Ad Code

អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ មកពី​ជុំវិញ​ពិភពលោក នឹង​បង្ហាញ​ពី​ការពិត​នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា



ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ លោក កឹម​រ័ត្ន វិសិដ្ឋ បាន​លើកឡើង​ថា នៅក្នុង​ការបោះឆ្នោត​អាណត្តិ​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ជាច្រើន​មកពី​ជុំវិញ​ពិភពលោក ហើយ​ពួកគាត់ នឹង​និយាយ​ពីអ្វី​ដែលជា​ការពិត​នៅ​កម្ពុជា​។

លោក កឹម​រ័ត្ន វិសិដ្ឋ លើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​។ លោក​ថ្លែង​ថា សម្រាប់​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ​ចំនួន​១០៣៦​នាក់​បាន​ចួ​ល​រួម ហើយ​ចំនួន​នេះ ពួកគាត់​ជា​សមាជិក​របស់​អង្គការ សមាគម ដែលជា​អង្គការ សមាគមជាតិ​នៅ​កម្ពុជា ដែល​បានបង្ហាញ​នូវ​ការ​ស្ម័គ្រ​ចូលរួមចំណែក​នៅក្នុង​កា​រ​សង្កេតការណ៍​។ ដោយឡែក​តួរ​លេខ​របស់ គ​.​ជ​.​ប គឺជា​តួ​លេខ​មួយ រួមទាំង​អ្នកសង្កេតការ​ណ៍​ជាតិ​ផ្សេងទៀត ក្រៅពី​ក្របខណ្ឌ​របស់​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ដែលជា​អ្នកធ្វើការ​សម្របសម្រួល ហើយ​ចំនួន​១០៣៦​នាក់​នេះ បាន​ចុះបញ្ជី​រួចហើយ​នៅ គ​.​ជ​.​ប ។ ចំណែក​អ្នកសង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន​២២០​នាក់ មកពី​៥២​ប្រទេស ដែលជា​ចំនួន​មួយ​ច្រើនជាង​កន្លងមក ហើយ​អ្នកសង្កេតការណ៍​អន្តរជាតិ​ទាំងនេះ សុទ្ធតែជា​អ្នកមាន​បទពិសោធន៍​នៅក្នុង​ការសង្កេត​ការណ៍​បោះឆ្នោត​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ពីព្រោះ​ពួកគាត់​ជា​តំណាង​ឲ្យ​ស្ថាប័ន​ធំៗ​ដូចជា អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI), សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) និង​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​-​ប៉ាស៊ីហ្វិក (CAPDI) ជាដើម​។

តាម​លោក កឹម​រ័ត្ន វិសិដ្ឋ បណ្តា​អ្នកសង្កេតការណ៍​អន្តរជាតិ​ទាំងនោះ គឺ​មក​ធ្វើការ​សង្កេតការណ៍​ដោយ​ស្ម័គ្រចិត្ត យើង​មិន​មាន​សិទ្ធិ​អ្វី​ក្នុង​ការ​ណែនាំ​ឲ្យ​ពួកគាត់​ចេញ​សេចក្តី​ថ្លែងការណ៍​នោះ​ទេ តែ​យើង​ជឿ​ថា ពួកគាត់​មក​សង្កេតការណ៍​ចង់​ការពិត​ពី​កម្ពុជា ដូច្នេះ​ពួកគាត់​នឹង​និយាយ​អ្វីដែល​ពិត​ពី​កម្ពុជា​។ ចំពោះ​ការ​ចំណាយ​ផ្សេងៗ ស្ថិត​នៅ​លើ​ពួកគាត់​ផ្ទាល់ ខាង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​គ្រាន់តែ​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​ស្នាក់នៅ​តែប៉ុណ្ណោះ ហើយ​ពួកគាត់​នឹង​មកដល់​កម្ពុជា នា​ថ្ងៃទី​២៧ ខែកក្កដា មុន​ការបោះឆ្នោត ដើម្បី​ធ្វើ​ជំនួប​ផ្សេងៗ​តាម​គំរោង​របស់​ពួកគាត់ ហើយ​នៅពេល​ចប់​ការងារ​ពួកគាត់ មួយចំនួន​អាច​ត្រឡប់​ទៅវិញ ហើយ​មួយ​ចំនួន​ទៀត អាច​ស្នាក់នៅ​កម្ពុជា​បន្តទៀត ដើម្បី​ធ្វើ​ទេសចរ​ណ៍​តាម​តំបន់​នានា ជាពិសេស​ប្រាសាទអង្គរវត្ត​។

តាម​លោក កឹម​រ័ត្ន វិសិដ្ឋ បញ្ជាក់ដែរ​ថា ក្រៅពី​អង្គការ ស្ថាប័ន​ធំៗ​ខាងលើ ក៏​នៅ​មាន​អង្គការ សមាគម​ធំៗ​មកពី​ទ្វីបអឺរ៉ុប អាស៊ី មួយចំនួនទៀត ដែល​នឹង​មាន​វត្តមាន​ធ្វើជា​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា ដែល​ដូចជា អន្តរ​សភា​អាស៊ាន ដែល​ហៅ​គាត់​ថា AIPA សភា​តំបន់​អាស៊ី ដែល​ហៅ​កាត់​ថា APA និង​ក្រុម​សភា​និយាយ​ភាសា​បារាំង ដែល​ហៅ​កាត់​ថា APF ដែល​នឹងចូលរួម​សង្កេតការណ៍ បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខនេះ តាមរយៈ​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។

បន្ទាប់ពី​បញ្ចប់​ការងារ​សង្កេតការណ៍​បោះឆ្នោត ក្រុម​អ្នកសង្កេតការ​អន្តរជាតិ នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក​ក្រុម​អ្នកសង្កេតការណ៍​ជាតិ គ្រោង​នឹង​ធ្វើ​សន្និសីទ​នៅ​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ពី​ការពិត​នូវ​ដំណើរការ​បោះឆ្នោត ក្នុងនាម​ជា​សាក្សី ដែល​បាន​ចុះទៅ​សង្កេតការណ៍​ដោយផ្ទាល់ នៅតាម​ការិយាល័យ​បោះឆ្នោត​នានា។

សូម​ជម្រាប​ថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​ហៅ​កាត់​ថា វ​.​ស​.​ស​.) ដែល​សម្រប​សម្រួលការ​ងារ​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ជា​ស្ថាប័ន​មួយ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​សម្របសម្រួល និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ឱ្យ​កាន់តែ​ជិតស្និទ្ធ​និង​បង្កើត​នូវ​បរិយាកាស​សហការ​ដោយស្មោះ​ត្រង់ សំដៅ​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu