Ad Code

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ប្រវត្តិ​ល្អ​ជាងគេ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន រយៈពេល​១២​ឆ្នាំ​មកនេះ



គិត​មកទល់​ឆ្នាំ ២០១៨ នេះ​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឬ ជា​ភាសា​អង់គ្លេស​ហៅ​កាត់​ថា Hun Sen Cup បង្កើតឡើង​បាន​រយៈពេល​១២ ឆ្នាំ​មកហើយ​ស្របពេល​ពានរង្វាន់​មួយ​នេះ​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ២០០៧​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង (​ពីមុន​ឈ្មោះថា​ព្រះខ័ន​រាជ និង​ប្ដូរ​ទៅជា​ស្វាយរៀង​អែ​ហ្វ​ស៊ី​) ជា​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​នេះ​បាន​ច្រើនជាងគេ បើ​ធៀប​ទៅនឹង​ក្រុម​ដទៃ ពោលគឺ​៤​សម័យកាល​ម្នាក់ឯង​។



សារព័ត៌មាន​កម្ពុជា​ថ្មី សូម​ជម្រាប​ជូន​ពី​ប្រវត្តិ​ខ្លះៗ​ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​ប្រទេស​កម្ពុជា​មួយ​នេះ​តាំងពី​បង្កើត​ឡើង​នៅ​ឆ្នាំ​ដំបូង​រហូតមកដល់​ប​ច្ចុ​ប្បន្ន ដូចតទៅ​៖

សម្រាប់​ឆ្នាំ​ដំបូង​ពោលគឺ​នៅ​ឆ្នាំ ២០០៧ ជើងឯក​បាន​ទៅ​ក្រុម​ខេមរា​កីឡា ក្រោយ​យកឈ្នះ​ក្រុម​ណាហ្គា​ខ​ប (​ណាហ្គា​វើ​ល​) ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី ៤​ទល់​២ ស្របពេល​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ដោយ​លទ្ធផល​៤​ទល់​១​។ នៅ​គ្រានោះ បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ឈ្នះ​ពានរង្វាន់ ជា​ក្រុម​លេង​បានល្អ ឬ អាច​និយាយថា​ជា​ក្រុម Fair Play តែ​ពានរង្វាន់​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​បាន​ទៅ កីឡាករ គួច សុ​កុម្ភៈ របស់​ក្រុម​ខេមរា​កីឡា​។



​ចូល​ដល់​ឆ្នាំ​២០០៨ ដែលជា​ឆ្នាំ​ទី​២ ជើងឯក​ក្នុង​ពានរង្វាន់​នេះ​បាន​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​ម្ដង ក្រោយ​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ១​ទល់​០​។ នៅ​ឆ្នាំ​នោះ​ក្រុម​លេខ​៣ បាន​ទៅ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត បន្ទាប់ពី​យកឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ខេមរា​កីឡា ដោយ​លទ្ធផល ៣​ទល់​២ ស្របពេល​ក្រុម​ព្រះខ័ន​រាជ ទទួលបាន​ពានរង្វាន់​ក្រុម Fair Play ហើយ​កីឡាករ សុក ចាន​រស្មី របស់​ព្រះខ័ន​រាជ ឈ្នះ​ស្បែកជើង​មាស និង​កីឡាករ អ៊ុក ម៉ិច ឈ្នះ​ពានរង្វាន់​អ្នកចាំទី​ល្អ​។

​នៅ​ឆ្នាំ​២០០៩ ក្រុម​ភ្នំពេញ​ក្រោ​ន អាច​ការពារ​តំណែង​ជើងឯក​បានសម្រេច​ក្រោយ​យកឈ្នះ​លើ​ក្រុម​ណាហ្គា​ខ​ប ដោយ​លទ្ធផល ១​ទល់​០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​ព្រះខ័ន​រាជ ធ្លាក់​មកឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម​ភុជង្គនាគ​។ ពានរង្វាន់ Fair Play បាន​ទៅ​ក្រុម​ភុជង្គនាគ ហើយ​កីឡាករ​ដែល​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​ច្រើន​ជាង​គេ​គឺ គួច សុ​កុម្ភៈ របស់​ខេមរា​កីឡា​និង​អ្នកចាំទី ល្អ​បាន​ទៅ​កីឡាករ ហែម ស៊ី​ម៉ៃ របស់​បៀ​ល​ប្រាយ​។



​ដល់​ឆ្នាំ ២០១០ ក្រុម​ក្រសួងការពារជាតិ បានឈ្នះ​ជើងឯក​ពានរង្វាន់​នេះ​ម្ដង ក្រោយ​យកឈ្នះ​ក្រុម​ជើង​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣​ទល់​២ ហើយ​ក្រុម​ព្រះខ័ន​រាជ បន្ត​ឈរ​លេខ​៣ ដដែល​ក្រោយ​ឈ្នះ​ក្រុម​ណាហ្គា​ខ​ប ៣​ទល់​២​។ ឆ្នាំ​នោះ​ពានរង្វាន់ Fair Play បាន​ទៅ​ក្រុមព្រះ​ខ័ន​រាជ ហើយ​កីឡាករ គូ​ច សុ​កុម្ភៈ និង​កីឡាករ ស្រី វាសនា ឈ្នះ​ស្បែកជើង​មាស ក្រោយ​រក​គ្រាប់​បាល់​បាន​ស្មើគ្នា និង​កីឡាករ ប៉េង ប៊ុន​ឆាយ ឈ្នះ​ពានរង្វាន់​អ្នកចាំទី​ឆ្នើម​។

នៅ​ឆ្នាំ ២០១១ ជើងឯក​បាន​ក្រុម​ព្រះខ័ន​រាជ ម្ដង​ក្រោយ​យកឈ្នះ​ក្រុម​បៀ​ល​ប្រាយ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ២​ទល់​០ ស្រប​ពេល​ក្រុម​ណាហ្គា​ខ​ប ឈរ​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​ឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ក្រសួងការពារជាតិ​ដោយ​លទ្ធផល ១​ទល់​០​។ ពានរង្វាន់ Fair Play បាន​ទៅ​ក្រុម​ក្រសួងការពារជាតិ ហើយ​កីឡាករ ឃូ​ន ឡា​បូ​រ៉ាវី របស់​ព្រះខ័ន​រាជ ឈ្នះ​ស្បែកជើង​មាស និង​អ្នកចាំទី អ៊ុក ម៉ិច ឈ្នះ​ពានរង្វាន់​អ្នកចាំទី​ល្អ​ជាងគេ​ជា​លើក​ទី​២​។

ចូល​ដល់​ឆ្នាំ ២០១២ ក្រុមព្រះ​ខ័ន​រាជ បាន​បន្ត​ការពារ​ជើងឯក​បានសម្រេច​ក្រោយ​ឈ្នះ​លើ​ក្រុម​ណាហ្គា​ខ​ប ដោយ​លទ្ធផល ២​ទល់​១ ក្នុង​ម៉ោង​បន្ថែម ១៥ នាទី​ចំនួន​២​ដង​។ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ ហើយ​ក្រុម​ឆ្លាម​សមុទ្រ ជាប់​លេខ​៤​។ ណាហ្គា​ខ​ប ដែល​ជា​ក្រុម​ជើងឯក​ឈ្នះ​ពានរង្វាន់ Fair Play ហើយ​កីឡាករ ឃូ​ន ឡា​បូ​រ៉ាវី របស់​ព្រះខ័ន​រាជ ឈ្នះ​ស្បែកជើង​មាស ស្របពេល​អ្នកចាំទី ស សុភា របស់​ព្រះខ័ន​រាជ ឈ្នះ​ពាន​អ្នកចាំទី​ឆ្នើម​។

​ចំណែក​ឆ្នាំ ២០១៣ វិញ​ក្រុម​ណាហ្គា​ខ​ប ស្គាល់​រស់ជាតិ​ជើងឯក​វិញ ម្ដង​ក្រោយ​ខកខាន​ត្រឹម​វគ្គ​ផ្ដាច់ព្រ័ត្រ ៣ លើក​មក​។ ណាហ្គា​ខ​ប បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ ដោយ​លទ្ធផល ៥​ទល់​៣ ក្នុង​វគ្គ​ម៉ោង​បន្ថែម​១៥ នាទី​ចំនួន​២​ដង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ស្របពេល​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ៣​ទល់​១​។ ភ្នំពេញ​ក្រោ​ន ក៏​ឈ្នះ​ពានរង្វាន់ Fair Play ហើយ​កីឡាករ ចាន់ វឌ្ឍនាកា របស់​ចំការកៅស៊ូ​បឹងកេត ឈ្នះ​ស្បែកជើង​មាស ស្រប​ពេល​អ្នកចាំទី ផន រតនា របស់​ណាហ្គា​ខ​ប ឈ្នះ​ពានរង្វាន់​អ្នកចាំទី​ឆ្នើម​។

ក្នុង​ឆ្នាំ ២០១៤ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឈ្នះ​ជើងឯក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ក្រោយ​បំបាក់​ក្រុម​បៀ​ល​ប្រាយ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ២​ទល់​០ ខណៈ​ក្រុម​ចំការកៅស៊ូ​បឹងកេត ឈ្នះ​ជើងឯក​រង ក្រោយ​ឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល​។ ពានរង្វាន់ Fair Play បាន​ទៅ​ក្រុម​ចំការកៅស៊ូ​បឹងកេត ហើយ​កីឡាករ ឃួន ឡា​បូ​រ៉ាវី របស់​ក្រុម​នេះ​ឈ្នះ​ស្បែកជើង​មាស ស្របពេល​អ្នកចាំទី វ័យក្មេង ប្រាក់ ភា​រុណ របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈ្នះ​ពានរង្វាន់​អ្នកចាំទី​ល្អ​។

នៅ​ឆ្នាំ ២០១៥ កន្លងទៅ​ជើងឯក​បានមក​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី ក្រោយ​យកឈ្នះ​លើ​ក្រុម​ណាហ្គា​វើ​ល ដោយ​លទ្ធផល ២​ទល់​១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ចំណែក​ក្រុម​លេខ​៣ គឺ​ត្រាយ​អាស៊ី​ភ្នំពេញ (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​) និង​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ​។ កីឡាករ​ដែល​ទា​ត់ប​ញ្ជូ​ល​ទី​បាន​ច្រើន​គឺ ប្រាក់ មុន្នី​ឧ​ត្ត​ម របស់​ស្វាយរៀង​អែ​ហ្វ​ស៊ី ហើយ​អ្នកចាំទី​ល្អ​បាន​ទៅ​កីឡាករ អាំ សុវណ្ណ​រ៉ាត់ របស់​ក្រុម​ម្ចាស់​ស្រុក​ផងដែរ​។



ចំណែក​ចុងក្រោយ​នៅ​ឆ្នាំ​២០១៦ ចុងក្រោយ​ជើងឯក​បាន​ទៅ​ក្រុម​ក្រសួងការពារជាតិ ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​ជើងឯក​រង ខណៈ​ភ្នំពេញ​ក្រោយ ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​។ កីឡាករ សូង វីរៈ របស់​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ទទួលបាន​ពានរង្វាន់​ស្បែកជើង​មាស ក្រោយ​រក​គ្រាប់​បាល់​បាន​២៥​គ្រាប់​ម្នាក់ឯង ខណៈ​ស្រោមដៃ​មាស​បាន​ទៅ​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន របស់​ក្រសួងការពារជាតិ ក្រោយ​ជួយ​ក្រុម​ឱ្យបាន​ឈ្នះ​ជើងឯក​។ ក្រុម​ភ្នំពេញ​ក្រោ​ន ទទួលបាន​ពានរង្វាន់ Fiar Play​។

ចុងក្រោយ​នៅ​ឆ្នាំ​២០១៧ នេះ​ពានរង្វាន់​សម្តេច​តេ​ជោ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ម្ចាស់​ជើងឯក ខណៈ​ក្រុម​ណាហ្គា​វើ​ល ជា​ជើងឯក​រង ហើយ​ក្រុម​ថ្មីថ្មោង​អគ្គីសនី​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​៣​។​ក្រុម Fair Play បាន​ទៅ​ក្រុម​បឹងកេត​, អាជ្ញាកណ្ដាល​ល្អ បាន​ទៅ​លោក ជី សាម​ឌី​, ស៊ុន ដារ៉ាវុធ​, ជី សុភាព​, សៀង សុភ​ក្រ​, អ្នកចាំទី​ល្អ បាន​ទៅ អោម ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​), កីឡាករ​ល្អ បាន​ទៅ ប្រាក់ មុន្នី​ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​), អ្នក​ស៊ុត​ចូល​ទី​ច្រើនជាងគេ បាន​ទៅ ឃួន ឡា​បូ​រ៉ាវី (​បឹងកេត​),​គ្រូបង្វឹក​ល្អ បាន​ទៅ​លោក សំ វ៉ាន់​ដេ​ត (​ព្រះខ័ន​រាជ​ស្វាយរៀង​)​។​

​ចំណែក​ឆ្នាំ​២០១៨ នេះ​ប្លែក​ជា​រាល់​ឆ្នាំ​ដោយ​តម្រូវឱ្យ​ក្រុម​ចូលរួម​ចូលរួម​បែង​ចែកជា​២​វគ្គ​គឺ​វគ្គ​ថ្នាក់​ខេត្ត និង​វគ្គ​ថ្នាក់ជាតិ ដែលមាន​ក្រុម​ចូលរួម​៣៤​ក្រុម ដោយ​ដំណើរ​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៨ ទើប​ស្វែងរក​ក្រុម​ជើងឯក​ប្រចាំឆ្នាំ​។ ពេលនេះ​ការប្រកួត​ទើបតែ​ធ្វើដំណើរ​ដល់​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​វគ្គ​៨​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ ដោយ​មិនទាន់​រកឃើញ​ម្ចាស់​ជើងឯក​នៅឡើយ​ទេ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu