Ad Code

ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ​បាន​១​សប្ដាហ៍​ ម្ចាស់​ប្រទះឃើញ​ម៉ូតូ​ ចត​លើ​ផ្លូវ​រថភ្លើង ​ហៅ​សមត្ថកិច្ច​ចាំ​ស្ទាក់​ចាប់​បាន ជាមួយ​​​ថ្នាំញៀន​១​កញ្ចប់​ធំ



ភ្នំពេញ ​៖ ​ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់​ខ្លួន ក្រោយពី​ជនសង្ស័យ​រួប​នេះ ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ​បាន​១​សប្តាហ៍ ហើយ​ត្រូវ​ម្ចាស់​គេ​ប្រទះឃើញ​ម៉ូតូ​ចត​លើផ្លូវ​រថភ្លើង​ ទើប​​​ហៅ​សមត្ថកិច្ច ចាំ​ស្ទាក់​ចាប់បាន​តែម្តង ដោយ​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​ធំ​ថែមទៀត​។​

ជន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១០​និង​១០​នាទី​ព្រឹក នៅ​ចំណុច​លើ​រថភ្លើង ស្ថិត​ក្នុង​​ក្រុម​ទី​១៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​បាន​ប្រព្រឹត្តិ​ករណី​លួច​ម៉ូតូ​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៧១ ផ្លូវ​លេខ​៥៩៨ ក្រុមទី​២ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់។

សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហួត សុខ​ហេង ហៅ ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ពុំ​ចាំ​លេខ ផ្លូវ​រថភ្លើង ក្រុម​ទី​១៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ នគរបាល​បាន​ធ្វើ​ការ​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Suzuki Nex ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-7091 (​ជា​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ជនសង្ស័យ​លួច​), ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​១​កញ្ចប់​ធំ និង​លុយ​ខ្មែរ​ចំនួន​៤០០.០០០៛ (​សែសិប​ម៉ឺន​រៀល​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ លន់ សុខុម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ផ្ទះ​ជួល​លេខ​៧១ ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

នគរបាល​បន្ត​ថា នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់ ជនរងគ្រោះ​ឈ្មោះ លន់ សុខុម បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Suzuki Nex ស៊េរី​ឆ្នាំ​២០១៤ ចេញពី​ធ្វើ​ជាងសំណង់​នៅ​ម្ដុំ​ការ​សំណង់​ផ្សារ​ថ្មី ត្រឡប់មក​ផ្ទះជួល​វិញ ពេលមកដល់​ផ្ទះ ជនរងគ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅ​ខាងក្នុង​បរិវេណ​ផ្ទះជួល​ខាងលើ​បន្ទប់​ជួល​ខ្លួន ដោយ​មិនបាន​ចាក់សោ​.​ក​ម៉ូតូ​ទេ រួចហើយ​ជនរងគ្រោះ​ក៏បាន​ចូលទៅក្នុង​បន្ទប់​ជួល​របស់ខ្លួន​ទៅ​។ ប្រហែល​១៥​នាទី ជនរងគ្រោះ​ក៏​ចេញ​បម្រុង​ទៅ​ទិញ​បាយ​ហូប​នៅ​ខាងក្រៅ ស្រាប់តែ​មកដល់​កន្លែង​ទុក​ម៉ូតូ​វិញ ក៏​បាត់​តែម្ដង​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ម៉ូតូ​ខ្លួន​មកវិញ។ លុះ​មក​ដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១០​និង​១០​នាទី​ព្រឹក ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ទៅធ្វើ​ការ​ជាជាង​សំណង់​នៅ​ការដ្ឋាន​សំណង់​នៅ​ម្ដុំ​ផ្សារ​ថ្មី​។ លុះ​ពេល​ជនរងគ្រោះ​ជិះ​តែម្នាក់ឯង​មកដល់​ចំណុច​ផ្លូវ​រថភ្លើង ក្រុមទី​១៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក៏​ឃើញ​ម៉ូតូ​របស់ខ្លួន ដែល​បាត់​នោះ ចត​នៅលើ​ផ្លូវ​រថភ្លើង​។ ភ្លាមនោះ ជនរងគ្រោះ​ក៏​បានមក​រាយការណ៍​ប្រាប់​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​នៅ​មូលដ្ឋាន​នៅជាប់​ព្រំប្រទល់​គ្នា និង​សង្កាត់​ស្រះចក ទើប​ជួយ​អន្តរាគមន៍ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហួត សុខ​ហេង ហៅ ហេង និង​ចាប់​យក​ម៉ូតូ​របស់​ជនរងគ្រោះ ព្រមទាំង​ឆែក​នៅក្នុង​ខ្លួន​ជនសង្ស័យ​រូបនេះ មាន​វត្ថុតាង​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​ធំ នៅក្នុង​ហោប៉ៅ​ខោ​ខាងស្ដាំ។ ភ្លាម​នោះ​ កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ រួម​នឹង​វត្ថុតាង (​ម៉ូតូ​របស់​ជនរងគ្រោះ និង​ក្រាម​ពណ៌​ស​ថ្លា​មួយ​កញ្ចប់​ធំ​) បញ្ជូន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្ដង។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហួត សុខ ហេង សមត្ថកិច្ច​បាន​យក​ទឹកនោម​ជនសង្ស័យ​រូបនេះ មក​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល​មាន​ភាព​វិជ្ជមាន (​មាន​សារធាតុ​ញៀន​)​។​

បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ហួត សុខ​ហេង កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ តាម​ការ​ស្នើសុំ ដោយមាន​ការ​ឯកភាព​ពី​លោក ចែ សុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu