Ad Code

រដ្ឋសភា​ឆ្លើយតប ខឹម វាសនា ​៖​ រដ្ឋសភា​បញ្ចប់​នីតិកាល​ហើយ ពុំ​អាច​ធ្វើ​ការងារ​ទាក់ទង គ​.​ជ​.​ប បានទេ



ភ្នំពេញ​ ៖ រដ្ឋសភា​បាន​ឆ្លើយតប​សំណើ​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ហើយ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ទាក់ទង​គំនូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​នៅលើ​សន្លឹកឆ្នោត ដោយបាន​បញ្ជាក់ថា រដ្ឋសភា​បញ្ចប់​នីតិកាល​របស់ខ្លួន​ហើយ ពុំ​អាច​ចាត់ចែង​ការងារ​ដទៃ​បានឡើយ ជាពិសេស​ការងារ​ទាក់ទង គ​.​ជ​.​ប នេះ​បើតាម​លិខិត​របស់លោក ឡេង ប៉េងឡុង​។​

លោក ឡេង ប៉េងឡុង បានបញ្ជាក់​បែបនេះ បន្ទាប់ពី​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានស្នើ​ទៅកាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឲ្យ​មាន​ចំណាត់ការ​ទៅលើ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ចង់​ឲ្យ​មានការ​គូសសញ្ញា​ធី​ក (✔) តែមួយ​នៅលើ​សន្លឹកឆ្នោត​។​

លិខិត​របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា រដ្ឋសភា​បាន​បិទ​បញ្ចប់​សម័យប្រជុំ​របស់​ខ្លួន តាំងពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​មកម្ល៉េះ​។ បច្ចុប្បន្ន​រដ្ឋសភា​មាន​សិទ្ធិ​ត្រឹមតែ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ពុំ​អាច​ចាត់ចែង​ការងារ​ដទៃ​បានឡើយ ជាពិសេស​ការងារ​ពាក់​ព័ន្ធ​នឹង​ស្ថាប័ន​ដទៃ ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាដើម​។​

លោក ឡេង ប៉េងឡុង បាន​គូសបញ្ជាក់​ក្នុង​លិខិត​ផ្ញើជូន​លោក ខឹម វាសនា ថា អនុលោម​តាម​មាត្រា ១៥០​ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ កថាខណ្ឌ​ទី​២ ចែងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវអនុវត្ត​សមត្ថកិច្ច​របស់ខ្លួន​ប្រកបដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​មាត្រា​១៣ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កថាខណ្ឌ​ទី​១ ចែងថា ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវអនុវត្ត​តួនាទី​របស់ខ្លួន ដោយ​មិន​លម្អៀង ដោយ​ឈរលើ​គោលការណ៍​គោរព​ច្បាប់ ដោយ​មិន​ទទួល​ការ​គាប​សង្កាត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬ ការបង្គាប់បញ្ជា​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​បុគ្គល ឬ ស្ថាប័ន​ណាមួយ​ឡើយ​។ យោងតាម​មាត្រា​ទាំងពីរ​ខាងលើនេះ លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា រដ្ឋសភា​ពុំមាន​សមត្ថកិច្ច​ជ្រៀតជ្រែក ឬ បង្គាប់បញ្ជា​កិច្ចការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលជា​ស្ថាប័ន​ឯករាជ្យ​បានឡើយ​។​

សូមបញ្ជាក់ថា ថ្មីៗ​នេះ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានដាក់​លិខិត​ទៅ​រដ្ឋសភា ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋសភា​ពិនិត្យ និង​កែសម្រួល​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ស្តីពី​ការ​គូសសញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត ហើយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ លោក ខឹម វាសនា បាន​លើក​ឡើង​ថា សម្រាប់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ជា​ជំហរ គឺ​យើង​ចង់​ឲ្យ​យក​សញ្ញា​ធី​ក (✔) ឬ​សញ្ញា​ប្រហាក់ប្រហែល តែ​យ៉ាងណា​ត្រូវ​គូស​នៅ​លើ​ប្រអប់​បួន​ជ្រុង​ទ្រវែង​តូច ហើយ​បើ​សញ្ញា​អី​ក៏​យក នៅ​កន្លែង​ណា​ក៏​យក វា​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត បាត់​គោល​ការ​ណ៍​សម្ងាត់​នៃ​ការបោះឆ្នោត ដូច្នេះ​វា​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​។​

ទាក់ទង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ទេព នីថា បានចេញ​លិខិត​មួយ​ប្រកាស​ច្រានចោល​ការស្នើសុំ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​សំអាង​ហេតុថា ទី​១, ការតម្រូវ​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​ធី​ក (✔) តែមួយគត់ ដើម្បី​គាំទ្រ​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត គឺ​មិន​ឆ្លុះបញ្ចាំង​អំពី​បទបញ្ញត្តិ ក្នុង​កថាខណ្ឌ​ទី​២ នៃ​មាត្រា​១០៥ និង​មាត្រា​១២០​ដែល​កំណត់​អំពី​របៀប​គូស​លើ​សន្លឹកឆ្នោត ដែល​ត្រូវ​ចាត់ទុកជា​បានការ តាមរយៈ “​គំនូស​សញ្ញា​” នោះឡើយ​។ តាម​ស្មារតី​នៃ​បទបញ្ញត្តិ​នេះ គ្មាន​បានចែង​តម្រូវ​ឲ្យ​អ្នកបោះឆ្នោត​ត្រូវតែ​គូសសញ្ញា​នេះ​តែមួយគត់​នោះឡើយ​។ មានន័យថា ច្បាប់​អនុញ្ញាត​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​គាំទ្រ​ទូទៅ​នៅលើ​សន្លឹកឆ្នោត វៀរលែងតែ​គំនូស​សញ្ញា​ទាំងឡាយណា ដែល​ធ្វើ​អោយគេ​សំគាល់​បាន​នូវ​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត ដូច​ចែង​ក្នុង​ចំណុច​៣ នៃ​កថា​ខ័​ណ្ឌ​៣ មាត្រា​១២០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​ច​.​ប​.​ត​.​រ​)​។​

ទី​២, ការទទួលយក​ជា​បានការ​នូវ​គំនូស​សញ្ញា​គាំទ្រ​ជាទូទៅ​នេះ ត្រូវបាន​អនុវត្ត​តាំងពី​ការបោះឆ្នោត​សភាធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ​អ៊ុនតាក់​មកម្ល៉េះ ហើយ​បទពិសោធន៍​ដ៏​ល្អ​នៃ​គំនូស​សញ្ញា​គាំទ្រ​ជាទូទៅ​នេះ ក៏ត្រូវ​បាន​បន្ត​អនុវត្ត​សម្រាប់​ការបោះឆ្នោត​ក្រោយ​ក្រោយ​ទៀត ក្នុង​គោលបំណង​ធានា​ការពារ​សំឡេងគាំទ្រ​របស់​អ្នកបោះឆ្នោត​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​។ ទី​៣, តាម​ការសិក្សា​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ដូចជា​នៅ​ចក្រភព​អង់គ្លេស​ជាដើម គេ​មិនដែល​តម្រូវ​ឲ្យ​អ្នកបោះឆ្នោត​ត្រូវតែ​គូសសញ្ញា​គាំទ្រ​ជាក់លាក់​ណាមួយ​នៅលើ​សន្លឹកឆ្នោត​នោះឡើយ​។​
លោក ទេព នីថា បញ្ជាក់​ទៀត​ថា ស្ថិតក្នុង​លក្ខខណ្ឌ​ដែល គ​.​ជ​.​ប បានកំណត់​នេះ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការបោះឆ្នោត​ដូច​មាន​ចែង​នៅក្នុង​មាត្រា​១០៦​នោះទេ​។ ជន​ណា​ដែល​ព្យាយាម​ដោយ​ទុច្ចរិត ក្នុង​គោលបំណង​កត់​សំគាល់ ដើម្បី​ឱ្យ​ដឹង​ថា អ្នកបោះឆ្នោត​ណា​ម្នាក់ ឬ​ច្រើន​នាក់​បាន​បោះឆ្នោត​ឲ្យ​​​​​គណបក្ស​នយោបាយ​ណាមួយ នឹង​ត្រូវ​ទទួល​ការព្រមាន​ពី​ប្រធាន​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។ ក្នុងករណី​នៅតែ​ធ្វើ​សកម្មភាព​ដដែល​ឡើងវិញ​ជា​លើក​ទី​២ នឹងត្រូវ​ចាត់ទុកថា ជាការ​រំលោភ​លើ​ការសម្ងាត់​នៃ​ការបោះឆ្នោត ហើយ​ជន​ដែល​មាន​ការ​ពាក់ព័ន្ធ​ត្រូវ​បណ្ដេញ​ចេញពី​ការិយាល័យ​រាប់​សន្លឹកឆ្នោត នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​ស្ដីពី​ការបោះឆ្នោត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu