Ad Code

ប្រទេស​ក្រិ​ក​កំពុង​កាន់ទុក្ខ​ ខណៈ​ភ្លើង​ឆេះ​ព្រៃ​ដ៏​រន្ធត់​បាន​សម្លាប់​មនុស្ស​៧៤​នាក់



ប្រទេស​ក្រិ​ក បាន​កាន់ទុក្ខ​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​ជួបប្រទះ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​នៅក្នុង​សតវត្ស​នេះ​។ មានការ​ភ័យខ្លាច​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ទៀត​ក្រោយពេល​អ្នកស្លាប់​គិត​មក​ត្រឹម​ពេលនេះ​មាន​យ៉ាងតិច​៧៤​នាក់​និង​១៨៧​នាក់​រងរបួស​។​

អគ្គិភ័យ​ដែល​បាន​ផ្ទុះឡើង​កាលពី​រសៀល​ថ្ងៃ​ចន្ទ​មួយ​នេះ​បាន​ដុត​ផ្ទះ​និង​ព្រៃឈើ​ដោយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ដែលមាន​ភាពភ័យខ្លាច​ត្រូវ​ភៀសខ្លួន​ទៅ​សមុទ្រ​ដើម្បី​សុវត្ថិភាព​ខណៈ​រថយន្ត​បាន​តម្រង់​ជួរ​នៅតាម​ដងផ្លូវ​ដែល​ពោរពេញ​ទៅដោយ​ផ្សែង​នៃ​ទីក្រុង​មាត់សមុទ្រ​ក្បែរ​ទីក្រុង​អា​តែ​ន​។​

លោកនាយក​រដ្ឋមន្ត្រី Alexis Tsipras ដែល​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​មួយ​ទៅ​ប្រទេស​បូ​ស្នៀ​រ​បាន​និយាយថា “​ថ្ងៃនេះ​ប្រទេស​ក្រិ​ក​កំពុងកាន់​ទុក្ខ​”​។ លោក​បានប្រកាស​ពី​ការ​កាន់​ទុក​រយៈពេល​បី​ថ្ងៃ​។​

ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រិ​កបាន​ហៅ​គ្រោះមហន្តរាយ​នេះ​ថា​ជា “​សោកនាដកម្ម​ជាតិ​”​។​
​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​មិនទាន់បាន​និយាយថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​គេ​ចាត់ទុកថា​បាត់​ខ្លួន​នោះទេ​ប៉ុន្តែ​ចំនួន​អ្នកស្លាប់​អាច​កើន​លើសពី​អគ្គិភ័យ​ដែល​បាន​វាយប្រហារ​កោះ Evia ភាគខាងត្បូង​ប្រទេស​ក្រិ​ក​កាលពី​ឆ្នាំ​២០០៧​ដែល​សម្លាប់​មនុស្ស​៧៧​នាក់ ។​

សេវា​អគ្គិភ័យ​បាន​និយាយថា ក្នុងចំណោម​មនុស្ស​សរុប​១៨៧​នាក់​ដែល​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​គឺមាន​៨២​នាក់​ដោយ​ក្នុងនោះ​ភាគច្រើន​ជា​កុមារ​គឺ​កំពុង​ទទួល​ការព្យាបាល​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ខណៈ​មាន​១០​នាក់​ស្ថិតក្នុង “​ស្ថានភាព​ធ្ងន់ធ្ងរ​”​។​

មនុស្ស​រាប់សិប​នាក់​ត្រូវបាន​លេប​ត្របាក់​ដោយ​អណ្តាតភ្លើង​នៅផ្ទះ​របស់​ពួកគេ​ឬ​ខណៈពេល​កំពុងធ្វើដំណើរ​ដោយ​ថ្មើរជើង​ឬ​នៅក្នុង​ឡាន​របស់​ពួកគេ​។ អ្នក​ថតរូប AFP បានឃើញ​សព​ដុត​ឆេះ​ខ្លោច​របស់​មនុស្ស​និង​សត្វ​ឆ្កែ​។​

សព​ឆេះ​ខ្លោច​របស់​មនុស្ស​ចំនួន​២៦​នាក់​រួមទាំង​កុមារ​តូចៗ​ផងដែរ​ត្រូវបាន​គេ​រកឃើញ​ក្នុង​វីឡា​មួយ​នៅ​រមណីយដ្ឋាន​មាត់សមុទ្រ Mati ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​អា​តែ​ន​។ នេះ​បើតាម​សម្តី​របស់​អ្នក​ជួយសង្គ្រោះ​ឈ្មោះ Vassilis Andriopoulos ។​

អ្នកនាំពាក្យ​សេវា​អគ្គិភ័យ​លោកស្រី Stavroula Maliri បាន​និយាយថា ក្រុម​ពន្លត់​អគ្គិភ័យ​នៅតែ​កំពុង​ស្វែងរក​ជនរងគ្រោះ​បន្ថែមទៀត​និង​បានទទួល​ការហៅ​ទូរស័ព្ទ​ជាច្រើន​ពី​អ្នក​ដែល​ស្វែងរក​សាច់ញាតិ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu