ក្រុមកីឡាករបាល់ទាត់ចម្រុះពីក្របខណ្ឌ J-League មកពីប្រទេសជប៉ុន នឹងមកប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៩ឆ្នាំ (U19) និងក្លិបបឹងកេតសមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 នៅដើមខែសីហា ខាងមុខនេះ។
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ហៅកាត់ CNCC បានលើកឡើងថា កម្មវិធីប្រកួតបាល់ទាត់មិត្តភាពនេះធ្វើឡើងដើម្បីជាផ្នែករឹតចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន ដោយក្រុម JFL Selection Team ជួបជាមួយ U19 បាទី នៅថ្ងៃសុក្រ ទី០៣ សីហា និង ថ្ងៃអាទិត្យ ទី០៥ ខែសីហា ដោយប្រើប្រាស់ទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញទាំង២ប្រកួត។
ប្រភពព័ត៌មានបន្តទៀតថា «សហព័ន្ធកីឡាបាល់ទាត់ជប៉ុន បញ្ជូនក្រុមកីឡាករបាល់ទាត់ JFL Selection Team មានន័យថា ក្រុមជម្រើសលីគជប៉ុន តែម្ដង ហើយធ្វើការប្រមូលផ្ដុំហ្វឹកហាត់នៅប្រទេសកម្ពុជា ដោយភាគីជប៉ុន ក៏សូមមានការប្រកួតមិត្តភាពជាមួយក្លិបកំពុងឈរទីកំពូលនៅកម្ពុជា មានន័យថាក្លិបបឹងកេត ហើយការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា។ មុនជួបជាមួយបឹងកេត នេះដែរក្រុម JFL Selection Team ក៏នឹងត្រូវជួបជាមួយ U19 បាទី ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុនដែរ»។
ដំណើរមកដល់ប្រទេសកម្ពុជា របស់ក្រុមជម្រើសJFL Selection Team ក៏មានការផ្លាស់ប្តូរកម្មវិធីប្រកួតក្នុងលីគកំពូលកម្ពុជា ចំនួន១ប្រកួតដែរគឺក្នុងប្រកួតរវាងក្លិបក្រសួងការពារជាតិ ប៉ះបឹងកេត ត្រូវបានប្ដូរពីថ្ងៃអាទិត្យ ទី០៥ សីហា មកកាន់ថ្ងៃទី២៧ ខែកក្កដា វិញ ព្រោះបឹងកេត ត្រូវប្រកួតជាមួយក្រុម JFL Selection Team នេះ។
កម្ពុជា និងជប៉ុន មានប្រវត្តិទំនាក់ទំនងគ្នាជាមួយជាច្រើននៅក្នុងវិស័យបាល់ទាត់ជាក់ស្តែងខាងជប៉ុនធ្លាប់បានគ្រូបង្វឹកចំនួន៣លើកហើយមកជួយបង្វឹកដល់សាលាបាល់ទាត់ជាតិកម្ពុជា ក្នុងគោលដៅពង្រឹងធនធានមនុស្សនៅឆ្នាំ២០២៣ ខាងមុខ ខណៈជប៉ុនក៏បានមកវិនិយោគបង្កើតក្លិបបាល់ទាត់ចំនួន២ នៅក្នុងលីគកំពូលកម្ពុជា គឺក្លិបសូលទីឡូអង្គរ និង ក្លិបអង្គរថាយហ្គឺរជាដើម៕
Source: Kampuchea Thmey Daily
0 Comments