Ad Code

ក្រសួងកសិកម្ម​ ប​ញ្ជូន​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ផលប៉ះពាល់​លើ​វិស័យ​កសិកម្ម​នៅតាម​បណ្តា​ខេត្ត​ដែល​រងគ្រោះ​ដោយ​សារ​ទឹកជំនន់



ភ្នំពេញ​ ៖​ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ បា​ន​បញ្ជូន​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​លើ​វិស័យ​ក​សិកម្ម​នៅតាម​បណ្តា​រាជធានី​ខេត្ត​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ដើម្បី​រៀបចំ​ផែន​ការជួយ​ដោះស្រាយ​និង​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។

លោក​ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍​ កាលពី​ថ្ងៃទី​២៤ ​ខែកក្កដា ​ឆ្នាំ​២០១៨​ឲ្យ​ដឹង​ថា ​ក្រសួងកសិកម្ម​បាន​ប​ញ្ជូន​ក្រុមការងារ​ចំនួន​៣​ក្រុម ​ចុះទៅ​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​នៅ​ខេត្តកោះកុង បន្ទាយមានជ័យ​និង​ខេត្តកំពង់ស្ពឺ​ដើម្បី​វាយតម្លៃ​និង​ធ្វើ​របាយការណ៍​មក​ក្រសួង​ដោះស្រាយ​។

​លោក ហ៊ាន វណ្ណ​ហន ​បាន​បន្ត​ថា ​ក្រុមការងារ​នេះ​នឹង​ចុះ​វាយ​តម្លៃ និង ​ពិនិត្យ​ផ្ទាល់​ពី​ផល​ប៉ះពាល់​ជាក់ស្តែង​ ទៅលើ​ទំហំ​ការខូចខាត​ដូចជា​ស្រូវ​និង​ផលដំណាំ​ផ្សេងៗ ក៏ដូចជា​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូច​ខាត​ទាំង​ស្រុង ​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់ ​ដើម្បី​ធ្វើ​ការ​ដាំដុះ​ស្រូវ​និង​ដំណាំ​រួមផ្សំ​ឡើងវិញ​ជា​បន្ត​ទៀត​នៅពេល​ទឹក​ស្រក​ទៅវិញ។

តែ​យ៉ាងណាក៏ដោយ លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បន្ថែម​ទៀត​ថា ​ការ​ផ្តល់​ពូជស្រូវ ​ឬ ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ​គឺ​អាស្រ័យទៅ​លើ​ស្ថានភាព​ទីតាំង​ដីស្រែ​នីមួយៗ​ជា​មុនសិន​ព្រោះថា​ ជាទូទៅ​ស្រូវ​រង​ការ​លិចលង់​ពេល​មាន​ទឹកជំនន់​អាចមាន​ការខូចខាត​១០ ០​ភាគរយ​ស្រូវ​ខ្លះ​គ្រាន់តែ​ការលូតលាស់​មិនបាន​ល្អ​និង​ស្រូវ​ខ្លះទៀត​លូតលាស់​បាន​ល្អ​ទៅវិញ​ពេល​មាន​ជំនន់​។



​លោក​ហ៊ាន វណ្ណ​ហន បាន​បញ្ជាក់ថា​ សម្រាប់​ឆ្នាំ​២០១៨​នេះ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ត្រៀម​ពូជស្រូវ​២​ពាន់​តោន ពូជ​បន្លែ​៣០​តោន​និង​អង្ករ​៥​ពាន់​តោន​ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាកសិករ​នៅពេល​មាន​គ្រោះធម្មជាតិ​ដូចជា​គ្រោះ រាំងស្ងួត ​ឬ​គ្រោះទឹកជំនន់​ជាដើម​។

ចំណែក​លោក ឃុន សុខា ប្រធាន​នាយកដ្ឋាន​ត្រៀម​បង្ការ​និង​បណ្តុះបណ្តាល​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះ​មហន្ត​រាយ​បាន​ឲ្យ​ដឹង​ថា ​គ្រោះទឹកជំនន់​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​មាន​ទំហំ​តូច​នៅឡើយ​ ហើយ​មិន​មាន​ផល​ប៉ះ​អ្វី​ធ្ងន់ធ្ងរ​នោះដែរ​។

លោក​កែវ​ វី​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​៨​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​១៧​ រហូតដល់​ថ្ងៃទី​២៣​ ខែកក្កដា ​កន្លង​ទៅ​នេះ​ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៧​ពាន់​គ្រួសារ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​រាជធានី​ភ្នំពេញ កំពត កោះកុង ព្រះសីហនុ កែប និង​បាត់ដំបង​និង​លិចលង់​ដំណាំ​ស្រែចម្ការ​ចំនួន​៩២១៤​ហិកតា​ក្នុងនោះ​ខូចខាត​មាន​៩៦​ហិកតា​។

ជា​មួយ​គ្នា​នេះដែរ​ ជំនន់​ទឹកភ្លៀង​នេះ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីទួល​មាន​សុវត្ថិភាព​ចំនួន​១៤១៦​គ្រួសារ ផ្ទះ​រង​ការ​ខូចខាត​៦​ខ្នង សាលារៀន​១០​កន្លែង វត្ត​អារាម​១០ វិហារ​ចាម​៦ បាត់គោ​១៤​ក្បាល លិច​ស្ពាន​៩ ដោយ​ក្នុងនោះ ខូចខាត​ស្ពានឈើ​២ និង​ស្រះ​ចិញ្ចឹម​ត្រី​៧​។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដដែល​បាន​បន្ថែម​ថា ជំនន់​ទឹកភ្លៀង​នេះ មិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុ​ស្សណា​ម្នាក់​នៅឡើយ​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu