Ad Code

ក្លិប​វិសាខា រៀបចំ​កម្មវិធី​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់ នៅ​ខេត្តព្រៃវែង ក្នុង​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សប្ដាហ៍​នេះ



ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម​ញ​បូជា (Metfone Cambodian League 2018) បានប្រកាសថា​ សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង (​ស​.​ស​.​យ​.​ក​) នឹង​រៀបចំ​កម្មវិធី​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់ ធ្វើឡើង​នៅ​ទីលាន​បាល់ទាត់ ភូមិ​លេខ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ។

​យោង​តាម​ប្រភព​ព័ត៌មាន​របស់​ក្លិប​ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៧ មួយ​នេះ​បាន​លើក​ឡើង​ថា ​សិស្សានុសិស្ស និង កុមារកំព្រា​ដែល​ចូលរួម​នឹង​ទទួលបាន​ការបង្ហាត់បង្ហាញ ចែករំលែក​បទពិសោធន៍​បាល់ទាត់​ពី​សំណាក់​ក្រុម​កីឡាករ​ក្លិប ក្រោម​អធិបតីភាព​ឯកឧត្តម ស សុខា ប្រធាន​ក្លិប​វិសាខា​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង​។ ក្រៅពីនេះ​យុវជន​ទាំងអស់​នឹង​បាន​លេងល្បែង​កម្សាន្ដ និង ទទួលបាន​សម្ភារៈ​កីឡា​ពី​ឯកឧត្តម ស សុខា ទៀតផង​។



​នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​ដឹកនាំ​ដោយ​លោក ហុក សុ​ជីវ័ន ជា​គ្រូ​បង្គោល បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តព្រៃវែង ខណៈ​កាលពី​លើកដំបូង​ធ្វើឡើង​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ មាន​រៀបចំ​ជាការ​ចែករំលែក​បទពិសោធ​ន៍​បាល់ទាត់​អំឡុងពេល​ស​ង្ក្រា​ន​ព្រៃវែង តែ​ពុំមាន​ការចែក​សម្ភារៈ​ទេ តែ​ពេលនេះ​បន្ថែម​កម្មវិធី​ពិសេស​ច្រើនជាង​មុន​។



ក្រុម​វិសាខា បាន​បង្កើតឡើង​ពីថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម ស សុខា ។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជិត​៣០​នាក់ ដែលមាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន មាន​ទីតាំងនៅ​តាមផ្លូវ​លេខ​៥៩៨ ខាងឆ្វេង​ដៃ​ខ្លោងទ្វារ Grand Phnom Penh​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​។



ក្រុម​នេះ​ជា​បេក្ខភាព​មួយ​មិនអាច​មើល​រំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​នៅ​ឆ្នាំ​ចាស់​នេះ ខណៈ​ឆ្លងកាត់​១៤​ប្រកួត​មកនេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិសាខា ឈរ​លេខ​២​ក្នុង​តារាង​រួម​ដែលមាន​១២​ក្រុម​ក្រោយ​ប្រកួត​ឈ្នះ​១១ លើក​ស្មើគ្នា​២​លើក និង​ចាញ់​៣​លើក មាន​៣៥​ពិន្ទុ​ក្នុង​ដៃ​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu