កណ្តាល ៖ ស្នូរប៉ះទង្គិចមួយលាន់គ្រាំងបានទាញអារម្មណ៍អ្នកនៅជិតនោះ ក៏ដូចអ្នកដំណើរចោលភ្នែកក្រឡេកមើលឃើញបុរសម្នាក់ និង ម៉ូតូដួលនៅលើផ្លូវជាតិបែកក្បាលហូរឈាមស្លាប់ភ្លាមមួយរំពេច។ នេះបើតាមសាក្សីបញ្ជាក់ប្រាប់សមត្ថកិច្ច ខណៈចុះពិនិត្យកន្លែងកើតហេតុ។
នគរបាលផ្នែកចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍(ដួលខ្លួនឯងបណ្តាលអោយស្លាប់)នេះកើតឡើងនៅថ្ងៃអង្គារ១២កើត ខែទុតិយាសាឍ ឆ្នាំច ព.ស២៥៦២ត្រូវនឹងថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២៣និង១០នាទី ត្រង់ចំណុចស្តុបA9.ផ្លូវ២១កែង១១៥ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះធ្វើដំណើរដោយម៉ូតូម៉ាកSuzuki smash ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1O-0097 ឈ្មោះភឿន សាវុធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សាក្សីឃើញហេតុការណ៍និយាយថា នៅវេលាម៉ោងប្រហែល២៣យប់ ត្រង់ចំណុចផ្លូវបំបែកជាបួនឮសំឡេងម៉ូតូដួលយ៉ាងខ្លាំងហើយក៏ឃើញមនុស្សប្រុសម្នាក់ដេកនៅកណ្តាលថ្នល់ដោយក្បាលបែកហូរឈាមយ៉ាងច្រើនអ្នកជិតខាងនាំគ្នាទៅមើល ឃើញដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
នគរបាលចរាចរណ៍បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយបើកម៉ូតូដួលបោកក្បាលលើផ្លូវជាតិពេលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹង។ សាកសពត្រូវបានបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments