Ad Code

បើក​ភ្នែក​ភ្លាម​ បាន​ការងារ​កើប​បេតុង​ ដែល​កំពប់​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ទាំង​ព្រលឹម



ភ្នំពេញ ​៖ ​មន្ត្រី​សាលាសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​និយាយ​ថា​ នៅ​ព្រឹក​ព្រលឹម​ស្រាងៗ ​ថ្ងៃទី​២៥​ខែ​កក្កដា​នេះ ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ​បាន​ចុះទៅ​កើប​បេតុង​ដែល​កំពប់​លើ​ទ្រូង​ស្ពាន​ព្រះមុនីវង្ស​ចាស់​ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​ដែល​បេតុង​ ដែល​កំពប់​នេះ​គឺ​ត្រូវបាន​សាក្សី​ឃើញ​រថយន្ត​ក្រឡុក​​ស៊ីម៉ងត៍​មក​ខូច​ម៉ា​ស៊ីន ​ហើយ​កំពប់​ជ្រុះ​មុន​ពេល​ដំណើរ​ការ​បន្ត។

លោក​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃទី​២៥​ ខែកក្កដា ​នេះ​ពិត​ជា​មាន​រថយន្ត​ក្រឡុក​​ស៊ីម៉ងត៍​មក​ខូច​ ហើយ​កំពប់​ជ្រុះ​បេតុង​លើ​ទ្រូង​ស្ពាន​ព្រះមុនីវង្ស​ចាស់​ដែល​តម្រូវ​ឲ្យ​កម្លាំង​ប្រជា​ការពារ​សង្កា​ត់​របស់​លោក​ចេញទៅ​ប្រមូល​កើប​យកចេញ​ចំនួន​៥​ការុង​។​

លោក​ចៅ​សង្កាត់​បន្ត​ថា ​បើសិន​ទុកចោល​ ហើយ​មិន​កើប​ចេញ​បាន​ទាន់ពេល​ទេ​នោះ​ អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាមិនខាន។ នេះ​ពុំ​មែន​ជា​លើក​ទី​១​នោះ​ទេ​ គឺ​កើតមាន​ជាច្រើនលើក​ច្រើនសា​ណាស់​ ដែល​បង្កឡើង​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ខូច​ពេល​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ ហើយ​ពេលខ្លះ​គឺ​រថយន្ត​ដឹក​ខ្សាច់​សើម ​ដែល​ខូច​លើ​ស្ពាន​ក៏បាន​ហូរ​ខ្សាច់​ចេញពី​រថយន្ត​ពេញ​លើ​ស្ពាន​ទៀតផង។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​ខាងលើនេះ​ លោក​វរសេនីយ៍ឯក​សារ៉ន អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ទទួលស្គាល់ថា ​ពិត​ជា​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​​​ខូច​ ហើយ​កំពប់​បេតុង​លើ​ស្ពាន ​តែ​ម្ចាស់​រថយន្ត​មិនបាន​កើប​ចេញ​ទេ ​គឺ​បន្តដំណើរ​ទៅមុខ​ដែល​ករណីនេះ​នគរបាល​នឹង​ស្រាវជ្រាវ​រក​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​ ដែល​កំពប់​លើ​ស្ពាន​ឲ្យ​មក​ទទួលខុសត្រូវ​ព្រោះ​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដំណើរ​អាច​ជួប​គ្រោះថ្នាក់​ដល់​អាយុ​មនុស្ស​ទៀតផង​។​

លោក​អធិការ​រង​បានស្នើរ​ឲ្យ​អ្នកបើកបរ​រថយន្ត​ត្រូវ​ពិនិត្យមើល​ម៉ា​ស៊ីន និង​កង់​មុនពេល​ចេញដំណើរ​ចៀសវាង​ខូច​លើ​កំណាត់​ស្ពាន​ឬ​តាម​ដងផ្លូវ​បង្ក​ឲ្យ​ផលប៉ះពាល់​ដល់​អ្នកដំណើរ​​ខ្លាំង​ណាស់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu