Ad Code

ឱសថ​ជា​អាវុធ​មុខ​ពីរ​ ដែល​អាចធ្វើឱ្យ​មនុស្ស​ស្លាប់ បើសិនជា​យើង​ប្រើប្រាស់​វា​មិនបាន​ត្រឹមត្រូវ



ភ្នំពេញ ​៖​ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ឱសថ​ជា​អាវុធ​មុខ​ពីរ​ ដែល​អាច​ធ្វើឱ្យ​មនុស្ស​ស្លាប់ បើសិនជា​យើង​ប្រើប្រាស់​វា​មិនបាន​ត្រឹមត្រូវ ដោយ​ខ្វះ​ជំនាញ​ និង​ចំណេះដឹង​លើ​វិស័យ​សុខាភិបាល​នោះ។

ការ​បញ្ជាក់​បែបនេះ​របស់​លោក ឃួ​ង ស្រេង ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៥ ​ខែ​កក្កដា​ ឆ្នាំ​២០១៨ ខណៈ​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន​សម្រាប់​អ្នកលក់​ឱសថ​តាម​ឱសថស្ថាន​នានា​នៅ​រាជធានី​ភ្នំពេញ ចំនួន​៧០៣​នាក់ នៅ​មហោរស្រព​ចេនឡា ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា នៅ​រាជធានី​ភ្នំពេញ មាន​អ្នកលក់​ឱសថ មួយចំនួន​មិន​ទាន់​មាន​ចំណេះដឹង​គ្រប់គ្រាន់​នៅឡើយ ដែល​ទាមទារ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់ បង្កើន​ចំណេះដឹង​បន្ថែម​ពី​អ្នក​ពាក់ព័ន្ធ ព្រោះថា ឱសថ​ជា​អាវុធ​មុខ​ពីរ ប្រើប្រាស់​មិនត្រូវ វា​នឹង​ធ្វើឱ្យ​មនុស្ស​ស្លាប់​បាន​។​

លោក អភិបាល​បន្ត​ថា មនុស្ស​តែងតែមាន​ជំងឺ​ជៀស​មិន​ផុត ហើយ​ដើម្បី​ព្យាបាល​បើ​ទោះ​ជា​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​ក៏ដោយ ក៏​ត្រូវតែ​ចាយវាយ​ដែរ ដោយសារតែ ជឿជាក់​ទៅលើ​គ្រូពេទ្យ និង​ឱសថការី​ទាំងអស់ ដូច្នេះ​ដើម្បី​កុំឱ្យ​ប្រជាជន​អស់ជំនឿ​ទុកចិត្ត គប្បី​គ្រូពេទ្យ​និង​ឱសថការី​ត្រូវ​មាន​ជំនាញ​ពិតប្រាកដ​ និង​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​អាជីវកម្ម លើ​ផ្នែក​ឱសថ​នេះ ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជៀសវាង​អ្នកជំងឺ​ចាយ​លុយ​អស់ពី​ខ្លួន​ហើយ អស់ទាំង​អាយុជីវិត​ថែមទៀត នោះ។

លោក អភិបាល ក៏បាន​សុំឱ្យ​អ្នកលក់​ឱសថ​នៅ​កម្ពុជា​ទាំងអស់ យកចិត្តទុកដាក់​ពី​សុខភាព​ប្រជាជន ពិសេស អ្នកជំងឺ ដើម្បីឱ្យ​គាត់​ចំណាយ​ថវិកា ហើយ​ទទួល​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​ឡើងវិញ​។

លោក​អភិបាល​បន្ត​ថា ការ​ផ្តល់​នូវ​ការបណ្តុះបណ្តាល និង ការ​ប្រគល់​នូវ​វិញ្ញាបនបត្រ​នៅ​ថ្ងៃនេះ ក៏​ជាការ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ និង​បង្កើន​ចំណេះដឹង​លើ​ផ្នែក​ឱសថ ដើម្បី​ធានា​នូវ​គុណភាព សុវត្ថិភាព និង​សុខ​មាន​ល​ភាព​ប្រជាពលរដ្ឋ​។​

លោក ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន បាន​លើក​ឡើង​ថា សមាគម​អ្នកលក់​ឱសថ​កម្ពុជា សហការ​បច្ចេកទេស ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការ​គាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រសួងសុខាភិបាល បានរៀបចំ​ឱ្យ​មាន​ការ​បណ្តុះបណ្តាល មូលដ្ឋាន សម្រាប់​អ្នកលក់​ឱសថ តាម​ឱសថស្ថាន ដើម្បី​បង្កើន​នូវ​ចំណេះ ដឹង​ដល់​អ្នកលក់​ឱសថ ក្នុង​ការធានា បាន​នូវ គុណភាព ប្រសិទ្ធភាព និង សុខមាលភាព​ប្រជាពលរដ្ឋ​។​

លោក​បន្ត​ថា ការផ្តល់ជូន​ការបណ្តុះបណ្តាល​នេះ គឺជា​ការគិតគូរ ពី​សុវត្ថិភាព សុខភាព ប្រជាពលរដ្ឋ និង​ជា​ការ​បង្ការ​ហានិភ័យ​ជាយថាហេតុ​ដែល​ផ្តើមចេញពី​អ្នកលក់​គ្មាន​វិជ្ជាជីវៈ និង​ការប្រើប្រាស់​ឱសថ​។ លើស​ពីនេះ​ក៏​ជា​ការ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស បម្រើ​ឱ្យ​វិស័យ​សុខាភិបាល ក៏ដូចជា​ពង្រឹង​សេវាកម្ម​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ។ លើស​ពីនេះ ក៏​ជាការ​ពង្រឹងសមត្ថភាព ជំនាញ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដល់​អ្នកលក់​ឱសថ​ទាំងអស់ ទាំង​ចំណេះដឹង ចំណេះធ្វើ កម្រិត​មូលដ្ឋាន ដើម្បីឱ្យ​រាល់​ការលក់​ឱសថ​មានការ​ទទួលខុសត្រូវ និង​គិត​ពី​សុវត្ថិភាព សុខភាព​ប្រជាពលរដ្ឋ​។​

សូម​បញ្ជាក់​ថា សិក្ខាកាម​ ដែល​ជា​ឱសថការី បាន​ទទួល​ការ​បណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន នូវ​ចំណេះដឹង​ផ្នែក​ឱសថការី និង​ទទួល​វិញ្ញាបនបត្រ នៅ​ថ្ងៃនេះ​មាន​ចំនួន​៧០៣​នាក់ ក្នុង​នោះ​ស្រី​៤៤៣​នាក់។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​១០​ខែ គិត​ចាប់ពី​ថ្ងៃទី​៩​ ខែកញ្ញា​ ឆ្នាំ​២០១៧​រហូតដល់​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សមាគម​អ្នកលក់​ឱសថ​កម្ពុជា លើ​មុខវិជ្ជា វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu