Ad Code

ប៉ា​គី​ស្ថាន​ចាប់ផ្តើម​បោះឆ្នោត​បន្ទាប់ពី​យុទ្ធនា​ការឃោសនា​ត្រូវ​រំខាន​ដោយ​អំពើ​ហិង្សា



ប្រទេស​ប៉ា​គី​ស្ថាន​បានចាប់ផ្តើម​ធ្វើការ​បោះឆ្នោត​នៅក្នុង​ភាព​តានតឹង​ បន្ទាប់ពី​យុទ្ធនា​ការឃោសនា​ត្រូវបាន​រំខាន​ដោយ​ការចោទប្រកាន់​អំពី​ការ​ជ្រៀតជ្រែក​របស់​យោធា​និង​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ជា​បន្តបន្ទាប់​។ អតីត​កីឡា​ករគ្រី​ក​ឃី​ត World Cup លោក Imran Khan ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នកមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ទទួលបាន​ជ័យជម្នះ​។​

អ្នកយកការណ៍​របស់ AFP បាន​ឃើញថា អ្នកបោះឆ្នោត​ដំបូង​គេ​ដែល​បាន​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​នៅ​ទីក្រុង Lahore ភាគ​ខាងកើត​គឺជា​ស្ត្រី​ម្នាក់​។ អ្នកបោះឆ្នោត​ភេទ​ស្រី​ថ្មី​ជាង​៩​លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ប្រទេស​ដែល​បុរស​មានអំណាច​មួយ​នេះ​។​

ការបោះឆ្នោត​នេះ​មានន័យថា​ជាការ​ផ្លាស់ប្តូរ​អំណាច​តាមបែប​ប្រជាធិបតេយ្យ​ដ៏​កម្រ​មួយ​នៅក្នុង​ប្រទេស​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​យោធា​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ពាក់កណ្តាល​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

ប៉ុន្តែ​វា​ត្រូវបាន​គេ​ហៅថា​ជា “​ការបោះឆ្នោត​ក៏​កខ្វក់​បំផុត​” របស់​ប្រទេស​ប៉ា​គី​ស្ថាន​ដោយសារតែ​ការចោទប្រកាន់​ជាច្រើន​ពាក់ព័ន្ធ​ការ​បោសសម្អាត​មុនពេល​បោះឆ្នោត​ដោយ​កងកម្លាំងប្រដាប់អាវុធ​ដែល​គេ​ជឿថា លោក Khan ជា​អ្នកទទួលផល​។​

ប៉ូលិស​និង​កងកម្លាំង​យោធា​រហូត​ដល់​ទៅ​៨០០,០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ការិយាល័យ​បោះឆ្នោត​ជាង​៨៥,០០០​កន្លែង​ទូទាំងប្រទេស​មុន​ការបោះឆ្នោត​។​

នៅ​តំបន់ Bani Gala ជាយក្រុង​ឥ​ស្លា​ម៉ា​បាដ​, អ្នកសារព័ត៌មាន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​ដែលជា​កន្លែង​លោក Khan នឹងត្រូវ​បោះឆ្នោត​ខណៈដែល​នៅ​ទីក្រុង Lahore កងកម្លាំង​ប៉ូលិស​និង​យោធា​អាច​ត្រូវបាន​គេ​មើលឃើញ​មុនពេល​បើក​ការបោះឆ្នោត​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​មិន​ទំនងជា​បង្អាក់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង Lahore មួយ​ថ្ងៃមុន​ការបោះឆ្នោត​នោះទេ​។​

គួរ​បញ្ជាក់ថា ការបោះឆ្នោត​នេះ​គឺជា​ការប្រកួតប្រជែង​គ្នា​រវាង​គណបក្ស​ជិត​ផុត​អាណត្តិ Pakistan Muslim League-Nawaz (PML-N) របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Nawaz Sharif ជាមួយ​គណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan​។​

លោក Khan បានធ្វើ​យុទ្ធនា​ការឃោសនា​លើ​ការសន្យា​ប្រជា​និយម​ដើម្បី​កសាង “​ប៉ា​គី​ស្ថាន​ថ្មី​” ដោយ​ប្តេជ្ញា​លុបបំបាត់​អំពើពុករលួយ សម្អាត​បរិស្ថាន​និង​សាងសង់​រដ្ឋ “​សុខុមាលភាព​ឥស្លាម​” មួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu