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។ ​ទី​៨៖ ឈ្មោះ ឌិន ធុន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ។

ក្នុង​ប្រតិបត្តិការ​នោះ​ផង​ដែរ​ សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុ​តាង​មួយចំនួន​ដូចជា អាវុធ​ខ្លី​ចំនួន​១០​ដើម (​ម៉ាក​រ៉ូឡូ​ចំនួន​៣​ដើម​, ម៉ាក​កា​៥៩ ចំនួន​៣​ដើម​, ម៉ាក​កា​៥៤ ០៣​ដើម និង​ម៉ាក​MAC CAL 9mn ចំនួន​០១​ដើម​) វិទ្យុទាក់ទង ចំនួន​០៨​គ្រឿង និង​លិខិត​ប្រើប្រាស់​អាវុធ​ក្លែងក្លាយ រួមទាំង​សម្ភារ​មួយចំនួនធំ​។

លោក​រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៨​នាក់​នៅឡើយ​រហូតដល់​ល្ងាច​ថ្ងៃទី​២៥​កក្ក​ដា​នេះ។​

​ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ យក​ទៅ​សាកសួរ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​មួយចំនួន ដែល​កំពុងតែ​បម្រើការ​នៅតាម​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​បញ្ជូនមក​តុល​ការសម្រេច​តាមច្បាប់។

លក្ខណៈ​នៃ​បទល្មើស​ខាងលើ​នេះ​ គឺ​ពួកគេ​ប្រើប្រាស់​ឯកសណ្ឋាន​ក្លែងក្លាយ លិខិត​កាន់កាប់​អាវុធ​ក្លែងក្លាយ និង​តួនាទី​ក្លែងក្លាយ​ទាំងអស់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu