Ad Code

ជនរងគ្រោះ​ដោយ Novichok នឹកឃើញ​អំពី​សារធាតុ​ប្រេង​នៅក្នុង​ដប​ទឹកអប់



បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ ដែល​រង​ការ​បំពុល​ដោយសារ​ធាតុ Novichok បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា គាត់​មានសំណាង​ណាស់​ ដែល​នៅ​រស់​ បន្ទាប់ពី​បានផ្តល់​ដប​ទឹកអប់​មួយ​ ដែល​មាន​ភ្នាក់ងារ​បំផ្លាញ​សរសៃប្រសាទ​ទៅ​ឲ្យ​មិត្តស្រី​របស់​គាត់ ​ដែល​ក្រោយមក​បាន​ស្លាប់។

លោក Charlie Rowley អាយុ​៤៥​ឆ្នាំ​បាន​និយាយថា គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​គាត់​នៅរស់​បន្ទាប់ពី​បាន​កាន់​សារធាតុ​ប្រេង​នេះ​ប៉ុន្តែ​គាត់​នៅតែមាន​ទុក្ខសោក​ចំពោះ​ការស្លាប់​នៃ​ដៃគូ​របស់គាត់​ឈ្មោះ Dawn Sturgess អាយុ​៤៤​ឆ្នាំ​ដែលមាន​កូន​៣​នាក់​។​

អ្នក​ទាំង​ពីរបាន​ធ្លាក់ខ្លួន​ឈឺ​នៅ​ទីក្រុង Amesbury ជិត​ទីក្រុង Salisbury នៃ​ប្រទេស​អង់គ្លេស​ភាគ​អាគ្នេយ៍​ដែលជា​កន្លែង​អតីត​ចារកម្ម​រុស្ស៊ី​និង​កូនស្រី​របស់គាត់​ត្រូវបាន​បំពុល​ជាមួយ​សារធាតុ Novichok កាលពី​ខែមីនា​ប៉ុន្តែ​បាន​រួច​ជីវិត​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ITV News លោក Rowley បាន​និយាយថា គាត់​មិនអាច​ចាំបាន​ទេ​ថា​តើ​គាត់​បាន​រើស​ដប​ទឹកអប់​នៅ​កន្លែង​ណា​ប៉ុន្តែ​បាន​និយាយថា វា​នៅតែ​ស្ថិតនៅក្នុង​ប្រអប់​និង​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​។​

នៅពេលដែល​គាត់​បានផ្តល់​វា​ជា​អំណោយ​មួយ​ទៅ​ឲ្យ​នាង Sturgess, នាង​បាន​ស្គាល់​ដប​និង​ផលិតផល​នេះ​ថា​ជា​របស់​ប្រេន​ហើយ​បាន​បាញ់​វា​នៅ​លើក​.​ដៃ​របស់​នាង​។​
​ក្នុង​រយៈពេល​១៥​នាទី Dawn និយាយថា នាង​ឈឺក្បាល​ហើយ​នាង​បាន​ដួល​នៅក្នុង​បន្ទប់ទឹក​។​

លោក Rowley ក៏បាន​បាញ់​ខ្លះ​នៅលើ​ដៃ​របស់គាត់​ផងដែរ​ប៉ុន្តែ​បាន​លាង​វា​ចេញ​។ គាត់​បាន​និយាយថា “​វា​មាន​សារធាតុ​ប្រេង​ហើយ​ខ្ញុំ​បាន​ធុំក្លិន​វា វា​មិនមាន​ជា​ក្លិន​ទឹកអប់​ទេ​”​។​

អ្នក​ទាំងពីរ​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅថ្ងៃនោះ​គឺ​ថ្ងៃទី​៣០​ខែមិថុនា​។​
​ពីរ​បី​ថ្ងៃ​ក្រោយមក អាជ្ញាធរ​បានបញ្ជាក់​ថា ពួកគេ​បាន​ប៉ះ​ទៅនឹង​សារធាតុ Novichok ដែលជា​ភ្នាក់ងារ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ថ្នាក់​យោធា​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សហភាពសូវៀត​អំឡុង​សង្គ្រាមត្រជាក់​។​

នាង Sturgess បាន​ស្លាប់​នៅ​ថ្ងៃទី​៩​ខែកក្កដា​ចំណែក​លោក Rowley ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សុក្រ​។​

ប៉ូលិស​កំពុង​ចាត់ទុក​ការស្លាប់​របស់ Sturgess ថា​ជា​ករណី​ឃាតកម្ម​ហើយ​និយាយថា ការជាប់​ពាក់ព័ន្ធ​នឹង​ការបំពុល​លើ​លោក Sergei Skripal និង​កូនស្រី​របស់គាត់​ឈ្មោះ Yulia កាលពី​ថ្ងៃទី​៤​ខែមីនា​គឺជា​ចំណុច​សំខាន់​មួយ​នៃ​ការស៊ើបអង្កេត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu